ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​ផ្ទុះ​វីរុស​នី​ប៉ា​ហ៍ ខណៈ​ដែល​បុណ្យចូលឆ្នាំ​ចិន​ខិត​ជិត​មក​ដល់

4 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ បន្ទាប់​ពី​របាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​វីរុស​នី​ប៉ា​ហ៍ (Nipah) ចំនួន ២ ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​រដ្ឋ​បេង​ហ្គា​ល់​ខាងលិច (West Bengal)…

ទីក្រុង​ប៉េ​កាំ​ង ៖ បន្ទាប់​ពី​របាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​វីរុស​នី​ប៉ា​ហ៍ (Nipah) ចំនួន ២ ករណី​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​រដ្ឋ​បេង​ហ្គា​ល់​ខាងលិច (West Bengal) ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មកនេះ ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន​។ គួររំលឹកថា ការ​ទទួលទាន​ទឹកត្នោត ក៏​ជា​កត្តា​ចម្លង​វីរុស​«​នី​ប៉ា​ហ៍​»​ដែរ

បើ​ទោះបីជា​អ្នកជំនាញ​សុខភាព​សាធារណៈ​នៅ​ក្នុង​ប្រទេស​ចិន បាន​វាយតម្លៃ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​នី​ប៉ា​ហ៍​ថា​មាន​កម្រិត​ទាប​ក៏​ដោយ ក៏​លើ​បណ្តា​សង្គម​ចិន នៅ​តែ​ឃើញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​វីរុស​ដ៏​គ្រោះថ្នាក់​នេះ ជា​ពិសេស​នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​ខិត​ជិត​មក​ដល់​។ ដ្បិត​នៅ​ក្នុង​ប្រទេស​ចិន បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ជា​ពេលវេលា​ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ច្រើន​បំផុត​។

យោង​តាម​កាសែត​ហុងកុង South China Morning Post (SCMP) កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា ការ​ដេញដោល​អំពី​វីរុស​នី​ប៉ា​ហ៍ កំពុង​កើនឡើង​ខ្លាំង​បំផុត​លើ​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន ដោយ​មនុស្ស​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​លង​បន្លាច​ដោយ​ការ​បិទ​ខ្ទប់ អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩ (Covid-19)​។ ម្ចាស់​គណនី​ម្នាក់​បាន​សរសេរ​ថា «​វា​គួរ​ឱ្យ​ខ្លាច​ណាស់​ក្នុង​ការ​គិត​ពី​វា ជា​ពិសេស​ជាមួយនឹង​បុណ្យចូលឆ្នាំ​ចិន ខិត​ជិត​មក​ដល់​។ ខ្ញុំ​មិន​ចង់​ឆ្លងកាត់​ការ​បិទ​ខ្ទប់ ឬ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ទៀត​ទេ​»​។

យោង​តាម​គេហទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ Yicai China កាលពី​ថ្មី​ៗ​នេះ បាន​ចេញផ្សាយ​ថា ប្រទេស​ចិន​ឥឡូវនេះ​បាន​បន្ថែម​វីរុស​នី​ប៉ា​ហ៍​ទៅ​ក្នុង​បញ្ជី​ជំងឺឆ្លង​ដែល​ត្រូវ​តាមដាន បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​ថ្មី​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​។ កាសែត​ចក្រភព​អង់គ្លេស The Independent ឯណោះ​វិញ​ក៏​បាន​រាយការណ៍​ថា ប្រទេស​ឥណ្ឌា​បាន​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​វិ​រុស​នេះ នៅ​ក្នុង​រដ្ឋ​កេ​រ៉ា​ឡា (Kerala) នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៥ ដោយ​មាន​ករណី​ឆ្លង​ចំនួន ៤ ករណី​ដែល​បាន​បញ្ជាក់​។

អាជ្ញាធរ​សុខាភិបាល និង​អ្នកជំនាញ​ខាង​វីរុស​នៅ​ក្នុង​ប្រទេស​ចិន​ជឿ​ថា លក្ខណៈ​នៃ​វីរុស​នី​ប៉ា​ហ៍​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ឆ្លង​ទូលំទូលាយ​មិន​ទំនងជា​កើតឡើង​នោះ​ទេ​។ ទោះជា​អត្រា​មរណភាព​ក្នុង​ករណី​ឆ្លង​វីរុស​នេះ​អាច​ខ្ពស់​ដល់ ៧៥% យ៉ាងណា​ក៏​ដោយ ក៏​ការ​ចម្លង​គឺ​ស្ថិត​នៅ​កម្រិត​ទាប​ជាង​ជំងឺ​ផ្លូវដង្ហើម​ដទៃ​ទៀត​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ថ្មី​ៗ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ចិន (CDC) បាន​ជំរុញ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ជំងឺឆ្លង​ក្នុង​រដូវ​កាល​មានការ​ធ្វើ​ដំណើរ​ខ្ពស់ រួម​ទាំង​ការ​ព្រមាន​អំពី​ហានិភ័យ​ពី​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​គ្រុន​ឈី​ក (Chikungunya) និង​ជំងឺ​គ្រុនក្តៅ​ឡា​សា (Lassa)​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ វីរុស​នី​ប៉ា​ហ៍​មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ទេ​។

វីរុស​នី​ប៉ា​ហ៍ ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​រវាង​ឆ្នាំ ១៩៩៨ និង ១៩៩៩ ដែល​ភាគច្រើន​ជាប់​ទាក់ទង​នឹង​កម្មករ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​អ្នក​ប៉ះពាល់​ជាមួយ​សត្វពាហនៈ​។ បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​ការពារ​សុខភាព​ហុងកុង​បង្ហាញ​ថា វីរុស​នី​ប៉ា​ហ៍​អាច​ឆ្លង​ដល់​សត្វ​ជា​ច្រើន​ប្រភេទ​ដូច​ជា ជ្រូក សេះ ពពែ ចៀម ឆ្មា និង​ឆ្កែ​។

ចាប់តាំងពី​ដើម​សតវត្សរ៍​ទី ២១ មក ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នី​ប៉ា​ហ៍ ចំពោះ​មនុស្ស​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​បង់​ក្លា​ដែ​ស ដែល​ជំងឺ​នេះ​ជា​ធម្មតា​កើតឡើង​រវាង​ខែធ្នូ និង​ខែមេសា​។ ករណី​ភាគច្រើន​ក្នុង​ប្រទេស​ឥណ្ឌា និង​បង់​ក្លា​ដែ​ស មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ទទួលទាន​ទឹកត្នោត​ស្រស់​ៗ​ដែល​ដែល​មាន​ទឹកនោម ឬ​ទឹកមាត់​សត្វ​ប្រចៀវ​ឆ្លង​មេរោគ ដ្បិត​ប្រចៀវ​គឺជា​ប្រភព​នៃ​វីរុស​នី​ប៉ា​ហ៍​នេះឯង​។ បច្ចុប្បន្ន មិន​ទាន់​មានការ​ព្យាបាល​ជាក់លាក់ ឬ​វ៉ាក់សាំង​សម្រាប់​បង្ការ​វីរុស​នេះ​នៅឡើយ​ទេ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប្រទេស​អាស៊ី​ជា​ច្រើន​កំពុង​តែ​រឹត​បន្តឹង​ការ​គ្រប់គ្រង​សុខភាព​សាធារណៈ​រៀងខ្លួន​៕ ប្រភព ៖ Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ