ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បូន​ដង្ហែ​សាកសព​០៦​នាក់​រួម​គ្នា​ឆ្ពោះទៅ​ទី​មេន​​បូជា ​ក្រោម​តំណក់ទឹកភ្នែក​ដ៏​សោកសៅ​នៃ​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ជូន​ដំណើរ​ចុង​ក្រោយ

18 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សម្លេង​ភ្លេង​ខ្ល​ង​ខែ​ក​ហែក​មេឃ​ជ្រែក​អាកាស​ក្នុង​ក្បូន​ដង្ហែ​សាកសព​ជន​រង​​គ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍​ចំនួន​០៦​នាក់ (​រាប់​ទាំង​កូន​ក្នុង​ផ្ទៃ​) នារសៀល​​ថ្ងៃ​ទី​២៩ ​មីនា ឆ្ពោះទៅ​កាន់​ទី​មេន​បូជា​ក្នុង «​វត្ត​កកោះ​» ស្រុក​មោង​ប្ញ​ស្សី  ក្រោម​តំណក់ទឹកភ្នែក​ដ៏​សោកសៅ​នៃ​សាចញាតិ…

ខេត្តបាត់ដំបង ​៖ សម្លេង​ភ្លេង​ខ្ល​ង​ខែ​ក​ហែក​មេឃ​ជ្រែក​អាកាស​ក្នុង​ក្បូន​ដង្ហែ​សាកសព​ជន​រង​​គ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍​ចំនួន​០៦​នាក់ (​រាប់​ទាំង​កូន​ក្នុង​ផ្ទៃ​) នារសៀល​​ថ្ងៃ​ទី​២៩ ​មីនា ឆ្ពោះទៅ​កាន់​ទី​មេន​បូជា​ក្នុង «​វត្ត​កកោះ​» ស្រុក​មោង​ប្ញ​ស្សី  ក្រោម​តំណក់ទឹកភ្នែក​ដ៏​សោកសៅ​នៃ​សាចញាតិ និង​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ជូន​ដំណើរ​ចុង​ក្រោយ   ប្រៀប​បាន​នឹង​សម្លេង​ជន​រង​គ្រោះ​កំពុងដ​ង្ហើ​យ​ហៅ​យ៉ាងរ​ន្ធឹករក​យុ​ត្តិធ​ម៌  ខណៈ​ឃាត​.​ករ​​ដ៏​មហា​ប្រល័យ​នេះកំពុងសំងំខ្លួន​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​ ។

​ពិតជា​គួរឱ្យ​​សោកសៅ និង​រន្ធត់​ពេក​ក្រៃ នៅ​ពេល​ឃើញ​ «​មេន​បូជាសព»​ចំនួន​០៥ ត្រូវ​បាន​គេ​រៀបចំ​ជា​ជួរ​ក្បែរ​ៗ​គ្នា​​នៅ​ក្នុង​បរិវេណ​នៃ​វត្ត​កកោះ ស្ថិត​ក្នុង​ឃុំ​កកោះ  ស្រុក​មោង​ប្ញ​ស្សី ដើម្បី​ត្រៀម​បូជា​សាកសព​ជន​រង​គ្រោះ​ចំនួន​០៦​នាក់ (​កូន​ក្នុង​ផ្ទៃ​អាយុ​៣​ខែ​ម្នាក់​ផង​) ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍ ​។ សាច់ញាតិ និង​មនុស្ស​រាប់រយ​នាក់​ទៀត បាន​ជូន​ដំណើរ​ចុង​ក្រោយ​នៃ​ក្បូន​ដង្ហែ​សព​រួម​គ្នា ឆ្ពោះទៅ​កាន់​ទីលាន​បូជា ក្រោយ​សម្លេង​ភ្លេង​ខ្ល​ង​ខែ​ក  និង​សម្រែក​ស្រែក​ទ្រហោ​រយំ​កងរំពង ស្ដាយស្រណោះ​អាឡោះអា​ល័យ​ដល់​សព​ជន​រង​គ្រោះ​ ។

​សាកសព​ជន​រង​គ្រោះ​ជាក់ស្ដែង​ចំនួន​០៥​នាក់ ។  ប៉ុន្តែ​ថែម​ទារក​ក្នុង​សាកសព​ស្ត្រី​ម្នាក់ ផង   សរុប​ទៅ​ស្លាប់​ចំនួន​០៦​នាក់   ហើយ​មាន​ម្នាក់​ទៀត​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។ ក្រុម​ជន​រង​គ្រោះ ត្រូវ​រថយន្ត​ជន​មច្ចុរាជ​បុក​សម្លាប់​ទាំង​កំរោល និង​យ៉ាង​អ​យុ​ត្តិ​ធ​ម៌  កាលពី​រាត្រី​ថ្ងៃ​ទី​២៧ មី​នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ  ឃុំ​កកោះ ស្រុក​មោងប្ញ​ស្សី​ ។

​របាយ​ការ​ណ៍​​សមត្ថកិច្ច​ ជន​មច្ចុរាជ​បាន​បើករថយន្ត​បុក​ក្រុម​ជន​រង​គ្រោះ​ពីក្រោយ​ទាំង​កំរោល ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ​។ ហើយ​រថយន្ត​បុក​ជន​រង​គ្រោះ  ខណៈ​ដែល​ក្រុម​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​រួម​ដំណើរ​គ្នា​ចំនួន​០២​គ្រឿង បណ្ដាល​ឲ្យ​ដួល​ស្លាប់​​យ៉ាង​រន្ធត់​រដូករណែល​ពេញ​លើ​ថ្នល់ជាតិ​ ។ ​រីឯ​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រ​មោល​រហូត​មកទល់​នឹង​ពេល​នេះ​ ។

​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា  រថយន្ត​បង្ក​នោះ​ស៊េរី​ទំនើបម៉ាក  Mer​cedes  Benz AMG GT53 ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា C S.6168  អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ពេល​កើតហេតុ ព្រោះ​ជន​នេះ ​បាន​រត់​ចោល​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ ។ ​ប៉ុន្តែ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​មច្ចុរាជ​នេះ ត្រូវ​បាន​គេ​ស្គាល់​រហូត​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ព្រោងព្រាត​ពាសពេញ​ក្នុង​បណ្ដាញ​សង្គម ​នៅ​ថ្ងៃ​បង្ហើយ នៃ​ពិធី​បុណ្យសព​ជន​រង​គ្រោះ​ទាំង​០៦​នាក់ (៣០.០៣.២៦) ​។

​យោង​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​បាន​ពណ៌នា​​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្តនៅ​ថ្ងៃ​ទី៣០ មី​នា នេះ   រួម​ទាំង​ការ​ទ​ទួល​ស្គាល់​របស់​សមត្ថកិច្ច​ជំនាញ​ផង   ម្ចាស់​រថយន្តដែល​​ប្រល័យ​នេះ  ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ភេទ​ប្រុស  ជា​អ្នកជំនួញ​ដ៏​ល្បី​វ័យក្មេង​ម្នាក់​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត ​។ ហើយ​ត្រូវ​គេ​ចង្អុលបង្ហាញ​បន្ថែម​ថា  ម្ចាស់​រថយន្ត ក៏​ជា​កូនប្រុស​របស់​លោក​ស៊ីវ សុ​ជាតិ ហៅ​តោ មាន​តួ​នាទី​ជា​ស្នងការ​រង​ខេត្ត​បន្តា​យ​មាន​ជ័យ​ ។

​កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​ពី​លោក ស៊ីវ សុ​ជាតិ ហៅ​តោ  ស្នងការ​រង​​ខេត្តបន្ទាយមានជ័យ​បាន​ទេ រ​ហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ ពាក់ព័ន្ធ​នឹង​មានការ​អះ​អាង​ថា  ម្ចាស់​រថយន្ត​ជា​កូនប្រុស​របស់​លោក ​។  ប៉ុន្តែ​នាយការិយាល័យ​ចរាចរ​ណ៍​​ជើង​គោក​នៃ​ស្នងការ​ខេត្តបាត់ដំបង លោក ចាន់ សុធី   បាន​ទ​ទួល​ស្គាល់​ថា ម្ចាស់​រថយន្ត​ពិតជា​មានឈ្មោះ​ដូច​ការ​ផ្សព្វ​ផ្សាយ​មែន  តែ​យើង​មិន​ទាន់​ដឹង​ថា តើ​ពេល​កើតហេតុ ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ នោះ​ជា​បើកបរ​ ឬ​អុ្ន​ក​ផ្សេង​?

លោក ចាន់ សុធី បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា  ម្ចាស់​រថយន្ត​ពិតជា​ឈ្មោះ ស៊ីវ ជ័យ​​សិ​ដ្ឋ តែ​លោក​មិន​បាន​បញ្ជាក់​ថា ជា​កូនលោក​ស្នងការ​រង​ខាងលើ​​មែន ឬ​មិនមែន​នោះ​ទេ ​។ លោក ចាន់ សុធី គ្រាន់តែ​បញ្ជាក់ និងទ​ទួល​ស្គាល់​យ៉ាង​ជាក់លាក់​ថា  «​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​នេះ ពិតជា​បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ពីក្រោយ​មែន​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា» ។

​ពេល​នេះ ​យើង​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត តែ​យើង​មិន​ទាន់​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​នេះ​បាន​នៅឡើយ​ទេ ព្រោះ​ជន​នេះ​កំពុង​គេចខ្លួន ប៉ុន្តែ​យើង​កំពុង​ទំនាក់ទំនង​តាម​ខ្សែបណ្ដាញ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់ ខណៈ​ពិធី​បុណ្យសព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ចប់​ហើយ​ដែរ​នា​ថ្ងៃ​ទី​៣០ ​មីនា នេះ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ