រាជធានីភ្នំពេញ ៖ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ភាគីមិត្តចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជាក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិដែនទឹក ដែនគោក និងដែនអាកាស ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ។
នៅក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាន និងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ។
ក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ។
ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធាដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស ៕
ចែករំលែកព័តមាននេះ