រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ឃើញស្រីៗ និងក្មេងៗ កំពុងរាវខ្យងនៅក្នុងទឹកស្រែជម្រៅមួយកន្លែង ក៏បានចុះទៅលេងទឹកដែរ ហើយបានស្រែកប្រាប់ក្មេងៗ ដែលនៅជិតនោះថា «អាអូនឯងចាំមើលបងលឹបទឹកឲ្យមើលណា» បន្ទាប់មកក៏ស្រាប់តែលង់លិចទៅបាត់ទៅក្នុងទឹករណ្ដៅដីចាស់មួយកន្លែង មិនឃើញងើបវិញរហូតតែម្ដង ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅក្នុងរណ្ដៅដីចាស់ស្ថិតនៅកណ្ដាលវាលស្រែជម្រៅ ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជននោះឈ្មោះ សាក់ អាយុប្រមាណជាង២០ឆ្នាំ មានស្រុកកំណើតមិនច្បាស់លាស់ ដោយកាលនៅរស់ប្រាប់គេឯងម្ដងថា នៅខេត្តរតនៈគីរី និងម្ដងទៀតថា ខេត្តមណ្ឌលគីរី។ ប៉ុន្តែយុវជននេះ បានមករាជធានីភ្នំពេញ និងស្នាក់នៅម្ដុំសង្កាត់បឹងត្របែក ខណ្ឌចំការមន មួយរយៈ ហើយចុងក្រោយនេះ បានមកស្នាក់នៅផ្ទះជួលម្ដុំវត្តកំពែង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបបានរយៈពេល៥ ទៅ៦ថ្ងៃ ប៉ុណ្ណោះ ។
បុរសម្នាក់ បាននិយាយថា គាត់ទើបបានស្គាល់យុវជនរងគ្រោះខាងលើ បានរយៈពេល៥ ទៅ៦ថ្ងៃប៉ុណ្ណោះ ដោយសារតែយុវជននោះទើបមកស្នាក់ផ្ទះជួលក្បែរគាត់ ហើយនៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះជួល ទៅហូបកាហ្វេ និងបុកល្ហុងជិតកន្លែងកើតហេតុ។ ខណៈនោះ យុវជនរងគ្រោះ បានសុំគាត់ជិះទៅជាមួយដែរ ហើយគាត់ក៏បានឲ្យទៅជាមួយ លុះពេលទៅដល់គាត់បានអង្គុយហូបបុកល្ហុង ចំណែកយុវជននោះឃើញស្រីៗ និងក្មេងៗកំពុងរាវខ្យង ក្នុងទឹកស្រែជម្រៅ ក៏បានដោះសម្លៀកបំពាក់ដាក់មាត់ទឹក រួចចុះទៅលេងទឹក និងគេដែរ ។
បុរសនោះ បាននិយាយបន្តទៀតថា ពេលនោះគាត់មិនបានមើលថា យុវជននោះលេងទឹកបែបណាខ្លះទេ ព្រោះគាត់អង្គុយហូបបុកល្ហុងបែរខ្នងដាក់យុវជននោះ លុះក្រោយក៏ស្រាប់តែស្រីៗ អ្នករាវខ្យងស្រែកប្រាប់ថា យុវជននោះលង់ទឹកហើយ។ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយរូបគាត់បានត្រឹមតែឈរមើលប៉ុណ្ណោះ ព្រោះពុំមានលទ្ធភាពជួយសង្គ្រោះបាន ហើយក៏ពុំដឹងថា ត្រូវធ្វើបែបណានោះឡើយ ។
ប្រជាពលរដ្ឋ បាននិយាយថា នៅចំណុចកើតហេតុនោះ គឺជាស្រែជម្រៅ និងមានរណ្ដៅដីចាស់ជ្រៅមួយនៅកណ្ដាលវាលស្រែនោះ ហើយដោយសារតែទឹកច្រើនល្ហាចល្ហ ទើបមើលអត់ឃើញរណ្ដៅដីឡើយ ចំណែកអ្នកដែលអត់ដឹង និងអត់ចេះហែលទឹក ដូចជាជនរងគ្រោះ គឺត្រូវលង់ស្លាប់បែបនេះ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃស បានប្រាប់ថា នៅមុនពេលកើតហេតុ យុវជននោះ ឃើញគេរាវខ្យង ក៏ចុះទៅរាវជាមួយគេ ហើយកន្លះម៉ោង ក្រោយមក គាត់បានដើរទៅកន្លែងទួលមួយនៅកណ្ដាលស្រែ រួចអង្គុយមួយសន្ទុះ។ រហូតដល់ម៉ោងជិត៣រសៀល គាត់ក៏ដើរតាមទំនប់លិចទឹកចុះឡើងៗ ហើយអ្នកបង់សំណាញ់នៅជិតនោះស្រែកប្រាប់ថា «អើអាក្អូនអើយ ឯងលេងតែកន្លែងទឹករាក់ៗបានហើយ កុំមកលេងកន្លែងនេះ ទឹកជ្រៅណាស់ !» ។
លោកនាយប៉ុស្តិ៍រូបនោះ បានប្រាប់បន្ថែមទៀតថា លុះមួយសន្ទុះក្រោយមក យុវជននេះ បានទៅលេងកន្លែងជ្រៅ និងស្រែកប្រាប់ក្មេងៗ ដែលនៅជិតនោះថា «អាអូនឯងចាំមើលបងលឹបទឹកឲ្យមើលណា» បន្ទាប់មក ក៏ស្រាប់តែលង់លិចទៅបាត់ទៅក្នុងទឹករណ្ដៅដីចាស់ ពេលនោះក្មេងៗបានចាំមើលរយៈពេល៤នាទី មិនឃើញងើបវិញ ក៏រត់ទៅប្រាក់អ្នកបង់ត្រីឲ្យជួយ ។ ខណៈនោះ អ្នកបង់ត្រីបានយកសំណាញ់ទៅបង់រកយុវជននោះដែរ ប៉ុន្តែឃើញតែពពុះទឹកបុកឡើងពីក្រោមមក តែអត់ឃើញយុវជននោះសោះ ទើបរាយការណ៍ជូនកម្លាំងលោកឲ្យជួយអន្តរាគមន៍តែម្ដង ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់វេលាយប់ថ្ងៃកើតហេតុដដែលនោះ នៅពុំទាន់រកសាកសពយុវជននោះឃើញនៅឡើយទេ ហើយក៏ពុំទាន់រកសាច់ញាតិឃើញដែរ។ ប៉ុន្តែនៅក្រោយពេលកើតហេតុ សង្សាររបស់ជនរងគ្រោះរូបនោះ បានយកផ្លែចេកទៅដាក់ក្បែរសម្លៀកបំពាក់យុវជនខាងលើ អុជធូបបន់សុំឲ្យរកឃើញយុវជននេះផងដែរ ៕






ចែករំលែកព័តមាននេះ