ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹងត្រែងចាប់ផ្ដើមផលិតវត្ថុធាតុដើមសូត្រធម្ម​ជាតិ ក្នុងស្រុកបុរីអូស្វាយសែនជ័យ

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កំពុង​បោះ​ជំហាន​ទៅ​រក​របត់​ថ្មី​មួយទៀត តាម​រយៈ​ការ​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ដាំ​ដើម​មន និង​ចិញ្ចឹម​ដង្កូវនាង ដើម្បី​ផលិត​ជា​សូត្រ​សម្រាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ យោង​តាម​ប្រសាសន៍​របស់ លោក ទុំ នី​រ៉ូ…

ខេត្តស្ទឹងត្រែង​ ៖ កំពុង​បោះ​ជំហាន​ទៅ​រក​របត់​ថ្មី​មួយទៀត តាម​រយៈ​ការ​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ដាំ​ដើម​មន និង​ចិញ្ចឹម​ដង្កូវនាង ដើម្បី​ផលិត​ជា​សូត្រ​សម្រាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

យោង​តាម​ប្រសាសន៍​របស់ លោក ទុំ នី​រ៉ូ ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី២១ ឧសភា ឆ្នាំ២០២៦ នេះ ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​កសិកម្ម«ហ័​ង​អញវៀតណាម» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ បាន​និង​កំពុង​​អនុវត្ត​គម្រោង​ដាំ​ដុះ​ដើម​មន​យក​ស្លឹក​ស​ម្រាប់​ធ្វើ​ជា​ចំណី​ដង្កូវនាង ក្នុង​គោលបំណង​ផលិត​ជា​សូត្រ​ធម្មជាតិ​ ។

លោក​ប្រធាន​មន្ទីរ​បាន​គូសបញ្ជាក់​ថា​ «​បច្ចុប្បន្ន ខ្សែ​ច្រវាក់​ផលិតកម្ម​នេះ ​ស្ថិត​ក្នុង​ដំណាក់កាល​ផលិត​វត្ថុធាតុដើម​នៅឡើយ ដោយសារ​ខេត្តស្ទឹងត្រែង​មិនទាន់​មាន​រោងចក្រ​កែ​ច្នៃ​ផ្ទាល់ ​។ ផលិតផល​សូត្រ​ដែល​ប្រមូល​បាន​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​រោងចក្រ​កែ​ច្នៃ​របស់​ក្រុមហ៊ុន ស្ថិត​នៅ​ក្នុង​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀត​ណាម ដើម្បី​ផលិត​ជា​សរសៃសូត្រ​សម្រេច រួច​បន្ត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ គឺ​ប្រទេស​ឥណ្ឌា» ។

លោក​ប្រធាន​មន្ទីរ​បន្ថែម​ថា​ ​ពាក់ព័ន្ធ​នឹង​ឱកាស​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ក្នុងស្រុក តាម​
រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ខេត្ត លោក​អភិបាល​ខេត្តស្ទឹងត្រែង បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ពិចារណា​បើក​រោងចក្រ​កែ​ច្នៃ​សរសៃសូត្រ​នេះ​ផ្ទាល់​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ​។

ជា​ការ​ឆ្លើយ​តប តំណាង​ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​បង្កើត​រោងចក្រ​កែ​ច្នៃ​នា​ពេល​អនា​គត​នៅ​ពេល​ណា​ដែល​ទិន្នផល​ដាំ​ដុះ និង​ការ​ផលិត​សូត្រ​កើនឡើង​ដល់​កម្រិត​មួយ​ដែល​អាច​​ផ្គត់ផ្គង់​ខ្សែ​សង្វា​ក់​រោងចក្រ​បាន​ថេរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ