រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការទទួលទៀនផ្លែឈើ ឬទឹកផ្លែឈើ ដូចទឹកត្នោត ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវ ដែលមានផ្ទុកវីរុសនីប៉ាហ៍ក៏ជាកត្តាចម្លងវីរុសនីប៉ាហ៍ផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus) របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ជំងឺ
នីប៉ាហ៍ (Nipah)គឺជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក ។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ ។
វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០នាក់ ។ ប៉ុន្តែបន្ទាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេ ។
វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាក្នុងឆ្នាំ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជានៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ ។ ក្រសួងបានលើកពីរបៀបចម្លងរបស់វីរុសនីប៉ាហ៍ថា សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា ឈាម លាមក ឬទឹកនោមនៃសត្វទាំងនេះ ។
ក្រសួងក៏បានលើកឡើងថា ការទទួលទានផ្លែឈើ ឬទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ ។ ក្រសួងបានលើកឡើងទៀតថា មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ។ ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។
ក្រសួងក៏បានបង្ហាញពីបង្ហាញពីរោគសញ្ញាថា បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និងរលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់ ។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូតដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី៤ថ្ងៃ ទៅ១៤ថ្ងៃ តែអាចរហូតដល់៤៥ថ្ងៃ រោគសញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ ។ នៅពេលដែលខួរក្បាលហើម ធ្វើឱ្យវិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ ។
បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។

ក្រសួងសុខាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះ មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានប្រាប់ពីរបៀបបង្ការកុំឲ្យឆ្លងវីរុសនីប៉ាហ៍
ដូចជា៖ លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូកជាប្រចាំ ជាមួយនឹងសាប៊ូ ។ ចៀសវាងប៉ះពាល់ជាមួយសត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ,
បើមានការសង្ស័យថា មានការផ្ទុះឡើងកន្លែងសត្វ គួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់ ។ ការសម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ការឆ្លងដល់មនុស្ស ។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត ។
លើសពីនេះ កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោត និងផលិតផលអាហារស្រស់ផ្សេងទៀត ។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗ គួរដាំឱ្យពុះ, លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថា សត្វប្រចៀវស៊ីត្រូវបោះចោល ។ ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គរបស់វា និងក្នុងអំឡុងពេលនៃការសម្លាប់ និងការកំទេចចោល,កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍ ។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរ សុខទុក្ខអ្នកជំងឺ ។
បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថា មានការឆ្លងត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា ។ ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្តដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន ៕
ចែករំលែកព័តមាននេះ