រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញ ស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដោយឯកឧត្តមបានគូសបញ្ចាក់ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្រោមកម្មវិធីភាពជាដៃគូរបស់ ILO-ចិន ជាពិសេសក្នុងការជំរុញការអភិវឌ្ឍជំនាញ និងប្រព័ន្ធ TVET ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិការងារ និងការងារសមរម្យនៅកម្ពុជាផងដែរ ។

លោកស្រី ស៊ាវយៀន ឈាន បានកត់សម្គាល់លើវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធី “ការងារសមរម្យ” នៅកម្ពុជា ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែ ILO នោះទេ សូម្បីតែអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះលទ្ធផលដ៏ល្អនេះផងដែរ ។ លោកស្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងកាតាលីករសកល (Global Accelerator)របស់កម្ពុជា ដែលតាមរយៈនេះអាចទាក់ទាញដៃគូអភិវឌ្ឍន៍ឱ្យចូលរួមថែមទៀត។

លោកស្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងការងារ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីអាចនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធបន្ថែមនៅកម្រិតសកល ឬកម្រិតអង្គការសហប្រជាជាតិ «អំពីការអនុវត្តគម្រោងកាតាលីករសកល» ព្រោះនេះជាការងារដែលមូលនិធិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Fund) ចង់សម្រេចបាន ។

ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាំងពីដើមរៀងមក កម្ពុជាបានប្តេជ្ញាចិត្តថានឹងខិតខំអនុវត្ត GA ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេស “ជើងឯក Champions” ហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធ រួមទាំងលើឆាកអន្តរជាតិ ការចែករំលែកបទពិសោធល្អៗ និងការផ្តល់មតិយោបល់ផ្សេងៗ ។ ទោះយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា បើពិនិត្យមើលសកម្មភាពរបស់ប្រទេសដែលបានទទួលមូលនិធិ និងសមាជិក GA នេះ គឺនៅមិនទាន់ឈានដល់កម្រិត ដែលរំពឹងទុកនៅឡើយទេ ដែលទាមទារឱ្យយើងត្រូវស្វែងរកវិធីសាស្ត្រ ដើម្បីជំរុញកម្មវិធីនេះឱ្យឈានទៅកម្រិតខ្ពស់ជាងនេះ ។ ឯកឧត្តម ហេង សួរ ចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ ព្រោះកម្មវិធីជាច្រើន ដូចជា ការពារសង្គម និងការងារសមរម្យ មិនអាចពឹងផ្អែកតែលើថវិកាដែលមានស្រាប់នោះទេ ប៉ុន្តែត្រូវមានធនធានបន្ថែម ដើម្បីអាចអនុវត្តឱ្យបានលឿន និងមានប្រសិទ្ធភាព ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីវឌ្ឍនភាព នៃដំណើរការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ និងការពង្រឹងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញឱ្យស្របតាមទីផ្សារការងារផងដែរ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការបន្ត និងជំរុញកិច្ចសហការប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអំពីកម្មវិធីប្រគល់ឯកសារស្តង់ដាវិជ្ជាជីវៈថ្នាក់ជាតិ និងសៀវភៅណែនាំពីការបណ្តុះបណ្តាល ដែលជាអំណោយរបស់ប្រទេសចិន នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នាខែមិថុនាខាងមុខនេះផងដែរ ។

កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ដែលនឹងអាចរួមចំណែកដល់ការពង្រឹងការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពគោលការណ៍ ILO និងស្តង់ដាការងារអន្តរជាតិ ហើយបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ