ខេត្តបាត់ដំបង ៖ ក្រោយពីបាត់ខ្លួនអស់រយៈពេល០៩ថ្ងៃ បុរសម្នាក់បានក្លាយជាសាកសពហើមស្អុយ ត្រូវគេប្រទះឃើញនៅក្នុងទឹកស្រះមួយកន្លែង ក្បែរជើងភ្នំ១៥០ ស្ថិតក្នុងភូមិអណ្ដូងនាង ឃុំតាក្រាម ស្រុកបាណន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ មីនា ដែលគេសង្ស័យថា អាចជាអំពើ«ឃាតកម្ម» ឬ «ប្លន់សម្លាប់» ព្រោះមានបាត់បង់ទ្រព្យសម្បត្តិ ហើយសាកសពមានស្នាមរបួសផុងលលាដ៍ក្បាលយ៉ាងធ្ងន់ធ្ងរ ។

ជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។ បើតាមក្រុមគ្រួសារបាននិយាយថា ឆោម ឆៃយ៉ា បានជិះម៉ូតូចេញពីផ្ទះបាត់ដំណឹងតាំងពីថ្ងៃទី១០ មីនា បន្ទាប់ពីមានមនុស្សប្រុសម្នាក់ទូរស័ព្ទហៅឲ្យទៅជួប ។ លុះនៅរសៀលថ្ងៃទី១៩ មីនា ទើបក្រុមគ្រួសារទទួលបានដំណឹង តែអកុសល្យគាត់បានស្លាប់ទៅហើយ ដែលត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញនៅក្នុងស្រះទឹកត្រង់ចំណុចខាងលើ ។
សូមរំលឹកបន្តិចថា ក្រោយពីបាត់ដំណឹងឪពុករយៈពេលពេញ០១ថ្ងៃ (១០.០៣.26) នៅថ្ងៃទី១១ មីនា កូនស្រីជនរងគ្រោះឈ្មោះ រ៉ុម ស្រីយីម បានសរសេរសារជាដំណឹងខ្លីមួយមានឈ្មោះឪពុក និងអាសយដ្ឋានច្បាស់លាស់ ថែមទាំងភ្ជាប់ជាមួយលេខទូរស័ព្ទចំនួន០២ខ្សែសម្រាប់ទំនាក់ទំនងទៀតផង ។ នាងបានផ្ញើសារជាដំណឹងនោះ ចូលក្នុង គ្រុប «តេឡេក្រាម» ក្រុមអ្នកសារព័ត៌មាន ដើម្បីពឹងពាក់ឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកឪពុកជាទីស្រលាញ់របស់នាង ។
នៅក្នុងសេចក្ដីជូនដំណឹង នាង រ៉ុម ស្រីយីម បានសរសេរដូច្នេះថា «ឪពុកខ្ញុំបានបាត់ខ្លួន នៅថ្ងៃអង្គារ ទី១០ មីនា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល ។ ប៉ាខ្ញុំបានបាត់ខ្លួនមួយថ្ងៃពេញហើយ សូមបងៗអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកប៉ាឲ្យខ្ញុំផងមក ព្រោះខាងក្រុមគ្រួសារមិនទាន់ទទូលបានដំណឹងពីគាត់ទេ» ។ នៅក្នុងថ្ងៃបាត់ខ្លួននោះ បើតាមប្រភពពីក្រុមគ្រួសារបាននិយាយថា នៅមុនពេលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ គឺមានមនុស្សប្រុសម្នាក់បានទូរស័ព្ទមកហៅគាត់ទៅ ។

ពេលនោះ ឮគាត់និយាយឆ្លើយឆ្លងបានតែប៉ុន្មានម៉ាត់ តែចុងក្រោយគេឮគាត់និយាយតបទៅអ្នកហៅថា «អញចេញទៅឥឡូវហើយ» ដែលទំនងជនរងគ្រោះអាចស្គាល់គ្នាច្បាស់ជាមួយអ្នកទូរស័ព្ទហៅគាត់ទៅនោះ ។ ក្រោយនិយាយចប់ គាត់ក៏ជិះម៉ូតូចេញបាត់ទៅ។ ក្រុមគ្រួសារបានប្រាប់ថា ម៉ូតូដែលជនរងគ្រោះជិះទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-1247 និង ទ្រព្យសម្បត្តិជាប់ខ្លួនមាន ទូរស័ព្ទ០១គ្រឿង ខ្សែក.មាសទម្ងន់០២តំឡឹង០១ខ្សែ និងអាចមានលុយកាក់ជាប់ខ្លួនមួយចំនួនទៀតផង ។
ប្រភពពីសាច់ញាតិដដែលបានបញ្ជាក់ដែរថា ក្រោយពីជនរងគ្រោះចេញផុតពីផ្ទះប្រហែលកន្លះម៉ោង កូនស្រីបានទូរស័ព្ទទៅឪពុកតាមរយៈ messenger (ខលវីដេអូ) បែរជាឃើញជាប់ដំបូលរថយន្ត មិនមែនជិះម៉ូតូទេ ដែលទំនងគាត់ជិះរថយន្តជាមួយអ្នកដែលទូរស័ព្ទហៅគាត់ទៅនោះ ។ ពេលនោះ គាត់បានប្រាប់ថា «គាត់ទៅរកទិញគោនៅកំពីងពួយ» ហើយក៏បិទទូរស័ព្ទទៅ ។ លុះប៉ុន្មាននាទីក្រោយ បងប្អូនក៏ទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត តាមរយៈ «ខលវីដេអូ»ដដែល ស្រាប់តែឃើញគាត់កំពុងអង្គុយក្រោមដើមឈើមួយកន្លែង ដែលមើលទៅដូចនៅក្នុងព្រៃ ហើយនិយាយបានប៉ុន្មានម៉ាត់ក៏បិទទៅ ។
លុះនៅម៉ោងប្រហែល៣រសៀលថ្ងៃដដែល បងប្អូនក៏ទូរស័ព្ទទៅម្ដងទៀត ស្រាប់តែទូរស័ព្ទនៅក្រៅសេវា (បិទទូរស័ព្ទ) តែពេលនោះក្រុមគ្រួសារមិនបានភ្ញាក់ផ្អើលអ្វីទេ ។ ព្រោះគិតថា នៅតំបន់នោះគ្មានសេវា ហើយល្ងាចបន្តិចគង់តែគាត់ត្រឡប់មកផ្ទះវិញហើយ ។

ប៉ុន្តែផ្ទុយពីការគិត រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែល បងប្អូនក៏ទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត នៅតែក្រៅសេវាដដែល ទើបមានការភ្ញាក់ផ្អើល ចាប់ផ្ដើមបារម្ភពីសុវត្ថិភាពជនរងគ្រោះ ។ ជនរងគ្រោះបានបាត់ដំណឹងរហូតពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារនិងបងប្អូននាំគ្នាស្វះស្វែងរក គ្រប់ច្រកល្ហកគ្មានដំណឹងបន្តិចឡើយ ។ ពួកគេបានព្យាយាមស្វែងរកជនរងគ្រោះ អស់រយៈពេល០៩ថ្ងៃ ទើបទទួលបានដំណឹងដ៏រន្ធត់ថា «ជនរងគ្រោះត្រូវអ្នកបង់សំណាញ់ប្រទះឃើញស្លាប់នៅក្នុងទឹកស្រះមួយកន្លែងក្បែរជើងភ្នំ១៥០» ។
យើងងាកមកខាងសមត្ថកិច្ចវិញម្ដង ក្រោយពីទទួលដំណឹងប្រទះឃើញសាកសព នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ មីនា គេឃើញមន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យបឋម រួចហ៊ុមព័ទ្ធខ្សែជុំវិញចំណុចកើតហេតុ តែពុំមានមន្ត្រីជំនាញចុះទៅកាន់ចំណុចកើតហេតុ ដើម្បីពិនិត្យទេ រហូតថ្ងៃព្រឹកថ្ងៃទី២០ មីនា ទើបគេឃើញមន្ត្រីជំនាញ នាំគ្នាចុះព្រោងព្រាតទៅមើលសាកសព និងទីតាំងកើតហេតុ ។
អធិការស្រុកបាណន់ លោក ហេង បារាំង មិនបានបំភ្លឺឲ្យជាក់លាក់ពីហេតុការណ៍នោះទេ ។ ហើយលោកក៏មិនបានសន្និដ្ឋានថា វាជាករណីអ្វីដែរ ចំពោះការស្លាប់របស់ជនរងគ្រោះ ដោយលោកគ្រាន់តែនិយាយយ៉ាងខ្លី ស្ទើរតែមិនអាចយកជាការបានថា «ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានបានទេ ព្រោះមន្ត្រីបច្ចេកទេសកំពុងពិនិត្យ» ។ ប៉ុន្តែលោកអធិការទទួលស្គាល់ថា នៅលើខ្លួនសាកសពគេមិនឃើញមានពាក់ខ្សែ.ក ដូចការអះអាងពីក្រុមគ្រួសារទេ ។

តាមរយៈការពិនិត្យជាក់ស្ដែងទៅលើសាកសព មន្ត្រីនានាបានទម្លាយថា ជនរងគ្រោះមានស្នាមរបួសច្រើនកន្លែង ។ ជាពិសេស ត្រង់ក្បាល ស្នាមរបួសផុងលលាដ៍ក្បាល។ ជនរងគ្រោះអាចត្រូវជនសង្ស័យល្បូងឲ្យចេញក្រៅផ្ទះដឹកយកទៅសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិតែម្ដង ។ ពីព្រោះបើតាមក្រុមគ្រួសារបានអះអាងថា ជនរងគ្រោះបាត់បង់ម៉ូតូ០១គ្រឿង ខ្សែក.មាស០១ខ្សែ ទម្ងន់០២តំឡឹង ។ ហើយអ្នកដែលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះក៏អាចជាមនុស្សស្គាល់ស្និទ្ធនឹងគ្នា ដែលមានបក្សពួកយ៉ាងតិចចាប់ពី០២នាក់ឡើងទៅដែរ ។
ប៉ុន្តែ យ៉ាងណាក្ដី មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យហើយ ក្រោយបញ្ចប់ការត្រូតពិនិត្យធ្វើកោសល្យវិច័យ ។ ដោយឡែក ចំពោះជនសង្ស័យ ហាក់មិនទាន់មានតម្រុយនៅឡើយទេ ៕
ចែករំលែកព័តមាននេះ