ខេត្តតាកែវ ៖ អ្នកបង្ហោះម៉ូតូធំម្នាក់ នៅតាមផ្លូវជាតិក្នុងទឹកដីខេត្តតាកែវ បានទទួលរងប្រតិកម្មច្រើនពីមហាជន ហើយនៅពេលនេះ ត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ ។

នេះអាចជាលើកដំបូងហើយ ដែលមានការបង្ហោះម៉ូតូធំ ដែលមុននេះ គេធ្លាប់ឃើញតែក្រុមក្មេងទំនើងបាននាំគ្នាបង្ហោះម៉ូតូ ។ ដោយឡែក ម៉ូតូធំដែលគេឃើញបង្ហោះនេះ មានតែក្នុងទីប្រណាំងម៉ូតូជាផ្លូវការរបស់បរទេសតែប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើកម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមឃាត់ខ្លួនយកមកសួរនាំហើយតាំងពីម្សិលមិញមកម្ល៉េះ ។

សម្រាប់បុគ្គលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារម៉ូតូអត់ពន្ធ ម៉ូតូអត់ផ្លាកលេខ និងគ្មានបណ្ណបើកបរ រួមជាមួយការបង្ហោះម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវទៀត ។
អ្នកបង្ហោះម៉ូតូធំម្នាក់នេះឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ ជាអ្នកលក់រថយន្ត រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

នៅរសៀលថ្ងៃដដែលនេះ តាមប្រភពពីស្នងការនគរបាលបានឱ្យដឹងថា ករណីនេះកំពុងត្រូវបាន
កសាងសំណុំរឿងបញ្ជូនទៅតុលាការ តែរហូតមកដល់ល្ងាចថ្ងៃដដែលមិនទាន់ដឹងថា អ្នកបង្ហោះម៉ូតូធំរូបនេះ ត្រូវបានឃុំខ្លួនឬបែបណានៅឡើយទេ ។ ប្រសិនមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្រទៀត ៕

ចែករំលែកព័តមាននេះ