ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ សព​យុវជន​ម្នាក់​ដែល​ប្រាប់​ក្មេង​ៗ​ថា អា​អូន​ឯង​ចាំ​មើល​បង​លឹប​ទឹក​ឲ្យ​មើល​ណា ស្រាប់តែ​លិច​បាត់​រហូត

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សព​យុវជន ដែល​លង់ទឹក កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​រណ្តៅ​ដី​វាលស្រែ​ជម្រៅ ស្ថិត​នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ សព​យុវជន ដែល​លង់ទឹក កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​រណ្តៅ​ដី​វាលស្រែ​ជម្រៅ ស្ថិត​នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ ។

នគរបាល​បាន​ប្រាប់​ថា យុវជន​រូប​នោះ​មានឈ្មោះ ស្រ៊ុ​ន សុភ​ត្ត្រា ហៅ​សាក់ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​បឹង​ត្របែក សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សព ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​រុករក និង​សង្គ្រោះ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង លេខ​៩១១ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦​។ ដោយ​បាន​ប្រើ​ពេល​ក្នុង​ការ​មុជទឹក រាវរក​ជាង​១​ម៉ោង បន្ទាប់​មក​ក្រុម​គ្រួសារ ក៏​បាន​ទទួលយក​សាកសព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។

សូម​រម្លឹក​ថា «​យុវជន​ម្នាក់​ប្រាប់​ក្មេង​ៗ​ថា​«​អា​អូន​ឯង​ចាំ​មើល​បង​លឹប​ទឹក​ឲ្យ​មើល​ណា​»​ក៏​ស្រាប់តែ​លិច​បាត់​រហូត​» យុវជន​ម្នាក់ ឃើញ​ស្រី​ៗ និង​ក្មេង​ៗ កំពុង​រាវ​ខ្យង​នៅ​ក្នុង​ទឹក​ស្រែ​ជម្រៅ​មួយ​កន្លែង ក៏​បាន​ចុះ​ទៅ​លេង​ទឹក​ដែរ ហើយ​បាន​ស្រែក​ប្រាប់​ក្មេង​ៗ ដែល​នៅ​ជិត​នោះ​ថា «​អា​អូន​ឯង​ចាំ​មើល​បង​លឹប​ទឹក​ឲ្យ​មើល​ណា​» បន្ទាប់​មក​ក៏​ស្រាប់តែ​លង់​លិចទៅ​បាត់​ទៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ចាស់​មួយ​កន្លែង មិនឃើញ​ងើប​វិញ​រហូត​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុង​រណ្ដៅ​ដី​ចាស់​ស្ថិត​នៅ​កណ្ដាល​វាលស្រែ​ជម្រៅ ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​នោះ​ឈ្មោះ សាក់ អាយុប្រមាណ​ជាង​២០​ឆ្នាំ មានស្រុក​កំណើត​មិន​ច្បាស់លាស់ ដោយ​កាល​នៅ​រស់​ប្រាប់​គេឯង​ម្ដង​ថា នៅ​ខេត្ត​រតនៈគីរី និង​ម្ដងទៀត​ថា ខេត្ត​មណ្ឌល​គី​រី​។ ប៉ុន្តែ​យុវជន​នេះ បាន​មក​រាជធានី​ភ្នំពេញ និង​ស្នាក់​នៅ​ម្ដុំ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មួយ​រយៈ ហើយ​ចុង​ក្រោយ​នេះ បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​វត្ត​កំពែង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើបបាន​រយៈពេល​៥ ទៅ​៦​ថ្ងៃ ប៉ុណ្ណោះ ។

បុរស​ម្នាក់ បាន​និយាយ​ថា គាត់​ទើបបាន​ស្គាល់​យុវជន​រង​គ្រោះ​ខាងលើ បាន​រយៈពេល​៥ ទៅ​៦​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​តែ​យុវជន​នោះ​ទើប​មក​ស្នាក់​ផ្ទះ​ជួល​ក្បែរ​គាត់ ហើយ​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ចេញពីផ្ទះ​ជួល ទៅ​ហូប​កាហ្វេ និង​បុកល្ហុង​ជិត​កន្លែង​កើតហេតុ​។ ខណៈនោះ យុវជន​រង​គ្រោះ បាន​សុំ​គាត់​ជិះ​ទៅ​ជាមួយ​ដែរ ហើយ​គាត់​ក៏​បាន​ឲ្យ​ទៅ​ជាមួយ លុះ​ពេល​ទៅ​ដល់​គាត់​បាន​អង្គុយ​ហូប​បុកល្ហុង ចំណែក​យុវជន​នោះ​ឃើញ​ស្រី​ៗ និង​ក្មេង​ៗ​កំពុង​រាវ​ខ្យង ក្នុង​ទឹក​ស្រែ​ជម្រៅ ក៏​បាន​ដោះ​សម្លៀក​បំពាក់​ដាក់​មាត់ទឹក រួច​ចុះ​ទៅ​លេង​ទឹក និង​គេ​ដែរ ។

បុរស​នោះ បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​គាត់​មិន​បាន​មើល​ថា យុវជន​នោះ​លេង​ទឹក​បែប​ណាខ្លះ​ទេ ព្រោះ​គាត់​អង្គុយ​ហូប​បុកល្ហុង​បែរខ្នង​ដាក់​យុវជន​នោះ លុះ​ក្រោយ​ក៏​ស្រាប់តែ​ស្រី​ៗ អ្នក​រាវ​ខ្យង​ស្រែក​ប្រាប់​ថា យុវជន​នោះ​លង់ទឹក​ហើយ​។ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​រូប​គាត់​បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ព្រោះ​ពុំ​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន ហើយ​ក៏​ពុំ​ដឹង​ថា ត្រូវធ្វើ​បែប​ណា​នោះ​ឡើយ ។

ប្រជាពលរដ្ឋ បាន​និយាយ​ថា នៅ​ចំណុច​កើតហេតុ​នោះ គឺជា​ស្រែ​ជម្រៅ និង​មាន​រណ្ដៅ​ដី​ចាស់​ជ្រៅ​មួយ​នៅ​កណ្ដាល​វាលស្រែ​នោះ ហើយដោយ​សារ​តែ​ទឹក​ច្រើន​ល្ហាចល្ហ ទើប​មើល​អត់​ឃើញ​រណ្ដៅ​ដី​ឡើយ ចំណែក​អ្នក​ដែល​អត់​ដឹង និង​អត់​ចេះ​ហែល​ទឹក ដូច​ជា​ជន​រង​គ្រោះ គឺ​ត្រូវ​លង់​ស្លាប់​បែប​នេះ ។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រៃ​ស បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​នោះ ឃើញ​គេ​រាវ​ខ្យង ក៏​ចុះ​ទៅ​រាវ​ជាមួយ​គេ ហើយ​កន្លះ​ម៉ោង ក្រោយមក គាត់​បាន​ដើរទៅ​កន្លែង​ទួល​មួយ​នៅ​កណ្ដាល​ស្រែ រួច​អង្គុយ​មួយសន្ទុះ​។ រហូត​ដល់​ម៉ោង​ជិត​៣​រសៀល គាត់​ក៏​ដើរ​តាម​ទំនប់​លិច​ទឹក​ចុះឡើង​ៗ ហើយ​អ្នក​បង់សំណាញ់​នៅ​ជិត​នោះ​ស្រែក​ប្រាប់​ថា «​អើ​អា​ក្អូ​ន​អើយ ឯង​លេង​តែ​កន្លែង​ទឹក​រាក់​ៗ​បាន​ហើយ កុំមក​លេង​កន្លែង​នេះ ទឹក​ជ្រៅ​ណាស់ !» ។

លោកនាយ​ប៉ុស្តិ៍​រូប​នោះ បាន​ប្រាប់​បន្ថែម​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក យុវជន​នេះ បាន​ទៅ​លេង​កន្លែង​ជ្រៅ និង​ស្រែក​ប្រាប់​ក្មេង​ៗ ដែល​នៅ​ជិត​នោះ​ថា «​អា​អូន​ឯង​ចាំ​មើល​បង​លឹប​ទឹក​ឲ្យ​មើល​ណា​» បន្ទាប់​មក ក៏​ស្រាប់តែ​លង់​លិចទៅ​បាត់​ទៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ចាស់ ពេល​នោះ​ក្មេង​ៗ​បាន​ចាំ​មើល​រយៈពេល​៤​នាទី មិនឃើញ​ងើប​វិញ ក៏​រត់​ទៅ​ប្រាក់​អ្នក​បង់​ត្រី​ឲ្យ​ជួយ ។ ខណៈនោះ អ្នក​បង់​ត្រី​បាន​យក​សំណាញ់​ទៅ​បង់​រក​យុវជន​នោះ​ដែរ ប៉ុន្តែ​ឃើញ​តែ​ពពុះទឹក​បុក​ឡើង​ពីក្រោម​មក តែ​អត់​ឃើញ​យុវជន​នោះ​សោះ ទើប​រាយការណ៍​ជូន​កម្លាំង​លោក​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ