ខេត្តសៀមរាប ៖ ទឹកចិត្តសប្បុរសធម៌របស់លោកតាអាចារ្យមួយរូបក្នុងវត្តត្រាំនាគ កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន តាមរយៈកិច្ចការងារមនុស្សធម៌ គឺការស្ម័គ្រចិត្តជួយដឹកសពអនាថា ឬសពដែលគ្មានញាតិមិត្ត ទៅកាន់កន្លែងបូជាដោយផ្ទាល់ដៃ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ លោកតាអាចារ្យដែលមានឈ្មោះ ឡី បានចុះទៅទទួលយកសពបុរសម្នាក់ឈ្មោះ អ៊ឹង ឌី អាយុ ៥៤ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ ។ បុរសរូបនេះទៅរកការងារធ្វើនៅភ្នំពេញ ហើយក៏ត្រឡប់មករស់នៅជាមួយគេ ដែលបច្ចុប្បន្ននៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែដោយសារមានជំងឺទឹកនោមផ្អែមប្រចាំកាយ ទើបបណ្តាលឱ្យទទួលមរណភាពនៅក្នុងផ្ទះគេ ។ ដោយសារម្ចាស់ផ្ទះ មិនមានលទ្ធភាពជួលរថយន្តដឹកសព ព្រមទាំងគ្មានសាច់ញាតិមកទទួល លោកតាអាចារ្យ ឡី ក៏បានសម្រេចចិត្តប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដើម្បីដឹកសពបុរសរូបនេះទៅបូជានៅក្នុងបរិវេណវត្តត្រាំនាគតែម្តង ។ នេះបើតាមលោក តាន់ នឿន មេភូមិដកពោធិ៍ ដែលជាអ្នកចេញលិខិតអនុញ្ញាតឱ្យលោកតាអាចារ្យដឹកសពទៅធ្វើបុណ្យ ។
ជុំវិញសកម្មភាពដ៏គួរឱ្យគោរពនេះ លោកតាអាចារ្យ ឡី បានរៀបរាប់ប្រាប់ថា រាល់ពេលដែលលោកតាចុះទៅជួយដឹកសព គឺតែងតែមានការអនុញ្ញាតពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រឹមត្រូវ ។ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់សព លោកតាតែងតែប្រុងប្រយ័ត្នខ្ពស់ ដោយពាក់មួក និងម៉ាស់ឱ្យសព និងប្រើក្រមាចងផ្អោបសពជាប់នឹងខ្លួនលោកតាផ្ទាល់ ដើម្បីធានាថា ការធ្វើដំណើរតាមម៉ូតូមានសុវត្ថិភាព និងមិនមានការធ្លាក់ចុះតាមផ្លូវ ។
មិនត្រឹមតែជួយដឹកជញ្ជូនប៉ុណ្ណោះទេ ក្រោយពេលដឹកសពទៅដល់វត្ត លោកតាអាចារ្យរូបនេះថែមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញអុស និងកោដ្ឋ ដើម្បីរៀបចំបូជាសពឱ្យបានត្រឹមត្រូវតាមប្រពៃណី ។ ក្រោយការបូជារួច លោកតាថែមទាំងយកធាតុដាក់ចូលកោដ្ឋ យកទៅរក្សាទុកនៅក្នុងព្រះវិហារ និងសរសេរឈ្មោះបិទភ្ជាប់លើកោដ្ឋ ដើម្បីឱ្យសាច់ញាតិមកស្វែងរកនៅថ្ងៃក្រោយ ។
ព្រះតេជគុណ នាម សំណាង ចៅអធិការវត្តត្រាំនាគ បានមានសង្ឃដីកាសរសើរអំពីទឹកចិត្តដ៏សប្បុរសរបស់លោកតាអាចារ្យ ឡី ថា ៖ «លោកតា ឡី ជាអាចារ្យភ្លុក ដែលមានចិត្តមេត្តាធម៌ខ្ពស់បំផុត ។ មិនថា ជាសពច.ងក សពដេកស្លាប់តាមចិញ្ចើមផ្លូវ ឬសពដែលមានសភាពលំបាកយ៉ាងណាក៏ដោយ ឱ្យតែសមត្ថកិច្ចហៅ លោកតាតែងតែទៅជួយដឹកជញ្ជូនដោយមិនខ្លាច ឬរអើមចំពោះក្លិន ឬសភាពសពនោះឡើយ» ។
ទង្វើរបស់លោកតាអាចារ្យ ឡី គឺជាគំរូដ៏ល្អមួយសម្រាប់សង្គម ដែលបង្ហាញឱ្យឃើញថា ទឹកចិត្តមេត្តាធម៌ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក គឺជារឿងដ៏ថ្លៃថ្លាបំផុតសម្រាប់មនុស្សជាតិ ៕







ចែករំលែកព័តមាននេះ