រាជធានីភ្នំពេញ ៖ ចង្ក្រានហ្គាស់នៅផ្ទះបាយក្នុងលំនៅដ្ឋានមួយកន្លែង ខណៈដែលម្ចាស់កំពុងដាំស្លសុខៗ ស្រាប់តែមានការឆាបឆេះក្លាយជាអណ្ដាតភ្លើងសន្ធោសន្ធៅ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់អស់១រថយន្ត ទើបរលត់ទៅវិញទាំងស្រុង ប៉ុន្តែចង្ក្រានហ្គាស់នោះ ព្រមទាំងសម្ភារៈផ្ទះបាយ និងផ្ទះបាយនោះបានរងខូចខាត ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នំ២០២៦ នៅក្នុងបុរីហុង ឡាយ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា ចង្ក្រានហ្គាស់ដែលមានការឆាបឆេះនោះជាប្រភេទចង្ក្រានធំនិងប្រើធុងហ្គាស់ធំចំណុះជាង១០គីឡូក្រាម វាពុំមែនជាប្រភេទកំប៉ុងហ្គាស់តូចៗនោះទេ ហើយការឆេះនេះពុំមានបណ្ដាលមកពីការផ្ទុះធុងហ្គាស់នោះឡើយ ។ ដោយនៅមុនពេលហេតុខណៈដែលម្ចាស់ផ្ទះកំពុងដាំស្លសុខៗ ស្រាប់តែភ្លើងបានឆាបឆេះចង្ក្រានសន្ធោសន្ធៅតែម្ដង ដោយពុំដឹងថាមានលេចធ្លាយហ្គាស់ត្រង់កន្លែងណា ឬមានមូលហេតុអ្វីផ្សេងនោះទេ ។ ភ្លាមៗនោះម្ចាស់ផ្ទះបានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយពន្លត់ភ្លើងដែរតែពន្លត់អត់ឈ្នះ ទើបរាយការណ៍ទៅកាន់អាជ្ញាធរសុំឲ្យជួយ ។
ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ចោមចៅទី២ បានចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យឲ្យទៅជួយពន្លត់ភ្លើង ។ ខណៈនោះបានឃើញមានរថយន្តពន្លត់អគ្គិភ័យទៅដល់ជាបន្តបន្ទាប់ ហើយក្រោយពេលបាញ់ទឹកពន្លត់អស់១រថយន្តភ្លើងនោះក៏រលត់ទៅវិញទាំងស្រុង មិនឆេះរាលចេញពីផ្ទះបាយ ចូលទៅដល់ក្នុងផ្ទះល្វែងនៅខាងមុខនោះឡើយ ។
ក្រោយពន្លត់ចប់សព្វគ្រប់ឃើញថាផ្ទះបាយនោះរងការខូចខាតយ៉ាងដំណំ ចំណែកចង្ក្រានហ្គាស់ រួមទាំងសម្ភារៈផ្ទះបាយទាំងប៉ុន្មានបានរងការខូចខាតទាំងស្រុង ប៉ុន្តែមិនបានបណ្ដាលឲ្យម្ចាស់ផ្ទះខាងលើរងរបួសនោះទេ ៕



ចែករំលែកព័តមាននេះ