ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ដល់​មន្ត្រីរាជ ការ ក្រុមប្រឹក្សា​ខេត្ត ឃុំ សង្កាត់ បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជា ជន​ឱ្យ​បាន​ល្អ​ប្រសើរ

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម…

ខេត្តកំពង់ស្ពឺ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ ជុំវិញ​ខេត្តកំពង់ស្ពឺ សរុប​ចំនួន​៩៩៦​នាក់​ ។

ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ ជា​ការ​អនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជាមួយ​អង្គ​បោះ​ឆ្នោត ដើម្បី​ឱ្យ​មាន​តម្លាភាព ក៏​ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូល ដ្ឋាន ព្រមទាំង​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ល្អ​ប្រសើរ​។

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា រដ្ឋបាល​ខេត្តបាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើន និង​ជំរុញ​សក្តានុពល​វិស័យ​កសិកម្ម តាម​រយៈ​ពង្រាយ​មន្ត្រី​កសិកម្ម​តាម​ឃុំ​-​សង្កាត់ ដើម្បី​ជួយ​ការងារ​បណ្តុះបណ្តាល និង​ណែនាំ​បច្ចេកទេស​ដល់​ប្រជា​កសិករ ដែល​មាន​ផ្ទៃដី​បង្កបង្កើន​ផល​សរុប ១២១.១៧៣​ហិ​កតា ទិន្នផល៤០៧.៣៣០​តោន ដំណាំ​ឧស្សា​កម្ម ដូច​ជា​ស្វាយកែវ​រមៀត ប្រមាណ​ជាង ៦៤.០៣៧​ហិ​កតា ទិន្នផល ៤០៤.៨៧៩​តោន អំពៅ​ប្រមាណ​ជាង ៥២.០០០​ហិ​កតា ទិន្នផល​សរុប ២.៦០០.០០០​តោន ផលិត​ស្ករអំពៅ បាន​ប្រមាណ ៣៤០.០០០​តោន​/​ឆ្នាំ និង​ដំណាំ​រួម​ផ្សំ​រាប់​សែន​ហិ​កតា ព្រមទាំង​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ ៤៦២​កន្លែង មាន​ប្រមាណ​ជាង ១៤.៥៦៨.០១៥​ក្បាល រួម​មាន ជ្រូក មាន់ (​ពងមាន់​នាំ​ចេញ​ប្រមាណ​ជាង ៦៣.៤៥៧.២០០​គ្រាប់​/​ឆ្នាំ​) ដែល​គិត​ជា​ទឹកប្រាក់​សរុប​លើស​ពី ៣៥០.០០០.០០០​ដុល្លារ​/​ឆ្នាំ​។

ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បានឱ្យ​ដឹង​ថា វិស័យ​ឧស្សាហកម្ម ក៏​មានការ​កើនឡើង​ឥត​ឈប់​ឈរ ក្នុង​នោះ​កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ ដោយ​ទទួល​បាន​គម្រោង វិនិយោគ​ក្រោម ៥​លាន​ដុល្លារ ចំនួន ១២៦​គម្រោង និង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចំនួន ១៣០​គម្រោង​ ។ ដោយឡែក​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​នេះ ខេត្តកំពង់ស្ពឺ ក៏​ទទួល​បាន​គម្រោង​វិនិយោគ​ក្រោម ៥​លាន​ដុល្លារ ចំនួន ៣៥​គម្រោង​បន្ថែម​ទៀត​។​

បច្ចុប្បន្ន​ទូ​ទាំង​ខេត្តកំពង់ស្ពឺ មាន​តំបន់​សេដ្ឋកិច្ច (SEZ) ២​កន្លែង សួន​ឧស្សាហកម្ម ៩​កន្លែង និង​រោងចក្រ សហគ្រាស គ្រឹះស្ថាន សរុប​មាន​ចំនួន ១.៦១៨​កន្លែង ស្រូប​កម្លាំង​ពលកម្ម​សរុប ៣២៧.១៩៣​នាក់​។ ក្រៅពី​វិស័យសេដ្ឋកិច្ច ក៏​មាន​វិស័យ​សង្គមកិច្ច​ដទៃ​ទៀត បាន​ចូលរួម​ចំណែក​ក្នុង​ផ្តល់​សេវា​សាធារណៈ និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ព្រមទាំង​បាន​បង្កើន​ទំហំ​សេដ្ឋកិច្ច​ខេត្ត មាន​ចំនួន ២.៦០៥​លាន​ដុល្លារ និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ៗ (GDP) មាន​ចំនួន ២.៧០២​ដុល្លារ (​ទិន្នន័យ​ឆ្នាំ​២០២៤)​។

ឱកាស​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​។

សម្តេច​តេ​ជោ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លង​មក ជា​ពិសេស​ការ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​សង្គម ទប់ស្កាត់​បាន​នូវ​ទ​ង្វើ​បង្ករ​ចលាចល​នានា​ក្នុង​សង្គម​។

សម្តេច​តេ​ជោ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ជា​ពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ និង​បន្ត​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេង​ៗ ដូច​ជា ចោរឆក់ ចោរប្លន់ ការ​ជួញដូរ​គ្រឿងញៀន ជា​ពិសេស​បង្ក្រាប​ឱ្យ​បាន​នូវ​អំពើ​ឆបោក​តាម​អន​ឡាញ​(Scam Online)​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់នៃ​ខេត្តកំពង់ស្ពឺទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ ​ឱ្យ​ទទួល​បាន​នូវ​ការ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ រួម​គ្នា​ដើម្បី​ខេត្តកំពង់ស្ពឺ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ