ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​ទាំង​ពីរ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១ នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ “២+២” រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ពិភាក្សា​ការងារ​, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន (Dong Jun) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​កម្ពុជា ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ចំពោះ សម្ដេច​ធិ​បតី​។

ឯកឧត្តម វ៉ាង យី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ថាមវន្ត​របស់​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​អបអរសាទរ​សម្ដេច​ធិ​បតី ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេច​បាន​នូវ​សន្ទុះ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹង​មាំ និង​យូរអង្វែង ដែល​បាន​ឈាន​ដល់​កម្រិត​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​។ ឯកឧត្តម វ៉ាង យី បាន​គូសបញ្ជាក់​ថា ការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន ក្នុង​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២ នា​ពេល​នេះ គឺជា​ការ​អនុវត្ត​តាម​ស្មារតី​កុងសង់ស៊ីស​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ការ​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ ឯកឧត្តម វ៉ាង យី ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​។ សម្ដេច​ធិ​បតី​ក៏​បាន​ផ្ដាំផ្ញើ​នូវ​ការ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង និង ឯកឧត្តម​នាយក​រដ្ឋមន្ត្រី លី ឈាង ​។

សម្ដេច​ធិ​បតី​បាន​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល​ប្រទេស​ចិន​សម្រេច​បាន ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​ថែទាំ ព្យាបាល​ព្រះ​រោគ និង​ផ្តល់​បដិសណ្ឋារកិច្ច​កក់ក្តៅ ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​។

ជាមួយ​គ្នា​នេះ​, សម្ដេច​ធិ​បតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប ព្រមទាំង​បាន​និង​កំពុង​ខិតខំ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​ ។

សម្ដេច​ធិ​បតី​បាន​គូស​រំលេច​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ ។

សម្តេច​ធិ​បតី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្រកាន់ខ្ជាប់​ឥត​ងាករេ​របស់​កម្ពុជា​នូវ​គោលការណ៍​ចិន​មួយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

សម្ដេច​ធិ​បតី និង​ឯកឧត្តម វ៉ាង យី រួម​ជាមួយ​ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន បាន​ពិភាក្សា​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន​៖ នយោបាយ​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ការពារ​ជាតិ និង​សន្តិសុខ​, ថាមពល​ស្អាត​, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​, និង​កសិកម្ម ជាដើម​។ សម្ដេច​ធិ​បតី ឯកឧត្តម វ៉ាង យី និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន ក៏​បាន​បន្ត​ផ្លាស់​ប្ដូរ​យោបល់​អំពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ជិត​ស្និទ្ធ ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ​។

សម្ដេច​ធិ​បតី​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម វ៉ាង យី ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន និង​គណៈប្រតិភូ អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន ស្រាប់​រវាង​កម្ពុជា​-​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ