ខេត្តសៀមរាប ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី២២ និងទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះនឹងត្រូវរៀបចំនៅថ្ងៃទី២២ ខែឧសភា ក្នុងបរិវេណវត្ត អារញ្ញគីរីមុនីសុខុម ហៅវត្តស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ និងនៅថ្ងៃទី២៣ ខែឧសភា នៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកបន្តថា វេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង ។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានបំណងស្វែងរកការងារធ្វើសូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ ក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ