ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាត់ការក្តៅ! ម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំរងការផាកពិន័យរាប់ពាន់លានរៀល ជុំវិញការលាក់បាំងជនបរទេស

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២២ ខែមេសា​នេះ​ថា ៖ សមត្ថកិច្ច​ពិន័យ​ម្ចាស់​ទីតាំង រស់នៅ​ប្រមូលផ្ដុំ​ល្មើស​អនុក្រឹត្យ​០៣ សរុប​ទឹកប្រាក់​ជាង​១​ពាន់​លាន​រៀល ។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២២ ខែមេសា​នេះ​ថា ៖ សមត្ថកិច្ច​ពិន័យ​ម្ចាស់​ទីតាំង រស់នៅ​ប្រមូលផ្ដុំ​ល្មើស​អនុក្រឹត្យ​០៣ សរុប​ទឹកប្រាក់​ជាង​១​ពាន់​លាន​រៀល ។

ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្ត​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​០៣ ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ សមត្ថកិច្ច​បាន​ចាត់វិធានការ​ផាកពិន័យ​យ៉ាង​តឹង​រឹង​លើ​ម្ចាស់​ទីតាំង និង​បុគ្គល​ល្មើសច្បាប់​មួយ​ចំនួន ដោយ​ទទួល​បាន​ទឹកប្រាក់​សរុប ចំនួន​១.៧៤៤.០០០.០០០​រៀល ។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

បើ​តាម​របាយការណ៍ ការ​ផាកពិន័យ​នេះ បែងចែក​ជា​ពីរ​ផ្នែក​ធំ​ៗ រួម​មាន​ទី​១ គឺ​ការ​ផាកពិន័យ​លើ​ការ​ស្នាក់​នៅ​ខុសច្បាប់ (៤​លាន​រៀល​ក្នុង​ជនបរទេស​ម្នាក់​) ដោយ​ករណី​នេះ សមត្ថកិច្ច​ផាកពិន័យ​បាន​ទឹកប្រាក់​១​ពាន់ ៧២០​លាន​រៀល ក្នុង​នោះ​នៅ​ភ្នំពេញ​មាន​៩៥៦​លាន​រៀល ព្រះ​សី​ហនុមាន​៦៦៨​លាន​រៀល កណ្តាល​មាន​៦០​លាន​រៀល មណ្ឌលគិរី​មាន​២០​លាន​រៀល និង​ខេត្តសៀមរាប មាន​១៦​លាន​រៀល ។

ចំណែក ទី​២ គឺ​ការ​ផាកពិន័យ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​សន្តិសុខ ទទួល​បាន​ទឹកប្រាក់​ពិន័យ​ចំនួន​២៤​លាន​រៀល រួម​មាន​ខេត្តមណ្ឌលគិរី ៤០០.០០០​រៀល និង​ខេត្តកណ្តាល ២៣.៦០០.០០០​រៀល ។
ដោយឡែក នៅ​ក្នុង​ខែមេសា​នេះ គិត​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​២០ សមត្ថកិច្ច​មូលដ្ឋាន​បាន​បើក​យុទ្ធនាការ​បន្ត​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​យ៉ាង​សកម្ម​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​២.៦៩៦​ទីតាំង មាន​មនុស្ស​ពាក់ព័ន្ធ​២១.២៥៩​នាក់ ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ មាន​១.០៤៥​ទីតាំង តាកែវ មាន​១.១០៨​ទីតាំង ក្រចេះ មាន​៣៤៥​ទីតាំង ព្រះ​សីហ​នុ មាន​៨៣​ទីតាំង បន្ទាយ​មាន​ជ័យ មាន​៥៦​ទីតាំង កំពង់ចាម មាន​៣៧​ទីតាំង មណ្ឌលគិរី មាន​១២​ទីតាំង ឧត្តរមានជ័យ​មាន​៥​ទីតាំង កណ្ដាល មាន​៣​ទីតាំង រតនគិរី មាន​១​ទីតាំង និង​ខេត្តសៀមរាប មាន​១​ទីតាំង​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុង​នាម​ជា​សេនាធិការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា ការ​រឹត​បន្តឹង​អនុក្រឹត្យ​លេខ ០៣ មិនមែន​ធ្វើ​ឡើង​ត្រឹមតែ​ជា​យុទ្ធនាការ​មួយ​គ្រានោះ​ទេ ប៉ុន្តែ គឺជា​កិច្ច​ការងារ​អាទិភាព​ដែល​ត្រូវ​អនុវត្ត​ជា​ប្រចាំ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​គ្រប់គ្រង​ជនបរទេស និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​បាន​ហ្មត់ចត់ ពិសេស​រួមចំណែក​បោសសម្អាត និង​លុប​បំបាត់​ឱ្យ​អស់ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ឱ្យ​បន្ត​សហការ​គ្នា​ជិត​ស្និទ្ធ​ក្នុង​ការ​ត្រួតពិនិត្យ​រដ្ឋបាល និង​តាមដាន​រាល់​សកម្មភាព​មិន​ប្រក្រតី នៅ​តាម​មូលដ្ឋាន ដើម្បី​កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជាវិនិយោគិន​បរទេស​ដែល​មក​ធ្វើ​អាជីវកម្ម​ស្របច្បាប់ ។

ប្រមុខ​ក្រសួងមហាផ្ទៃ បាន​រំលឹក និង​ដាស់តឿន​យ៉ាង​ទទូច ដល់​ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ទាំងអស់​អនុវត្ត​កាតព្វកិច្ច​រាយ​ការ​វត្តមាន​ជនបរទេស និង​រៀបចំ​ទីតាំង​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ការ​កំណត់​ក្នុង​អនុក្រឹត្យ​០៣ ចៀសវាង​ទទួល​រង​ការ​ផាកពិន័យ និង​ទណ្ឌកម្ម​ផ្លូវច្បាប់​ផ្សេង​ទៀត ។

សូម​បញ្ជាក់​ថា ទីតាំង​ស្នាក់​នៅ​ប្រមូលផ្តុំ គឺ​សំដៅ​ទៅ​លើ ទី​សំណាក់​ប្រមូលផ្តុំ ឬ​លំនៅ​ឋាន​ប្រមូលផ្តុំ រួម​មាន បុរី ខុន​ដូ អា​ផាត​មិន រី​សត បឹង​កា​ឡូ អគារ​សហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្ត​អារាម វិហារ​សាសនា និង​មណ្ឌល​ថែទាំ​កុមារ​កំព្រា​ជាដើម​។

អនុក្រឹត្យ​លេខ​០៣ ក៏​បាន​បែងចែក​តួនាទី និង​ភារកិច្ច​ដល់ អាជ្ញាធរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ដឹកនាំ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​ការ​ស្នាក់​នៅ តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ។ ចំណែក​ស្នងការ និង​អធិការ មាន​តួនាទី​ជា​សេនាធិការ​ជូន​អភិបាល លើ​ការ​រៀបចំ​ផែនការ និង​ដឹកនាំ​គ្រប់គ្រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ដើម្បី​អនុវត្ត​ផែនការ​ការងារ​គ្រប់គ្រង ការ​ស្នាក់​នៅ​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ក្នុង​ដែន​សមត្ថកិច្ច​។

អនុក្រឹត្យ​នេះ ក៏​បាន​កំណត់​កាតព្វកិច្ច​យ៉ាង​ច្បាស់​ដល់​ម្ចាស់​ទីតាំង ប្រធាន ឬ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ មាន​កាតព្វកិច្ច​កត់ត្រា​អ្នក​ស្នាក់​នៅ​ទាំងអស់ ដើម្បី​រាយការណ៍​ទៅ​សមត្ថកិច្ច ។ ការ​ប្រែប្រួល​អ្នក​ស្នាក់​នៅ​ក៏​ត្រូវ​តែ​រាយការណ៍​នឹង​ត្រូវ​សហការ​ពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ។ ករណី​មាន​វត្តមាន​ជនបរទេស​ស្នាក់​នៅ​បណ្តោះអាសន្ន ត្រូវ​រាយការណ៍​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ឬ​សមត្ថកិច្ច យូរ​បំផុត​២៤​ម៉ោង ។ មុន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ត្រូវ​ឱ្យ​ជនបរទេស​ផ្ដល់​ឯកសារ​បញ្ជាក់​អំពី​សិទ្ធិ​ស្នាក់​នៅ​ស្របច្បាប់​បើ​ផ្ទុយ​ពី​នេះ គឺ​មិន​ត្រូវ​ឱ្យ​ស្នាក់​នៅ​ជា​ដាច់ខាត​។

ក្នុង​ករណី​ម្ចាស់​ទីតាំង ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​មួយ​ចំនួន​ដូច​ជា ចំពោះ​ម្ចាស់​ទីតាំង ប្រធាន ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​ស្នាក់​នៅ​ប្រមូលផ្តុំ​ណា ដែល​មិន​បាន​អនុវត្ត​កាតព្វកិច្ច​ខាងលើ នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល ក្នុង​ជនបរទេស​ម្នាក់ (​គុណ​ប្រាក់​តាម​ចំនួន​ជនបរទេស​ជាក់ស្តែង​) ដោយ​មិន​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ ។

ដោយឡែក ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​មិន​បំពេញ​តួនាទី​ដោយ​ស្មោះត្រង់​ឬ​មាន​ចេតនា​លាក់បាំង​ជនបរទេស​ខុសច្បាប់​ឱ្យ​ស្នាក់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ដោយ​មិន​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ