រាជធានីភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរនិងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងធម្មការនិងសាសនា។

សេចក្តីថ្លែងការណ៍លើកឡើងថា ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ ។ សកម្មភាពខុសច្បាប់ទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់កម្ពុជា ។

ក្រសួងធម្មការនិងសាសនាប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមាន ការប្រារព្ធពិធីបួងសួង បែបជំនឿសាសនា, ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃនៅលើទឹកដីកម្ពុជា ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200 000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និង សៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។

ក្រសួងធម្មការនិងសាសនា ធ្វើការតវ៉ាយ៉ាងដាច់អហង្ការចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ និងប្រជាជនថៃ ដែលធ្វើសកម្មភាពបួងសួងបែបជំនឿសាសនាខុសច្បាប់នៅប្រាសាទតាក្របី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយ សន្តិវិធីនិងតាមរយៈការចរចា។

ក្រសួងធម្មការ និងសាសនា សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព បួងសួង ឬការប្រកបពិធីកម្មសាសនាផ្សេងៗ នៅប្រាសាទតាក្របី និងតំបន់ដទៃទៀតដែលស្ថិតនៅក្នុងដែន អធិបតេយ្យភាពរបស់កម្ពុជា ព្រោះវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹក ដីរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្ត ការទ្វេភាគីដែលមានស្រាប់ ជាពិសេស យន្តការ JBC ៕
ចែករំលែកព័តមាននេះ