ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ព្រះរាជ​សុខភាព​បុត្រី​ច្បង​ស្តេច​ថៃ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង ដោយ​ការ​ឆ្លង​មេរោគ​លើ​សរីរាង្គ​ជា​ច្រើន

1 ម៉ោង មុន

ទីក្រុង​បាងកក ៖ បើ​យោង​តាម​ព្រះ​បរមរាជវាំង​ថៃ​បាន​ប្រកាស​ថា ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី Bajrakitiyabha ព្រះរាជ​បុត្រី​ច្បង​របស់​ព្រះមហាក្សត្រ​ថៃ​រា​មា​ទី ១០ Maha Vajiralongkorn បាន​ធ្លាក់​ចុះ​ខ្សោយ​ខ្លាំង…

ទីក្រុង​បាងកក ៖ បើ​យោង​តាម​ព្រះ​បរមរាជវាំង​ថៃ​បាន​ប្រកាស​ថា ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី Bajrakitiyabha ព្រះរាជ​បុត្រី​ច្បង​របស់​ព្រះមហាក្សត្រ​ថៃ​រា​មា​ទី ១០ Maha Vajiralongkorn បាន​ធ្លាក់​ចុះ​ខ្សោយ​ខ្លាំង ដោយសារ​តែ​ការ​ឆ្លង​មេរោគ​លើ​សរីរាង្គ​ជា​ច្រើន និង​មិន​អាច​គ្រប់គ្រង​ចង្វាក់បេះដូង​ឱ្យ​មាន​លំនឹង​បាន​ឡើយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង CNA (Channel News Asia) បាន​ចេញផ្សាយ ។

សេចក្តីថ្លែងការណ៍​ពី​ព្រះ​បរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ព្យាបាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ គ្រូពេទ្យ​បាន​រក​ឃើញ​ការ​ឆ្លង​មេរោគ​ក្រពះ​ដែល​នាំ​ឱ្យ​មានការ​រលាក​ក្នុង​ពោះវៀនធំ​របស់​ព្រះ​នាង​នៅ​ក្នុង​ខែមេសា បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​ចង្វាក់បេះដូង​មិន​ទៀងទាត់​។

សេចក្តីថ្លែងការណ៍​បន្ត​ថា មុខងារ​សួត និង​តម្រងនោម​របស់​ព្រះ​នាង​កំពុង​ត្រូវ​បាន​គាំទ្រ​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ និង​ថ្នាំពេទ្យ ប៉ុន្តែ​សុខភាព​ទ្រង់​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ខ្សោយ ហើយ​គ្រូពេទ្យ​នឹង​បន្ត​តាមដាន​ស្ថានភាព​ទ្រង់​យ៉ាង​ដិត​ដល់ និង​ផ្តល់​ការ​ព្យាបាល​បន្ថែម​ទៀត​។ ដ្បិត​ស្ថានភាព​របស់​ព្រះ​នាង​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ៗ ការ​ឆ្លង​មេរោគ​បាន​ក្លាយជា​មិន​អាច​គ្រប់គ្រង​បាន និង​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​។

គួរ​រំលឹក​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី Bajrakitiyabha ដែល​បច្ចុប្បន្ន​ឈាន​ដល់​ព្រះ​ជន្ម ៤៧ ព្រះ​វស្សា បាន​ដួល​សន្លប់ អំឡុង​ពេល​ហ្វឹកហាត់​សត្វ​ឆ្កែ​យោធា​មួយ​ក្បាល កាលពី​ខែធ្នូ ឆ្នាំ​២០២២ ដោយ​ព្រះ​បរមរាជវាំង​បញ្ជាក់​ថា បណ្តាល​មក​ពី​បញ្ហា​បេះដូង ហើយ​ព្រះ​នាង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​មិនដឹង​ព្រះ​កាយ ចាប់តាំងពី​ពេល​នោះ​មក​។

ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ដែល​បាន​សិក្សា​នៅ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ មួយ​អង្គ​នេះ ធ្លាប់​បាន​កាន់​តំណែង​ជា​ច្រើន​ជាមួយ​អង្គការសហប្រជាជាតិ (UN) និង​បាន​ធ្វើ​យុទ្ធនាការ ដើម្បី​ព្យាបាល​ស្ត្រី​ក្នុង​ពន្ធនាគារ​ឱ្យ​បាន​ប្រសើរ​ឡើង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ