សហរដ្ឋអាមេរិក ៖ យោងតាមការចុះផ្សាយរបស់កាសែត New York Times កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានទម្លាយថា គោលដៅដំបូងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ គឺដើម្បីផ្លាស់ប្តូររបបដឹកនាំប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ដោយគ្រោងដំឡើងអតីតប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនេយ៉ាដ (Mahmoud Ahmadinejad) ឱ្យឡើងកាន់អំណាចជាមេដឹកនាំថ្មី ប៉ុន្តែផែនការនោះទទួលរងបរាជ័យ។
ប្រភពដដែលបានបន្តថា ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនោះ លោកប្រធានាធិបតី ត្រាំ បានថ្លែងជាសាធារណៈអំពីការចង់ឱ្យនរណាម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីឡើងមកដឹកនាំប្រទេសនេះ។ ជម្រើសស្នូលដែលមិននឹកស្មានដល់នោះ គឺការចុចឈ្មោះលោក ម៉ាមូដ ដែលជាអតីតប្រធានាធិបតីអ៊ីរ៉ង់និយមជ្រុលអំឡុងឆ្នាំ ២០០៥-២០១៣ និងធ្លាប់មានប្រវត្តិប្រឆាំងដ៏ខ្លាំងក្លា និងចង់កម្ទេចប្រទេសអ៊ីស្រាអែលឱ្យរលាយពីលើផែនទីថែមទៀតផង។
ដោយស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលត្រូវបានជូនដំណឹងអំពីផែនការដ៏មុតមាំមួយនេះ កាសែត New York Times បានរាយការណ៍ថា អ្វីៗមិនដូចការគ្រោងទុក ផែនការបានរងបរាជ័យភ្លាមៗតាំងពីថ្ងៃដំបូង ហើយទីតាំងពិតប្រាក និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោក ម៉ាមូដ មិនត្រូវបាននរណាដឹងចាប់តាំងពីពេលនោះមក។
ដើមចមនៃហេតុផលដែលលោក ម៉ាមូដ ជាជ្រើសរើសដ៏សំខាន់របស់អាមេរិកនោះ កើតឡើងដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានទំនាស់យ៉ាងខ្លាំងជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ព្រមទាំងត្រូវបានឃុំខ្លួនក្នុងផ្ទះ និងរារាំងមិនឱ្យចូលរួមការបោះឆ្នោតប្រធានាធិបតីថែមទៀតផង។
នៅថ្ងៃដំបូងនៃសង្គ្រាមនៅអ៊ីរ៉ង់ អ៊ីស្រាអែលបានព្យាយាមបើកការវាយប្រហារផ្លូវអាកាស លើប៉ុស្តិ៍ការពារដ៏តឹងរ៉ឹងនៅមុខផ្ទះលោក ម៉ាមូដ ក្នុងទីក្រុងតេអេរ៉ង់ ក្នុងបំណងជួយរំដោះលោកចេញពីការឃុំខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែកនោះបានធ្វើឱ្យលោករងរបួស។ ក្រោយមក លោកមានការខកចិត្ត និងបាត់បង់ទំនុកចិត្តលើផែនការផ្លាស់ប្តូររបបនេះ ហើយលោកមិនត្រូវបានគេរកឃើញ ចាប់តាំងពីពេលនោះមក។
កាសែត New York Times បានរាយការណ៍ថា ខ្លួនបានទទួលការបញ្ជាក់ពីសហការីម្នាក់របស់លោក ម៉ាមូដ ថា ការវាយប្រហារតាមផ្លូវអាកាសនោះ គឺជាការប៉ុនប៉ងដើម្បីរំដោះលោកចេញពីការឃុំខ្លួនប្រាកដមែន។ សហការីមិនត្រូវបានបញ្ចេញឈ្មោះដដែលរូបនេះ បានបន្ថែមថា អាមេរិកជឿថា លោក ម៉ាមូដ អាចដឹកនាំប្រទេសអ៊ីរ៉ង់ និងមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនយោបាយ សង្គម និងយោធា។
New York Times ក៏បានរំលេចបន្ថែមថា លោក ម៉ាមូដ កាន់តែមានជម្លោះខ្លាំងជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ដោយលោកបានចោទប្រកាន់របបអ៊ីរ៉ង់ពីបទពុករលួយ ជាលទ្ធផល លោកត្រូវបានដកសិទ្ធិពីការបោះឆ្នោតប្រធានាធិបតីជាច្រើនលើក ជំនួយការរបស់លោកត្រូវបានចាប់ខ្លួន ហើយចលនារបស់លោកស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីអាជ្ញាធរអ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ បណ្តាមនុស្សជំនិតនឹងលោកក៏ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជិតស្និទ្ធពេកជាមួយលោកខាងលិច ឬសូម្បីតែជាចារកម្មឱ្យអ៊ីស្រាអែល៕


ចែករំលែកព័តមាននេះ