ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារអតីតសណ្ឋាគារអង្គរមានជ័យបាត់រូបរាងហើយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​មកនេះ សំណង់​អគារ​អតីត​សណ្ឋាគារ អង្គរ​មាន​ជ័យ (​មានឈ្មោះ​ដើម​នគរ​ជ័យ​) ដែល​មាន​អាយុ​៧៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​មកនេះ សំណង់​អគារ​អតីត​សណ្ឋាគារ អង្គរ​មាន​ជ័យ (​មានឈ្មោះ​ដើម​នគរ​ជ័យ​) ដែល​មាន​អាយុ​៧៥​ឆ្នាំ ត្រូវ​បាន​ក្រុមហ៊ុន​ម៉ៅ​ការ ពិស្ណុការ​អន្តរជាតិ បាន​ធ្វើការ​វាយ​រំលំ​អតីត​សំណង់​ដែល​មាន​វ័យ​ចំណាស់​នេ​បាន​ដោយ​ជោគជ័យ ដោយ​ប្រើ​រយៈពេល​១២​ថ្ងៃ មុន​ផែនការ​ដែល​បាន​គ្រោងទុក ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​សម្អាត យក​កម្ទេច​អគារ​សំណង់​នេះ​ចេញ​ឱ្យ​ស្អាត និង​ឈាន​ដល់​ការ​បិទ​ការដ្ឋាន​ទាំងស្រុង​១០០% នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ សូមរំលឹកថា៖ ចាប់​ផ្ដើម​វាយកម្ទេចសំណង់អតីត​សណ្ឋាគារអង្គរ​មានជ័យដែល​មានអាយុ​៧៥ឆ្នាំ

កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព ពី​ដំណើរ​ការដ្ឋាន​គ្រឿងចក្រ​វាយ​រំលំ​អគារ​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព បញ្ចៀស​ចរាចរណ៍​ដល់​បងប្អូន​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​រាត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​​លើ​មហាវិថី​ព្រះ​មុនី​វង្ស កែង​មហាវិថី​កម្ពុជា​ក្រោម ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បាន​កត់​សម្គាល់ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ មុន​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​ចប់​រួចរាល់​ហើយ លើ​អគារ​អង្គរ​ជ័យ ដែល​មាន​អាយុកាល​ជាង​៧០​ឆ្នាំ និង​ត្រៀម​វាយ​កម្ទេច​ចោល​ដើម្បី​បញ្ចៀស​ការ​បាក់​រលំ​ប៉ះពាល់​ដល់​ពលរដ្ឋ ។ អគារ​អង្គរ​ជ័យ​មាន​កម្ពស់​៦​ជាន់ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​កម្ពុជា​ក្រោម និង​មុនី​វង្ស ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​កំពុង​មាន​សភាព​ទ្រុឌទ្រោម និង​ពុក​ផុយ ដែល​អាច​នឹង​បាក់​ស្រុត​មក​ដោយ​ឯង​ៗ ខណៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ​ចូល​ដើម្បី​ធើ្វ​ការ​វាយ​កម្ទេច​ចោល ។

សូម​បញ្ជាក់​ថា អគារ​សហកម្មសិទ្ធិ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​) មាន​ក្រឡា​ផ្ទៃ​បាត​ទំហំ សរុប​៥៩០​ម៉ែត្រការ៉េ មាន​កម្ពស់​៦​ជាន់ ស្មើនឹង​១០៧​បន្ទប់ ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​អំឡុង​ឆ្នាំ​១៩៥០ គិត​មក​ដល់​បច្ចុប្បន្ន សំណង់​អគារ​នេះ​មាន​អាយុ​៧០​ឆ្នាំ​ជាង​ទៅ​ហើយ ។ យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទៅ​អភិបាល​ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួង​បាន​ស្នើ​ឲ្យ​អភិបាល​ខណ្ឌ​៧​មក​រា សម្របសម្រួល​ចាត់ចែង​ឲ្យ​គ្រួសារ​ចំនួន​៤ ដែល​មិន​ទាន់​ឯកភាព​ទទួលយក​ដំណោះស្រាយ ឲ្យ​ចាក​ចេញពី​អគារ​អង្គរ​មាន​ជ័យ ត្រឹម​ស​ប្ដា​ហ៍​ទី​៤ នៃ​ខែកញ្ញា ឆ្នាំ​២០២៥ ។

ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ក្រសួង​ចាត់​ចែក​វាយ​រំលំ​អគារ​នេះ ខណៈ​ក្រសួង​ក៏​បាន​ឯកភាព​ជា​គោលការណ៍​ដំឡើង​តម្លៃ​ដល់ ២ ៥០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ម៉ែត្រការ៉េ ដែល​ធ្វើ​ឱ្យ​តម្លៃ​គោល (​គិត​ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​៦) កើន​ដល់ ៧ ៦៩០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ម៉ែត្រការ៉េ ។ គឺ​លើស​ពី​តម្លៃ​ទីផ្សារ​ប្រមាណ​២២% ដោយ​យោង​តាម​តម្លៃ​ដែល​ក្រុមហ៊ុន​ចំនួន​៣ បាន​ធ្វើការ​វាយតម្លៃ​ពី​ឆ្នាំ​២០២៣​ដល់​២០២៥ ហើយ​គ្រួសារ​ទាំង​៤ អាច​ទាក់ទង​មក​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​មក​ទទួលយក​ថវិកា​នៅ​ខែកញ្ញា ឆ្នាំ​២០២៥ ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា អាគារ​នេះ នឹង​ត្រូវ​វាយ​កម្ទេច​នៅ​ថ្ងៃ​ទៅ​១៨ ខែតុលា ឆ្នាំ​២០២៥ ដោយ​មុន​នឹង​វាយ​កម្ទេច ត្រូវ​ធ្វើការ​សម្អាត​កម្ទេច​សំរាម​តាម​កាំជណ្ដើរ​នៅ​តាម​បន្ទប់​នីមួយ​ៗ​រួច​សិន រួច​នឹង​ធ្វើ​ពិធី​ក្រុង​ពាលី តាម​បែប​សាសនា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ