អគារផ្សារឆ្នាំង មានស្ថានភាពទ្រុឌទ្រោមខ្លាំង និងពុកផុយដោយអន្លើ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋ និងអាជីវករ ប្រុងប្រយ័ត្ន
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យនៅទីតាំងផ្សារឆ្នាំង ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពី ទទួលព័ត៌មានថា សំណង់ផ្សារមានសភាពចាស់ទ្រុឌទ្រោម និងឈើសំយ៉ាបដំបូលផ្សារឆ្នាំងពុកផុយ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីសុវត្ថិភាព ។
ក្រោយពីក្រុមការងារចុះពិនិត្យជាបឋមសង្កេតឃើញថា សំណង់អាគារផ្សារផ្នែកខាងលើមានភាពពុកផុយ របកចេញសាច់ដែកដោយអន្លើ និងឈើតសំយ៉ាបផ្នែកខាងក្រោយ និងជុំវិញជំហៀងផ្សារមានឈើនិងស័ង្កសីចាស់ពុកផុយដូចគ្នា ជាពិសេសខ្សែភ្លើងមានភាពរញ៉េរញ៉ៃ ។
គួររំលឹកថា នៅឆ្នាំ២០១៩ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានធ្វើតេស្ត និងពិនិត្យឃើញថា សំណង់អគារផ្សារឆ្នាំងនេះ មានគុណភាពធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ផ្អែកខាងលើ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើសុវត្ថិភាពសំណង់ចាស់ៗ និងការវាយតម្លៃបច្ចេកទេស អាជ្ញាធរបានធ្វើការណែនាំ និងអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ និងអាជីវករឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអគារសំណង់ចាស់ៗដែលទ្រុឌទ្រោមខ្លាំង ព្រោះវាអាចបង្កហានិភ័យសុវត្ថិភាពដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ មន្ត្រីជំនាញតែងតែចុះពិនិត្យ និងវាយតម្លៃសំណង់ចាស់ៗជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។
លោក ហ៊ីង ភព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បញ្ជាក់ថា កិច្ចការងារបន្តទៀតអាជ្ញាធរ នឹងរៀបចំគណៈកម្មការចម្រុះ ក្រុមការងារបច្ចេកទេស ឬមន្ត្រីជំនាញចុះទៅពិនិត្យ ម្តងទៀត លើស្ថានភាពសំណង់ (គ្រឹះ, សសរ, ធ្នឹម, ជញ្ជាំង, ដំបូល)។នឹងវាយតម្លៃថា តើសំណង់អាចបន្តប្រើប្រាស់បាន ត្រូវជួសជុល ឬត្រូវរុះរើចេញ។ ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ ចូលរួមសហការជាមួយអាជ្ញាធរដើម្បីការពារសុវត្ថិភាព បញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗ ៕
















ចែករំលែកព័តមាននេះ