រាជធានីភ្នំពេញ ៖ កិច្ចប្រជុំទ្វេភាគីប្រមុខការរួចកម្ពុជា-ចិន បានប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅ ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី នៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងភ្នំពេញ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ភាគីទាំងពីរបានគូសបញ្ជា ក់ជាថ្មី នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ។ ជាងនេះ ការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានកិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃផងដែរ ៕
ចែករំលែកព័តមាននេះ