សង្គ្រាមអ៊ុយក្រែន ៖ តាមរយៈសេចក្ដិថ្លែងការណ៍មួយផ្សាយតាមបណ្ដាញសង្គមX កាលពីថ្ងៃទី២០ ឧសភា ហើយដកស្រង់ផ្សាយដោយកាសែតអង់គ្លេស THE GUARDIAN ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រីURSULA VON DER LEYEN មានប្រតិកម្មតបចំពោះការចោទប្រកាន់របស់រុស្ស៊ីដែលថា បណ្ដាប្រទេសនៅតំបន់បាល់ទិក ត្រូវបានប្រើជាមូលដ្ឋានរបស់ដ្រូនអ៊ុយក្រែនចេញទៅវាយប្រហាររុស្ស៊ី ។

លោកស្រីចាត់ទុកការចោទប្រកាន់នេះថា ជាការគំរាមជាសាធារណៈមួយចំពោះបណ្ដាប្រទេសនៅតំបន់នោះ និងចាត់ទុកការចោទប្រកាន់នេះថា មិនអាចទទួលយកបានទាំងស្រុង ។ លោកស្រីបន្តថា គ្មានការសង្ស័យណាមួយឡើយថា នោះជាការគំរាមកំហែងប្រឆាំងសមាជិកអូតង់មួយនិងជាការគំរាមកំហែងដល់អូតង់របស់យើងទាំងមូល។ អឺរ៉ុបនឹងមានប្រតិកម្មជាឯកច្ឆេទនិងយ៉ាងម៉ឺងម៉ា់ត់។ យើងនឹងបន្តពង្រឹងសន្តិសុខនៅចង្កេះខាងកើតរបស់យើង ដោយសារកិច្ចការពាររួមដ៏រឹងមាំមួយនិងរៀបចំក្នុងគ្រប់កម្រិត។
ថ្ងៃទី២០ ឧសភា នោះ ពេលអ្នកកាសែតរុស្ស៊ីម្នាក់សួរលោកពីការវាយប្រហាររបស់ដ្រូនអ៊ុយក្រែនក្នុងដែនដីរុស្ស៊ីសន្មត់ថា ហោះមកពីប្រទេសនៅបាល់ទិក អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីឌ្រីប៉េស្កូវឆ្លើយថាវាបែបនោះមែន។ លោកថា រឿងនោះកើតមានប្រាកដ ហើយបណ្ដាផ្នែកមានសមត្ថកិច្ចរបស់យើងពិសេសកងទ័ពយើង កំពុងតាមដានសភាពការណ៍យ៉ាងប្រកិត និងរៀបចំការឆ្លើយតបចាំបាច់វិញរបស់ប្រទេសយើង។
កាសែតមូស្គូថែមរបស់រុស្ស៊ីរំឭកថា នោះជារឿងរសើបមួយសម្រាប់ក្រុងមូស្គូ ហើយសេចក្ដីថ្លែងការណ៍កាលពីថ្ងៃ២០ ឧសភា មិនមែនជារឿងដាច់ដោយឡែកមួយឡើយ ព្រោះការព្រមាននោះកើតមានបន្ទាប់ពីភ្នាក់ងារស៊ើបការណ៍ក្រៅប្រទេសរុស្ស៊ី ចេញការគំរាមមួយចំពោះប្រទេសឡេតូនី។
ភ្នាក់ងារនោះ ធ្លាប់បានលើកឡើងថា ការចូលអូតង់របស់ឡេតូនីនឹងមិនអាចការពារប្រទេសនេះបានពីការសងសឹករបស់រុស្ស៊ីឡើយ ព្រោះតែប្រទេះនេះ អនុញ្ញាតឲ្យអ៊ុយក្រែន បញ្ចេញដ្រូនពីដែនដីខ្លួនទៅវាយប្រហារដែនដីរុស្ស៊ី ៕
ចែករំលែកព័តមាននេះ