ខេត្តបាត់ដំបង ៖ សំណុំរឿង «សម្លាប់ រួចប្លន់» ហើយយកសាកសពទៅបោះចោលក្នុងទឹកស្រះ ក្បែរជើងភ្នំ១៥០ ក្នុងទឹកដី ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្ត តាមអូសជនដៃដល់បានម្នាក់ហើយ ដែលជនដៃដល់ជាមិត្តយ៉ាងជិតស្និទ ជាមួយនឹងជនរងគ្រោះ។ នេះបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ច នៅរសៀលថ្ងៃទី២១ មីនា នេះ ខណៈកម្លាំងជំនាញ បាននិងកំពុងមមារញឹក ចុះប្រមូលវត្ថុតាងនានា ដែលជនដៃដល់«ប្លន់»បានពីជនរងគ្រោះ។ សូមរំលឹកថា៖ បាត់ខ្លួន៩ថ្ងៃ ក្លាយជាសា.ក.ស.ពនៅក្នុងទឹកស្រះ សង្ស័យត្រូវគេល្បូងយកទៅស.ម្លា.ប់ប្លន់យកម៉ូតូនិងខ្សែ.កមាស២តំឡឹង

សមត្ថកិច្ចបានផ្ដល់ព័ត៌មានថា ជនសង្ស័យដែលមន្ត្រីជំនាញឃាត់ខ្លួនបានម្នាក់ មានឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល (ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយជាពួកម៉ាកជិតស្និទ្ធនឹងគ្នាទៀត)។ បើតាមសមត្ថកិច្ចដដែល៖ ជនដៃដល់ម្នាក់ត្រូវកម្លាំងជំនាញក្របួច.កយកមកសួរនាំតាំងពីថ្ងៃទី២០ មីនា ពេលកំពុងអង្គុយមើល មន្ត្រីជំនាញពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។

ការឈានដល់ចាប់អូស.កជនសង្ស័យម្នាក់នេះមកសាកសួរ ក្រោយពីសមត្ថកិច្ចទទួលបានតម្រុយពីអ្នកភូមិ ដែលធ្លាប់ស្គាល់ប្រវត្តិ និងការទំនាក់ទំនងគ្នារវាងជនសង្ស័យ និងជនរងគ្រោះ។ បើតាមអ្នកភូមិដែលចង្អុលបង្ហាញមុខសញ្ញាជនសង្ស័យដល់សមត្ថកិច្ចបាននិយាយថា នៅថ្ងៃ (២០.០៣.២៦) ដែលសមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ គេឃើញជនសង្ស័យឈ្មោះ សម្បត្តិ នេះ បានទៅអង្គុយមើលសមត្ថកិច្ចពិនិត្យសាកសព ហើយថែមទាំងធ្វើជាជួយនេះ ជួយនោះ ដល់ក្រុមគ្រួសារជនរងគ្រោះទៀតផង ។ ប៉ុន្តែគេសង្ស័យទៅលើជននេះ ក៏ព្រោះតែគេដឹងច្បាស់ពីប្រវត្តិអ្នកទាំង០២ និងតាមរយៈសម្លេងនិយាយហៅគ្នា «អាទៅ.. អាមក..» តាមទូរស័ព្ទមុនពេលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះតាមរបស់ជនសង្ស័យ ។

លោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ ក៏បានឲ្យដឹងជាបឋមដែរថា ការនាំខ្លួនជនសង្ស័យនេះមកសួរនាំ ដំបូងជននេះបានបដិសេធយ៉ាងដាច់ខាតថា ខ្លួនមិនបានប្រព្រឹត្តទេ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ២១ មីនា ក្រោយពីមន្ត្រីជំនាញរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួន យកមកចង្អុលចំកណ្ដាលមុខ ទើបជននេះឆ្លើយសារភាពទទួលស្កាល់់ទាំងអស់ និងគ្រប់សកម្មភាពដែលខ្លួនបានល្បួងពួកម៉ាក(ជនរងគ្រោះ) យកទៅសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ។ ជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។ ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅថ្ងៃទី១០ មីនា ក្រោយមានមនុស្សប្រុសម្នាក់ទូរស័ព្ទហៅណាត់ជួបគ្នា ។

ក្រោយជិះម៉ូតូចេញពីផ្ទះ ក៏បាត់ដំណឹងឈឹងរហូតមក ។ លុះនៅរសៀលថ្ងៃទី១៩ មីនា ទើបក្រុមគ្រួសារទទួលដំណឹងដ៏អកុសល្យថា ជនរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រះមួយកន្លែង ក្បែរជើងភ្នំ១៥០ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ។

បើតាមក្រុមគ្រួសារបាននិយាយថា ពេលចេញពីផ្ទះ ជនរងគ្រោះជិះម៉ូតូថ្មីស្រឡាង០១គ្រឿង និងពាក់ខ្សែ.កមាស០១ខ្សែ ទម្ងន់០២តំឡឹង ។ ប៉ុន្តែសមត្ថកិច្ចថា នៅលើខ្លួនសាកសពគ្មានបន្សល់ទុកអ្វីទេ។ សាកសព ឆោម ឆៃយ៉ា មានស្នាមរបួសធ្ងន់ធ្ងរ រហូតផុងលលាដ៍ក្បាលជាច្រើនកន្លែង ជាពិសេស ត្រង់ក្បាល និងលើផ្ទៃមុខ។ នេះបើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅកាន់ទីតាំងកើតហេតុ ។

លោក ឈឿង គឹមសុង បានប្រាប់ថា យើងប្រមូលវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនធំហើយ ។ ម៉ូតូដែលជនសង្ស័យប្លន់យកពីជនរងគ្រោះ គឺជននេះបានយកទៅប្លុងចោលក្នុងទឹកមួយកន្លែង ក្នុងស្រុកថ្មគោល ហើយពេលនេះ លោកស្នងការខេត្តបានបញ្ជាឲ្យលោក ដឹកនាំកម្លាំងជំំនាញតាមប្រមូលយកវត្ថុតាងដទៃទៀត ដែលជននេះបានប្លន់យកពីជនរងគ្រោះទៅ ។
បើតាមប្រភពព័ត៌មានចុងក្រោយ ជនសង្ស័យឈ្មោះ ភឿក សារ៉ាវុធ ហៅសម្បត្តិ នេះជា «មេខ្លោងក្នុងអំពើប្លន់សម្លាប់មិត្តភក្ដិខ្លួនឯងនេះ»។ ដំបូងជននេះ បានសារភាពថា ខ្លួនបានប្រព្រឹត្តអំពើព្រៃផ្សៃនេះតែម្នាក់ឯងទេ តែពេលនេះ ទំនងចេញបក្សពួករួមគំនិតមកបន្ថែមទៀតហើយ ៕
មានព័ត៌មាននឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ