ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី ត្រាំ រក​ចំណូល​បាន​ជាង​១​ពាន់​លាន​ដុល្លារ​ពី​ជំនួញ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​ជាង ១,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​អាជីវកម្ម​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​គ្រីប​តូ (Crypto) របស់​គ្រួសារ​លោក កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ដោយ​ផ្អែក​ទៅ​តាម​ការ​ពិនិត្យ​ឡើង​វិញ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយបង្អស់​របស់​លោក កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ដែល​បង្ហាញ​ថា បច្ចុប្បន្ន​លោក​ប្រធានាធិបតី ត្រាំ ទទួល​បាន​ប្រាក់​ចំណូល​ភាគច្រើន​ពី​ទ្រព្យសកម្ម​ឌី​ជី​ថ​ល ដែល​ទទួល​បាន​ផល​ចំណេញ​ពី​គោលនយោបាយ​របស់​លោក​។

ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ប្រចាំឆ្នាំ ២០២៥ របស់​លោក ដែល​ដាក់​ជូន​ការិយាល័យ​សីលធម៌​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ក្រុមហ៊ុន​លោក​ទទួល​បាន​ប្រាក់​ជិត ៨០០ លាន​ដុល្លារ​ពី World Liberty Financial ដែល​ជា​អាជីវកម្ម​គ្រីប​តូប​ង្កើ​ត​ឡើង​ដោយ​រូប​លោក និង​កូនប្រុស​ៗ​របស់​លោក​ផ្ទាល់​។

តាម​រយៈ​ប្រាក់​ចំណូល​ទាំងនោះ ដែល​លោក​ប្រធានាធិបតី​បាន​បែងចែក​ជាមួយ​សមាជិកគ្រួសារ រួម​មាន​ជាង ៥២០ លាន​ដុល្លារ​អា​មេ​រិ​កបាន​មក​ពី​ការ​លក់​កាក់​គ្រីប​តូ និង​ជាង ២៥០ លាន​ដុល្លារ​ទៀត បាន​មក​ពី​ការ​លក់​ភាគហ៊ុន​នៅ​ក្នុង​អាជីវកម្ម World Liberty​។ លោក ត្រាំ ក៏​បាន​រាយការណ៍​ពី​ចំណូល​ចំនួន ៦៣៥ លាន​ដុល្លារ​ផ្សេង​ទៀត​ពី​ការ​លក់​កាក់ Trump meme ផង​ដែរ​។

ដូច្នេះ​តាម​រយៈ​ព័ត៌មាន​ទាំងនេះ បាន​គូសបញ្ជាក់​អំពី​របៀប​ដែល​រូបិយប័ណ្ណ​គ្រីប​តូ បាន​ផ្លាស់​ប្តូរ​ទ្រព្យសម្បត្តិ​របស់​លោក​ប្រធានាធិបតី ត្រាំ គួរ​ឱ្យ​កត់សម្គាល់​។ ជាមួយ​គ្នា​នោះ ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្មី​ៗ​នេះ បាន​ប៉ាន់​ប្រមាណ​ថា គ្រួសារ​លោក ត្រាំ រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ២,៣ ពាន់​លាន​ដុល្លារ​ពី​គម្រោង​នានា ដែល​ទាក់ទង​នឹង​រូបិយប័ណ្ណ​គ្រីប​តូ ចាប់តាំងពី​លោក ត្រាំ បាន​វិល​ត្រឡប់​មក​កាន់​សេត​វិមាន​នៅ​ក្នុង​នាម​ជា​មេដឹកនាំ​កំពូល​សហរដ្ឋអាមេរិក​វិញ​ក្នុង​ឆ្នាំ ២០២៥​។ នៅ​ពេល​ចូល​កាន់​តំណែង លោក​បាន​ចាប់ផ្តើម​ដាក់​ចេញ​នូវ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​នានា ដែល​វិស័យ​នេះ​មើលឃើញ​ថា​មាន​ផលប្រយោជន៍​។

សម្រាប់​ឆ្នាំ​២០២៥ ប្រធានាធិបតី​ក៏​បាន​រាយការណ៍​ផង​ដែរ​អំពី​ចំណូល​ជាង ៨០ លាន​ដុល្លារ ពី​ការ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ចំណូល​ចំនួន ៥២ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​របស់​លោក ដែល​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ឈ្មោះ​លោក​ផ្ទាល់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​បរទេស ដែល​ជំរុញ​ជា​ចម្បង​ដោយ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​នានា​នៅ​តំបន់​មជ្ឈិមបូព៌ា​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>