រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ដ្រ២+២ លើកទីមួយរវាងកម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពដំឡើងកិច្ចសន្ទនា២+២ ទៅជា៣+៣ ដោយ មានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ ។
នេះបើយោងតាមលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា ។
កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ។
ក្នុងកិច្ចប្រជុំភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ«មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥតងាកររចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ។
ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះដែលបានដាក់ចេញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជា គំនិតផ្តួចផ្តើមសកលទាំងបួន ប្រធានាធិបតី ស៊ី ជីនពីង ស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច ។ កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្ដិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ ។
ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ។ ភាគីទាំងពីរបានឯកភាពគ្នាថាយន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់ និងសកល លោក ។
ភាគីទាំងពីរ ក៏បានឯកភាពដំឡើងកិច្ចសន្ទនា២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ៕
ចែករំលែកព័តមាននេះ