ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ ! រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ដែលលឿនជាងឆ្នាំ២០២៥

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា រដូវវស្សា​អាច​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០២៦ ដែល​លឿន​ជាង​ឆ្នាំ​២០២៥ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា រដូវវស្សា​អាច​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០២៦ ដែល​លឿន​ជាង​ឆ្នាំ​២០២៥ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​អាកាសធាតុ លើក​ទី​១ សម្រាប់​រដូវវស្សា ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០២៦ បាន​លើក​ឡើង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៦ ថា បាតុភូត​សកល យោង​ទៅ​លើ​ការ​ព្យាករ​ស្តី​ពី​ស្ថានភាព​វិវត្តន៍​នៃ​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច មហាសមុទ្រ​ឥណ្ឌា និង​តំបន់​អេក្វាទ័រ​បង្ហាញ​ឱ្យ​ឃើញ​ថា បាតុភូត​អែន​សូ​អព្យាក្រឹត (ENSO-Neutral) នៅ​បន្ត​កើតឡើង​ក្នុង​កម្រិត ៨០% រហូត​ដល់​ខែមិថុនា និង​ថយ​មក​នៅ​ត្រឹម​៤០% នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៦ ។ ដោយឡែក ចាប់ពី​ខែសីហា រហូត​ដល់​ខែធ្នូ បាតុភូត​អែ​ល​នី​ញ៉ូ (El Niño) នឹង​កើន​ដល់​កម្រិត​៩០% ។

ក្រសួង​ថា​បាតុភូត អាយ អូ ឌី (IOD) ដែល​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា ស្ថិត​នៅ​អព្យាក្រឹត (IOD-Neutral) រហូត​ដល់​ខែតុលា ឆ្នាំ​២០២៦ ។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​រដូវវស្សា ឆ្នាំ​២០២៦ រដូវវស្សា​អាច​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០២៦ ដែល​លឿន​ជាង​ឆ្នាំ ២០២៥ ។ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​មធ្យម​អតិបរមា ៣៦°C ដែល​ទាប​ជាង​សីតុណ្ហភាព​មធ្យម ភាគច្រើន​ឆ្នាំ និង​មាន​លក្ខណៈ​ដូច​ឆ្នាំ​២០២៥ ។

ក្រសួង​ថា ដើមរដូវ​វស្សា​សីតុណ្ហភាព​មធ្យម​អប្បបរមា និង​មធ្យម​អតិបរមា ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ បរិមាណ​ទឹកភ្លៀង​នៅ​ខែឧសភា ដល់​ខែមិថុនា មាន​កម្ពស់​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​មធ្យម​ទៅ​ច្រើន ។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​អាច​កើតឡើង​ច្រើន ។ នៅ​ពាក់កណ្តាល​រដូវវស្សា មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា និង​មធ្យម​អតិបរមា ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ បរិមាណ​ទឹកភ្លៀង​វិញ នៅ​ខែកក្កដា ដល់​ខែសីហា មាន​កម្ពស់​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​មធ្យម​ទៅ​ច្រើន ។ ជាមួយ​គ្នា​នេះ​ដែរ កូន​រដូវប្រាំង​អាច​នឹង​កើត​មាននៅ​ក្នុង​ស​ប្តា​ហ៍​ទី​២ និង​ចប់​ទៅ​វិញ​នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍​ទី​៣ នៃ​ខែសីហា ដដែល ។

ក្រសួង​ថា ចុងរដូវ​វស្សា សីតុណ្ហភាព​មធ្យម​អប្បបរមា និង​មធ្យម​អតិបរមា ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ បរិមាណ​ទឹកភ្លៀង​នៅ​ខែកញ្ញា ដល់​ខែតុលា មាន​កម្ពស់​ខ្ពស់​ជាង ឫ​ប្រហាក់ប្រហែល​នឹង​មធ្យម ភាគច្រើន​ឆ្នាំ និង​បរិមាណ​ទឹកភ្លៀង​មាន​ពី​ច្រើន​ទៅ​មធ្យម​។

ក្រសួង​សេចក្តីសន្និដ្ឋាន យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​សម្រាប់​រដូវវស្សា ឆ្នាំ​២០២៦ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​មធ្យម​អតិបរមា ៣៦°C ដែល​ទាប​ជាង​សីតុណ្ហភាព​មធ្យមភាគ​ច្រើន​ឆ្នាំ និង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង ឆ្នាំ​២០២៥ ។ បរិមាណ​ទឹកភ្លៀង​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ជាមួយនឹង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​ដូច ឆ្នាំ​២០២៥ ។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​អាច​កើតឡើង​ច្រើន ។ រីឯ​កូន​រដូវប្រាំង​អាច​នឹង​កើត​មាននៅ ក្នុង​ស​ប្តា​ហ៍​ទី​២ នៃ​ខែសីហា និង​ចប់​ទៅ​វិញ​នៅ​ពាក់កណ្តាល​ស​ប្តា​ទី​៣ នៃ​ខែសីហា​ដដែល ។

រូបតំណាងដោយAI

ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​សូម​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ ដែល​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ច្រើន នៅ​ក្នុង​ឆ្នាំ​២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ