ទីក្រុងប៉េកាំង ៖ ធនាគារពិភពលោក (World Bank) នឹងបញ្ឈប់ការផ្តល់កម្ចីទាំងស្រុងដល់ប្រទេសចិន ត្រឹមឆ្នាំ២០៣១ ដែលនេះជាការឆ្លុះបញ្ចាំងពីការវិវឌ្ឍខ្លួនរបស់ចិនទៅជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ នៅលើពិភពលោក។ នេះបើតាមប្រភពស្និទ្ធនឹងរឿងនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
មន្ត្រីធនាគារពិភពលោកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «ចិនសម្រេចបាននូវការរីកចម្រើនលើការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដែលជាវឌ្ឍនភាពមួយដែលធនាគារពិភពលោក និងស្ថាប័នដទៃទៀតបានគាំទ្រ ហើយឥឡូវនេះ យើងកំពុងឈានដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនងរបស់យើង ដែលឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនោះ»។
ការផ្តល់កម្ចីរបស់ធនាគារពិភពលោកដល់ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ២ ពិភពលោក បានកាត់បន្ថយជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសយក្សអាស៊ីមួយនេះ បានមើលឃើញពីការរីកចម្រើនយ៉ាងគំហុក និងការកាត់បន្ថយភាពក្រីក្រ។
ការផ្តល់កម្ចីរបស់ធនាគារពិភពលោកដល់ប្រទេសចិន បានឡើងដល់កម្រិតកំពូលចំនួន ២,៤២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ប៉ុន្តែបានធ្លាក់ចុះ ចាប់តាំងពីពេលនោះមក ការផ្តល់ត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដោយថយមកនៅត្រឹម ៧៥០ លានដុល្លារក្នុងឆ្នាំ ២០២៥។ មិនតែប៉ុណ្ណោះ ចិនក៏បានរួមចំណែកផ្តល់ថវិកាដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតលើពិភពលោកផងដែរ ដោយទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិករបស់ខ្លួន ដែលបានធ្វើឱ្យចិនក្លាយជាម្ចាស់ជំនួយធំជាងគេលំដាប់ទី ៥។
មន្ត្រីធនាគារពិភពលោកដដែលបានបន្ថែមថា «តួនាទីរបស់ធនាគារពិភពលោកកំពុងតែផ្លាស់ប្តូរពីអ្នកផ្តល់កម្ចី មកជាដៃគូចំណេះដឹងវិញ ដែលស្របទៅតាមគន្លងនៃការអភិវឌ្ឍរបស់ប្រទេសចិន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ធនាគារពិភពលោកបានប្រកាសពីផែនការស្រដៀងគ្នានេះសម្រាប់ប្រទេសប៉ូឡូញ ដោយគ្រោងនឹងកាត់បន្ថយកម្ចីមកត្រឹមកម្រិតសូន្យត្រឹមឆ្នាំ២០៣១ ប៉ុន្តែរក្សាការផ្តល់ជំនួយបច្ចេកទេសដដែល៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ