សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់ប្រកាស នាថ្ងៃទី២២ មេសា ថា បានចាប់នាវា២គ្រឿងក្នុងច្រកសមុទ្រហ័រមូសតែរឿងនោះបែរជាមិនត្រូវបានអាមេរិកចាត់ទុកថា ជាការរំលោភបំពានបទឈប់បាញ់គ្នាឡើយ ។ អ៉ីរ៉ង់ក៏បដិសេធដែរ មិនបើកច្រកសមុទ្រយុទ្ធសាស្ត្រនោះ បើដរាបណាអាមេរិកមិនព្រមដកការហ៊ុមព័ទ្ធកំពង់ផែរបស់ខ្លួន ។

ភាពតានតឹងនៅខ្លាំងក្នុងច្រកសមុទ្រនេះ ជាច្រកសំខាន់សម្រាប់ការឆ្លងកាត់របស់បណ្ដានាវាដឹកប្រេង និងឧស្ម័នព្រមទាំងនាវាពាណិជ្ជកម្មដទៃៗទៀត។ ប្រធានសភាអ៉ីរ៉ង់លោកម៉ូហាម៉ាដបាក់ហ័រហ្គាលីបាហ្វ ក្នុងសារមួយតាមបណ្ដាញសង្កមXអះអាងថា បទឈប់បាញ់គ្នាទាំងស្រុងមានន័យ លុះត្រាតែមិនត្រូវរំលោភដោយការហ៊ុមព័ទ្ធដែនទឹក ហើយការបើកឡើងវិញនៃច្រកសមុទ្រហ័រមូសមិនអាចមានឡើយ បើដរាបណាបទឈប់បាញ់នៅតែរងការសំអកឡកឡឺយដោយចំហ ។
ខាងអាមេរិកវិញ លោកប្រធានាធិបតីដូណាល់ត្រាំ លើកឡើងថា នៅតែមានលទ្ធភាពចំពោះការចរចាជាថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ នាបណ្ដាថ្ងៃខាងមុខ ។ ឆ្លើយតបសារស្ត្រីអ្នកកាសែតម្នាក់របស់កាសែតញូវយ៉កប៉ុស្តិ៍ដែលសួរពីលទ្ធភាពនៃការចរចាថ្មីលោកត្រាំឆ្លើយថា ការចរចាគ្នាអាចមានអំឡុងពេល៣៦ម៉ោង ទៅ៧២ម៉ោងខាងមុខនេះ អាចនាថ្ងៃទី២៤ មេសា។
ចំណែកកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ ប្រកាសពីការចាប់នាវា២គ្រឿងដែលប៉ុនប៉ងបើកឆ្លងកាត់ច្រក
សមុទ្រហ័រមូស ហើយនាវាទាំង២គ្រឿងនោះ ត្រូវបាននាំទៅកាន់ឆ្នេរសមុទ្រអ៉ីរ៉ង់ ។ ទោះបីយ៉ាងណា សេតវិមានមិនបានចាត់ទុកការចាប់នាវាទាំងនេះថា ជាការរំលោភបំពានបទឈប់បាញ់គ្នាឡើយ ព្រោះវាមិនមែនជានាវារបស់អាមេរិក ឬរបស់អ៉ីស្រាអែល តែជានាវាអន្តរជាតិ២គ្រឿង ។ នេះជាការអះអាងរបស់លោកស្រីការ៉ូលីនលីវីតអ្នកនាំពាក្យសេតវិមាន ។
ប្រទេសប៉ាណាម៉ាអះអាងពីការចាប់នាវាមួយគ្រឿងដោតទង់ជាតិប្រទេសខ្លួន គឺនាវាមានឈ្មោះថាMSC FRANCESCA ហើយក្រសួងការបរទេសប៉ាណាម៉ាចោទប្រកាន់អ៉ីរ៉ង់ថា ជាអ្នកធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសមុទ្រ។

ក្រៅពីការចាប់នាវាទាំង២គ្រឿងនោះនាវាទី៣មួយគ្រឿងទៀតរងការបាញ់ប្រហារ ពេលនាវានេះស្ថិតនៅកន្លែងមួយចម្ងាយប្រមាណជា៨ម៉ាយភាគខាងលិចអ៉ីរ៉ង់។ ទោះបីយ៉ាងណា នាវានេះអាចឆ្លងផុតច្រកសមុទ្រហ័រមូស សំដៅទៅកំពង់ផែអារា់ប៊ីសាអូឌីតមួយ ។ តាមក្រុងតេហេរ៉ង់ថា បណ្ដានាវាត្រូវមានការអនុញ្ញាតរបស់អ៉ីរ៉ង់ ពេលចាកចេញឬចូលក្នុងច្រកសមុទ្រហ័រមូស ។ ចំណែកអាមេរិកវិញបានបិទខ្ទប់បណ្ដាកំពង់ផែអ៉ីរ៉ង់ចាប់តាំងពីថ្ងៃទី១៣ មេសា មក។
ប្រធានាធិបតីអាមេរិកបានពន្យារពេល ដោយគ្មានកាលកំណត់បទឈប់បាញ់គ្មាជាមួយអ៉ីរ៉ង់ ប៉ុន្មានម៉ោងមុនពេលផុតកំណត់ទុកពេលថែមទៀតដល់អ៉ីរ៉ង់ ចូលរួមក្នុងការចរចាសន្តិភាពវគ្គថ្មីក្រោមអាជ្ញាកណ្ដាលរបស់ប៉ាគីស្ថាន ។ ម្យ៉ាងទៀតលោកត្រាំពុំបានកំណត់កាលបរិច្ឆេទសម្រាប់ទទួលសំណើរបស់អ៉ីរ៉ង់ឡើយ ៕
ចែករំលែកព័តមាននេះ