ប្រទេសវៀតណាម ៖ តុលាការប្រជាជនទីក្រុងហាណូយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះជាលើកដំបូងលើអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ង្វៀន ធី គីម ទៀន (Nguyen Thi Kim Tien) និងជនជាប់ចោទចំនួន ៩ នាក់ផ្សេងទៀតពីបទរំលោភបំពានទាក់ទងនឹងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនៅក្រសួងសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បង្កការខាតបង់ និងខ្ជះខ្ជាយយ៉ាងធ្ងន់ធ្ងរដល់ថវិការដ្ឋសរុបជាង ៨០៣ ពាន់លានដុង ឬជាង ៣០ លានដុល្លារអាមេរិក ដោយសវនាការនេះ ត្រូវបានរំពឹងថានឹងមានរយៈពេល១សប្តាហ៍។ នេះបើតាមប្រភពពី VnExpress និង ANN (Asia News Network) បានចេញផ្សាយ។
រួមជាមួយលោកស្រី ទៀន មនុស្ស ៦នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីក្រសួង និងអ្នកជំនួញម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បង្កការខាតបង់ និងខ្ជះខ្ជាយ។ ចំណែកជនជាប់ចោទ ៣នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទរំលោភបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បង្កការខាតបង់ និងខ្ជះខ្ជាយ រួមទាំងទទួលសំណូក និងកេងប្រវ័ញ្ចផងដែរ។
ការចោទប្រកាន់នេះ ឆ្លុះបញ្ចាំងពីសំណុំរឿងពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវដ៏ធំមួយនៅក្នុងក្រសួងសុខាភិបាលវៀតណាម ពាក់ព័ន្ធនឹងគម្រោងសាងសង់អគារសិក្សាទី២ នៅមន្ទីរពេទ្យធំៗចំនួន ២ គឺ មន្ទីរពេទ្យបាចម៉ៃ (Bach Mai) និងមន្ទីរពេទ្យសាកលវិទ្យាល័យវៀតឌឹក (Viet Duc)។ បើទោះបីជានាយករដ្ឋមន្ត្រីមិនទាន់បានអនុម័តលើការជួលទីប្រឹក្សាបរទេស សម្រាប់ការរៀបចំគម្រោង ការរចនាប្លង់បច្ចេកទេស និងសំណង់ក៏ដោយ ក៏លោក ង្វៀន ឈៀនថាង (Nguyen Chien Thang) ដែលជាអតីតប្រធានក្រុមប្រឹក្សាគ្រប់គ្រងគម្រោងវេជ្ជសាស្ត្រគន្លឹះ នៅតែហ៊ានចុះហត្ថលេខាលើសំណើនានា ដើម្បីឱ្យលោកស្រី ទៀន ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមានការចូលរួមពីក្រុមប្រឹក្សាបរទេស និងអនុម័តលើផែនការជ្រើសរើសការរចនាស្ថាបត្យកម្ម។
ការសម្រេចចិត្តខុសឆ្គង និងការគ្រប់គ្រងមិនត្រឹមត្រូវនៅក្នុងគម្រោងទាំងនេះ បានបង្កឱ្យមានការខាតបង់ដល់ថវិការដ្ឋសរុបជាង ៨០៣ ពាន់លានដុង ឬជាង ៣០លានដុល្លារអាមេរិក។ ភាពមិនប្រក្រតីទាំងនេះ ក៏បានបណ្តាលឱ្យគម្រោងសាងសង់ ត្រូវអូសបន្លាយពេលជាច្រើនឆ្នាំ និងត្រូវបង្ខំចិត្តផ្អាកជាបណ្តោះអាសន្នផងដែរ៕

ចែករំលែកព័តមាននេះ