សង្គ្រាមអ៊ុយក្រែន ៖ ឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃទី២២ មេសាបានផ្ដល់ភ្លើងខៀវ សម្រាប់ផ្ដល់ប្រាក់កម្ចីដល់អ៊ុយក្រែនប្រមាណជា៩០ពាន់លានអឹរ៉ូ ដែលការផ្ដល់នោះ មានការយឺតយ៉ាវជាច្រើនខែដោយសារវេតូរបស់ហុងគ្រី ។ ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុបក៏បានសម្រេចលើការដាក់ទណ្ឌកម្មថ្មីលើកទី២០ប្រឆាំងរុស្ស៊ី ។

សេចក្ដីសម្រេចនោះ ត្រូវបញ្ជូនដល់រដ្ឋាភិបាលនៃប្រទេសទាំង២៧ជាសមាជិក ដើម្បីផ្ដល់សុពលភាពជាស្ថាពរអំឡុងពេល២៤ម៉ោង ។ ប្រាក់កម្ចី៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ផ្គត់ផ្គង់ដល់ការខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ប្រទេសនេះ សម្រាប់ឆ្នាំ២០២៦ និង២០២៧ ត្រូវបានអនុម័តដោយមេដឹកនាំរបស់ប្រទេសទាំង២៧ ជាសមាជិកសហភាពអឺរ៉ុបក្នុងឱកាសនៃកិច្ចប្រជុំកំពូលអឺរ៉ុបកាលពីថ្ងៃទី១៩ ធ្នូ កន្លងទៅ ។
ប៉ុន្តែនាយករដ្ឋមន្ត្រីហុងគ្រី លោកវិកទ័រអ័របង់ ជិតដិតនឹងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីនក្រោយមកបែរជាដូរចិត្ត ដោយបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយចោទអ៊ុយ
ក្រែនថា បំផ្លាញបំពង់បង្ហូរប្រេងឌ្រូស្ប៉ា(មត្តិភាព) ដែលផ្ដល់ប្រេងរុស្ស៊ីដល់ហុងគ្រីកាត់តាមអ៊ុយក្រែន ។
ទំនាស់នោះ ក៏នាំឲ្យមានការយឺតយ៉ាវដែរ ដល់ការអនុម័តទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងរុស្ស៊ី ដែលគ្រោងនាឱកាសខួបគម្រប់៤ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ។ បរាជ័យរបស់លោកអ័របង់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១២ មេសា ចាញ់គូប្រជែងស្និទ្ធអឺរ៉ុប ក៏ជាការសម្រួលដល់ការបើកផ្លូវទៅរកការអនុម័តវិធានការទាំង២នោះ ជាមួយការសម្រួលបន្ថែមគឺការប្រកាសពីការផ្ដល់ប្រេងរុស្ស៊ីដល់ហុងគ្រីវិញ ក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ