គ្រួសារមេឃុំអូរបីជាន់ កើតរឿងមិនចេះចប់ រហូតដល់លក់ដីខ្យល់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមេឃុំអូរបីជាន់ កើតរឿងមិនចេះចប់ក្រោយជួលទីតាំងបទល្មើសអនឡាញស្កេម ប្រពលរដ្ឋជាង ២០០នាក់តវ៉ារឿងលក់ដីឡូតិ៍គ្មានប្លង់ដែលកើតឡើងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
គួររំលឹកថា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ នៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមនេះរឹបអូសបានសម្ភារជាច្រើននៅពេលដែលជនបរទេសបានរត់គេចខ្លួនអស់ ដែលស្គាល់ថា ទីតាំងជារបស់លោក តុល សារិន (ហៅខ្លឹង) មេឃុំអូរបីជាន់ និងឈ្មោះ ពៅ វណ្ណា (ជាប្រពន្ធ) តែលោកមេឃុំបដិសេធថា ដីត្រូវបានដោះដូរជាមួយចិនហើយតែគ្មានឯកសារបង្ហាញជាក់លាក់ឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋជាង ២០០នាក់តំណាងប្រជាពលរដ្ឋជាង ៨០០នាក់បាននាំគ្នាដង្ហែក្បួន មានបដា និងពាក្យស្លោក បានចេញពីវត្តផ្សារកណ្តាល ដើរតាមដងផ្លូវជាតិលេខ ៥ ទិសដៅចេញមកសាលាក្រុងប៉ោយប៉ែត ដើម្បីឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សុំអន្តរាគមន៍ជួយដោះស្រាយជូនរឿងលោកស្រី ពៅ វណ្ណា ម្ចាស់ដីឡូតិ៍ដែលជាប្រពន្ធលោក តុល សារិន ហៅខ្លឹង ជាមេឃុំអូរបីជាន់ ដែលលក់ដីខ្យល់អោយហើយគ្មានប្លង់កម្មសិទ្ធិ ។
ប្រជាពលរដ្ឋសុំអោយថ្នាក់ដឹកនាំមានចំណាត់ការចំពោះគ្រួសារលោក តុល សារិន ហៅខ្លឹង មេឃុំអូរបីជាន់ និងលោកស្រី ពៅ វណ្ណា ដែលហ៊ានផ្តល់ទីតាំងបទល្មើសអនឡាញស្កេម និងហ៊ានលក់ដីខ្យល់ដែលគ្មានប្លង់អោយប្រជាពលរដ្ឋជួបការលំបាកទើបនាំគ្នាតវ៉ាសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕













ចែករំលែកព័តមាននេះ