ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោកស្នងការ​រង​ខេត្តបន្ទាយមានជ័យ ​សង្ស័យ​បើកឡាន​បុ.ក​មនុស្ស​ស្លាប់​០៦​នាក់ ​មិន​ចូលខ្លួន​បំភ្លឺ​តាម​លិខិត​អ​ញ្ជើញ​ទេ

19 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖​ យោង​«​សេចក្ដី​ប្រកាស​ព័​ត៌​មាន»​គ្មាន​លេខ​… គ្មាន​ហត្ថលេខា​…  ដែល​គេ​​អះអាង​ថា  ចេញ​ដោយ«​អ្នកនាំពាក្យ»​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រកាស​​នៅ​ថ្ងៃ​ទី​០១ ​មេ​សា នេះ​ ជា​សាធារណៈ​ថា…

ខេត្តបាត់ដំបង ​៖​ យោង​«​សេចក្ដី​ប្រកាស​ព័​ត៌​មាន»​គ្មាន​លេខ​… គ្មាន​ហត្ថលេខា​…  ដែល​គេ​​អះអាង​ថា  ចេញ​ដោយ«​អ្នកនាំពាក្យ»​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រកាស​​នៅ​ថ្ងៃ​ទី​០១ ​មេ​សា នេះ​ ជា​សាធារណៈ​ថា «ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ភេទ​ប្រុស  ជា​អ្នក​បើករថយន្ត​បង្ក​គ្រោះថ្នាក់​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​​មោង​ប្ញ​ស្សី  ប​ណ្តាល​​ឱ្យ​ស្លាប់​ជន​រង​គ្រោះ​ចំនួន​០៥​នាក់​នោះ មិន​បាន​ចូលខ្លួន​តាម​ការ​​កោះហៅ​របស់​សមត្ថកិច្ច​នៅឡើយ​ទេ» ​។ សូមរំលឹកថា៖ ក្បូន​ដង្ហែ​សាកសព​០៦​នាក់​រួម​គ្នា​ឆ្ពោះទៅ​ទី​មេន​​បូជា ​ក្រោម​តំណក់ទឹកភ្នែក​ដ៏​សោកសៅ​នៃ​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ជូន​ដំណើរ​ចុង​ក្រោយ

​សេចក្ដី​ប្រកាស​ព័​ត៌​មាន​របស់​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នេះ​មិន​បាន​បញ្ជាក់​​ពី​មូលហេតុ ដែល​ជនសង្ស័យ​ដ៏​មហា​ប្រល័យ​លើ​ដងផ្លូវ​នោះ  មិន​ព្រម​ចូលខ្លួន​បំភ្លឺ ឬ​បង្ហាញ​ពី​គោល​ការ​ណ៍​​បន្ត ត្រូវ​ចាត់ការ​បែប​ណា​នោះ​ទេ  លោក​អ្នកនាំពាក្យ​គ្រាន់​​តែ​ប្រាប់​​ឲ្យ​សាធារណៈ​បាន​ជ្រាប​ជា​«​ព័​ត៌​មាន»​ប៉ុណ្ណោះ​ ។​

យោង​«​លិ​ខិ​តកោះហៅ»លេខ​០១៦ ចុះហត្ថលេខា​ដោយ​លោក ប៉ូវ វណ្ណ​ឌី ស្នងការ​រង​ទ​ទួល​ផែន​សណ្ដាប់ធ្នាប់  កាលពី​ថ្ងៃ​ទី​២៨ មីនា  ក្នុង​នាម​​ជា​មន្ត្រី​នគរបាល​យុ​ត្តិធ​ម៌​បាន​ «​កោះហៅ​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ (​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០៦​នាក់​រាប់​ទាំង​កូន​ក្នុង​ផ្ទៃ​)ឱ្យ​​ចូលខ្លួន​មក​កាន់​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្តបាត់ដំបង​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០១ មេ​សា ឆ្នាំ​២០២៦ ជា​កំ​ណ​ត់ ដើម្បី​បំភ្លឺ​ក្នុង​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ​មី​នា នៅ​ស្រុក​មោង​ប្ញ​ស្សី» ។ ​ប៉ុន្តែ​បើ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ០១ មេ​សា គឺ​ផុត​ឱ​សា​ន​វាទ​រយៈ​ពេល​០២​ម៉ោង  ដែល​ត្រូវ​ជន​នេះ​ចូលខ្លួន​បំភ្លឺ​
ហើយ ។

​ដោយ​បែប​នេះ ទើប​លោក​អ្នកនាំពាក្យ​នៃ​ស្នងការ​ខេត្តបាត់ដំបងត្រូវ​ប្រ​ញាប់​ប្រ​ញាល់​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌​មាន​ជូន​សាធារណៈ​ជ្រាប ព្រោះ​បើ​យឺតយ៉ាវ​ខ្លាច​ត្រូវ​ប៉ុយ​ថ្នាក់ដឹកនាំ ឬ រ​ង​ការ​រិះគន់​ពី​មហាជន ​។ ​គេ​មិនដឹង​ថា  តើ​ត្រូវ​បន្ត​នីតិវិធី​បែប​ណា​ទៀត​ទេ ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ដែល​មិន​ព្រម​ចូលខ្លួន​បំភ្លឺ​តាម​លិខិត​កោះហៅ​ខាងលើ​នេះ​? ត្រង់​ចំណុច​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ប្រព័ន្ធ«​តេ​ឡេ​ក្រាម​»ទៅ​លោក ប៉ូវ វណ្ណ​ឌី ស្នងការ​រង ដែល​បាន​ចេញ​លិខិត «​កោះហៅ»​ជនសង្ស័យ   ដើម្បី​ចង់​ដឹង​ពី​នីតិវិធី​បន្ត​ទៅ​លើ​ជនសង្ស័យ  ប៉ុន្តែ​លោកស្នងការ​រង​រូប​នេះ​ ​មិន​បាន​លើក​ទូរស័ព្ទ​ទេ​ ។

​ដោយឡែក​ លោក ចាន់ សុធី  ប្រធាន​ការិយាល័យ​ចរាចរ​ណ៍​បាន​ផ្ដល់​ចម្លើយ​ខ្លី​ថា «​ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ពិតជា​មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​តាម​ការ​កំណត់​មែន» តែ​លោក​ក៏​មិន​បាន​បញ្ជាក់​ពី​នី​តិ​វិធី​បន្ត​ដែរ ដោយ​លោក​ប្រាប់​ថា «​កំពុង​ប្រជុំ»​ ។

​យោង​លើ​សាវតា​របស់​ជនសង្ស័យ​ដ៏​មហា​ប្រល័យ​លើ​ដងផ្លូវ​រូប​នេះ  ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នានា​ចេញផ្សាយ​យ៉ាង​ផុសផុល និង​ឡើង​កក្រើក​អាណាចក្រ​កម្ពុជា ជន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ មាន​អាយុ​ទើបតែ​​២០​ឆ្នាំ​ប៉ុណ្ណោះ ជា​កូនប្រុស​សំណ​ប់រប​ស់លោក​ឧត្តម​សេនី​យ៍​​ត្រី ស៊ីវ  សុ​ជាតិ  ស្នងការ​រង​ខេត្តបន្ទាយមានជ័យ​ ។

អ្នក​ខេត្ត​ជាប់​ជាយ​ដែន​មួយ​នេះ   ដែល​ស្គាល់​​ពី​សាវតា​គ្រួសារ​ដ៏​មានទ្រព្យ និង​មាន​ឥទ្ធិពល​មួយ​នេះ សុទ្ធតែ​បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ថា ជា​គ្រួសា​មួយដែល​មានទ្រព្យ​ស្ដុកស្ដម្ភ​គួរ​សម​គ្រាន់បើ​ដែរ បើ​ធៀប​ទៅ​នឹង​អ្នក​ដទៃ​ទៀត  នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នា ​។

​បើ​តាម​និយាយ​ពី​ជីវិត​ស៊ី​វិ​ល័យ​របស់​កូន​ៗ​វិញ  ស៊ីវ ជ័យ​សិ​ដ្ឋ គឺ​ជា​យុវជន​វ័យក្មេង​ឈាមរាវ​​ម្នាក់​ដែល​រស់នៅ​យ៉ាង​ហ៊ឺ​ហារ ​ជាមួយនឹង​សម្ភារនិយម ទំនើប​ៗ​បែប​កូន​អភិជន​ ។  គេ​រាល់គ្នា​តែង​ប្រទះ​ឃើញ​កូនលោក​ផ្កាយ​១​រូប​នេះ បង្ហាញ​រូបរាង និង​ជីវិត​ដ៏​ហ៊ឺ​​ហារជាមួយនឹង​រថយន្ត​ទំនើប​ៗភាគច្រើន​នៅ​តំបន់​ទីក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជាទី​ក្រុង​ដ៏​ស៊ី​វិ​ល័យ​មួយ នៅ​ជាប់​ទល់ដែន​ខ្មែរ​-​ថៃ​នៃ​ខេត្ត​បន្តា​យ​មាន​ជ័យ    ហើយ​យុវជន​នេះ ក៏​ជា​អ្នក​ធ្វើ​ជំ​នួញ​ដ៏​ធំដុំ​​ម្នាក់​ដែរ​នៅ​តំបន់​ក្រោម​ដំបូល​ឆ័ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​ឪពុក ​។ នេះ​ជា​ប្រភព​ខ្លះ​ៗដែល​កោះសន្តិភាពទ​ទូល​បាន​ពី​អ្នក​ខេត្តបន្ទាយមានជ័យ​ ។ 

​ជន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ កូនប្រុស​សំណ​ប់រប​ស់លោក​ផ្កាយ​១ ស៊ីវ សុ​ជាតិ ស្នងការ​រង​ខេត្តបន្ទាយមានជ័យ  ត្រូវ​ជាប់​សង្ស័យ​ថា  បាន​បើករថយន្ត​ស៊េរី​ដ៏​ទំនើប​របស់​ខ្លួន ម៉ាក Mercedes  ព​ណ៌​ខ្មៅ  ពាក់​ស្លាក​លេខ  កម្ពុជា C S.6168 ដែល​មាន​បិទរូបថត​ស្ដេច​ជួញដូរ​គ្រឿង​លំដាប់​ពិភព​លោក​ លំអ​លើ​ជញ្ជាំង​រថយន្ត​ផង បុក​ពីក្រោយ​យ៉ាង​កំរោល​ទៅ​លើ​មនុស្ស​ចំនួន​០៦​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង  ក្នុង​គោលដៅ​ស្រម​ទិស​គ្នា កាលពី​រាត្រី​ថ្ងៃ​ទី​២៧ មី​នា កន្លង​ទៅ​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​ ។

​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ដ៏​មហា​ប្រល័យ  ក្រោម​ស្នា​ដៃ​​កូនលោក​ផ្កាយ​១​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​​ចំនួន​០៥​នាក់​ស្លាប់​ភ្លាម​ៗ  និង​មាន​ម្នាក់​របួស​ធ្ងន់ធ្ងរ​ ។ ​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំង​០៥​នាក់ ត្រូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា  មាន​ស្ត្រី​ម្នាក់​ស្លាប់​ទាំង​ទារក​អាយុ​០៣​ខែ​នៅ​ក្នុង​ផ្ទៃ​ផង​ ។  ដូច្នេះ​​បាន​ន័យ​ថា  នៅ​ក្នុង​ព្រឹត្តិការ​ណ៍​​ដ៏​សោក​នា​ដ​កម្មនេះ មាន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​ចំនួន​០៦​នាក់​ឯណោះ និង​ម្នាក់​រង​របួសធ្ងន់ ​។​ ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ជា​សាច់ញាតិ​ ឬ​ជា​ក្រុម​គ្រួសារ​តែ​មួយ​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុតែ​ម្ដង​ ។

យ៉ាងណា​ក្ដី  គិត​ត្រឹម​​ម៉ោង​ចេញផ្សាយ​នេះ  ជន​ម​ច្ចុ​រាជ​ដែល​ឈ្មោះ​ក្នុង​លិខិត​«កោះហៅ»​ឲ្យ​ចូល​បំភ្លឺ​បស់​សមត្ថកិច្ច នៅ​តែ​គ្មាន​ដំណឹង​ឈឹង  សូ​ម្បី​តែ​លោក​ផ្កាយ​១ ជា​ឪពុក​បង្កើត​​ក៏​មិនដឹង​ថា កូនរបស់​ខ្លួនរ​ត់ទៅ​ជើងមេឃ ជើងមុង ឬ​ចេញ​ក្រៅ​ស្រុក​ដែរ​ ។  

ពេល​នេះ ​មហាជន​ទូ​ទាំង​ប្រទេស បាន​និង​កំពុង​រង់ចាំ​មើល​ថា តើ​មន្ត្រី​ជំនាញ ឬ​ថ្នាក់ដឹក​នាំ​ប្រទេស​មាន​ចំណាត់ការ​បន្ត​បែប​ណា​ទៀត​ទៅ​លើ​ជន​ដ៏​មហា​ពិឃាត​លើ​ដងផ្លូវ​? តើ​លោក ស៊ីវ សុ​ជាតិ ស្នងការ​រង  ដែល​ជា​ឪពុក​របស់​ជន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ អាច​នាំ​កូនប្រុស​សំណ​ប់យក​មក​ប្រគល់​ជូន​មន្ត្រី​ជំនាញ ឬ​ជូន​តុលាការ​បាន​ដែរ ឬ​អត់ ? តើ​នាំ​មក​ដោយ​​របៀប​ណា​?  តែ​សូមកុំ​នាំ​គ្នា​សំងំ​ធ្វើ​ស្ងាត់​ៗ​?​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ