ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច សម្រេច​បញ្ឈប់​ទាំងស្រុង​រាល់​ការ​ផ្តល់ ឬ​ប្តូរ​រង្វាន់​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០២៦

51 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​បញ្ឈប់​ទាំងស្រុង​រាល់​ការ​ផ្តល់ ឬ​ប្តូរ​ជា​រង្វាន់ តាម​រយៈ​ក្រវិល​កំប៉ុង គម្រប​ដប ឬ​រង្វាន់​ក្នុង​ទម្រង់​ផ្សេង​ៗ ដែល​ភ្ជាប់ ឬ​មិន​ភ្ជាប់ នឹង​កំប៉ុង ដប សំបក​វេច​ខ្ចប់​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦​។

យោង​តាម​សេចក្តីណែនាំ ស្តី​ពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ មាន​ជាតិ​ស្ករ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ដើម្បី​អនុវត្ត​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល និង​អនុលោម​តាម​លិខិត​លេខ​៤៥២៨ សហ​វ​.​ល​.​ស ចុះ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​គោលការណ៍​អំពី​វិធានការ​ដើម្បី​គ្រប់គ្រង​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ គ្មាន​ជាតិ​សុរា​ក្នុងស្រុក​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ណែនាំ​ដល់​លោក​-​លោកស្រី​នាយក បណ្ណាធិការ និង​កម្មសិទ្ធិករ សហគ្រាស​ផលិត នាំ​ចូល និង​ចែកចាយ​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាំងអស់ ។

ក្រសួង​បាន​សម្រេច​បញ្ឈប់​ទាំងស្រុង​រាល់​ការ​ផ្តល់ ឬ​ប្តូរ​ជា​រង្វាន់ តាម​រយៈ​ក្រវិល​កំប៉ុង គម្រប​ដប ឬ​រង្វាន់​ក្នុង​ទម្រង់​ផ្សេង​ៗ ដែល​ភ្ជាប់ ឬ​មិន​ភ្ជាប់​នឹង​កំប៉ុង ដប សំបក​វេច​ខ្ចប់ ឬ​កេស​ផលិតផល ជា​អាទិ៍​មាន ការ​ចាប់ឆ្នោត កាត​កោស គូ​ប៉ុង បណ្ណ​ប្តូរ​រង្វាន់ យ្យ​អ​កូដ (QR CODE) និង​កម្មវិធី​រង្វាន់​ឌី​ជី​ថ​ល​ផ្សេង​ៗ ជាដើម ត្រឹម​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ជា​កំហិត ។

មិន​អនុញ្ញាត​ឱ្យ​មានការ​ចែកចាយ ឬ​ផ្តល់​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដោយ​ឥត​គិតថ្លៃ​។

គ្រប់​សហគ្រាស​ទាំងអស់ រួម​ទាំង សហគ្រាស​ផលិត និង​អ្នក​ចែកចាយ​បន្ត ត្រូវ​បញ្ឈប់​រាល់​ការ​បញ្ជា​ទិញ នាំ​ចូល ឬ ផលិត​ថ្មី​នូវ ក្រវិល​កំប៉ុង គម្រប​ដប ឬ​សំបក​វេច​ខ្ចប់​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដែល​មាន​រង្វាន់ ឬ​ដាក់​រង្វាន់​ក្នុង​កេស​ផលិតផល​ទាំង នោះ​បន្ត​ទៀត ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីណែនាំ​នេះ​តទៅ​។

ជាង​នេះ​ក្រសួង​សេដ្ឋកិច្ច​លើក​ឡើង​ថា អនុញ្ញាត​ឱ្យ​មានការ​ជំរុញ​និង​លើក​ទឹក ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​តាម​រយៈ​ការ​លក់​បញ្ចុះតម្លៃ​ពាណិជ្ជកម្ម (Trade Discount) ដោយ​កំណត់​មិន​ឱ្យ​លើស​ពី ១៥% នៃ​ថ្លៃ​លក់​កត់ត្រា​លើ​វិក្កយបត្រ និង​មិន​ត្រូវ​លើស​ពី ២៥% នៃ​ថ្លៃ​លក់​កត់ត្រា​លើ​វិក្កយបត្រ ចំពោះ​ផលិតផល​ជិត​ផុត​សុពលភាព​ប្រើប្រាស់ ដែល​មាន​អាយុកាល​មិន​លើស​ពី ៦០​ថ្ងៃ មុន​ថ្ងៃ​ផុតកំណត់ ដោយ​ត្រូវ​ជូនដំណឹង មក​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​មុន​។

ក្រសួង​បន្ថែម​ថា ចំពោះ​ការ​អត្ថប្រយោជន៍​ផ្សេង​ៗ​ក្រៅពី​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ អនុញ្ញាត​ឱ្យ​មានការ​លក់​ដោយ​មាន​បន្ថែម​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ទំនិញ​ឬ​សេវា​ផ្សេង​ៗ​ក្រៅពី​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ជា​អាទិ៍​មាន កែវ ឆត្រ ធុង​ទឹកកក ដប​ទឹក អាវ មួក ឬ​កញ្ចប់​ដំណើរ​កម្សាន្ត ជាដើម ដែល​មាន​តម្លៃ មិន​លើស​ពី ៥% នៃ​ថ្លៃ​លក់​កត់ត្រា​លើ​វិក្កយបត្រ​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​-​លោកស្រី​នាយក បណ្ណាធិការ និង​កម្មសិទ្ធិករ​សហគ្រាស ផលិត នាំ​ចូល និង​ចែកចាយ​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាំងអស់ ព្រមទាំង​សាធារណជន នឹង​ចូលរួម អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>