ទីក្រុងសេអ៊ូល៖ មូលហេតុដ៏គួរឱ្យភ្ញាក់ផ្អើលនៃគ្រោះថ្នាក់បុកគ្នារវាងយន្តហោះចម្បាំង F-15K ចំនួន ២ គ្រឿងរបស់កូរ៉េខាងត្បូង ត្រូវបានលាតត្រដាងថា កើតឡើងដោយសារអ្នកបើកបរយន្តហោះរវល់តែថតរូប និងវីដេអូអនុស្សាវរីយ៍កណ្តាលអាកាស។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២២ ខែមេសានេះ។
បើតាមរបាយការណ៍សវនកម្មដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលហោះហើរបំពេញបេសកកម្មក្នុងទីក្រុង Daegu នៅពេលដែលអ្នកបើកបរម្នាក់ចង់ថតរូបទុកជាការចងចាំក្នុងឱកាសហោះហើរចុងក្រោយរបស់ខ្លួនជាមួយអង្គភាព។
ក្នុងអំឡុងពេលហោះហើរត្រឡប់ទៅមូលដ្ឋានវិញ អ្នកបើកបរយន្តហោះម្នាក់បានប្រើទូរស័ព្ទដៃផ្ទាល់ខ្លួនថតរូប ខណៈអ្នកបើកបរម្នាក់ទៀតក៏បានថតវីដេអូតបមកវិញដែរ។ ដើម្បីឱ្យរូបភាពចេញមកស្អាត អ្នកបើកបរម្នាក់បានហោះផ្អៀងយន្តហោះ និងហោះឡើងលើភ្លាមៗ បណ្តាលឱ្យយន្តហោះទាំងពីរចូលកៀកគ្នាខ្លាំងរហូតបុកគ្នា បង្កឱ្យខូចខាតស្លាប និងកន្ទុយយន្តហោះយ៉ាងដំណំ។ ទោះបីជាគ្មានអ្នករងរបួស ប៉ុន្តែការជួសជុលបានចំណាយថវិការដ្ឋអស់ប្រហែល ៥៩៦,០០០ ដុល្លារ ខណៈដែលអ្នកបើកបរបង្កហេតុត្រូវបានពិន័យជាប្រាក់ចំនួន ៨៨ លានវ៉ុន (ប្រហែល ៦ ម៉ឺនដុល្លារ) និងបានចាកចេញពីជួរយោធាទៅបម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលវិញ៕
ចែករំលែកព័តមាននេះ