វាមានរយៈពេល៤ថ្ងៃហើយ ចាប់តាំងពីមានករណីយន្តហោះធុនតូចមួយគ្រឿង បានហោះទៅបុកអគារខ្ពស់កប់ពពកជាងគេនៅទីក្រុងប៉េកាំង ។ ហេតុការណ៍នេះ បានសម្លាប់អ្នកបើកបរយន្តហោះ(ដែលជាមនុស្សតែម្នាក់គត់នៅលើនោះ) និងបង្កឱ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួស ។ ទោះជាយ៉ាងណា បើយោងតាមការចុះផ្សាយរបស់ BBC News ហេតុផលនិងមូលហេតុពិតប្រាកដនៃការធ្លាក់នេះ នៅតែជាអាថ៌កំបាំងនៅឡើយ ។

មានអត្ថបទខ្លីមួយដែលមានត្រឹមតែ៦០ពាក្យប៉ុណ្ណោះ ត្រូវបានចុះផ្សាយនៅលើកាសែតរដ្ឋ Beijing Daily ដែលនេះ ជាព័ត៌មានផ្លូវការតែមួយគត់ពីរដ្ឋាភិបាលចិន។ ហេតុការណ៍នេះ បានកើតឡើងនៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពី Zhongnanhai ដែលជាទីស្នាក់ការកណ្តាលរបស់បក្សកុម្មុយនិស្តចិន ។ អគារ CITIC Tower កម្ពស់១០ជាន់ ដែលរងការខូចខាតធ្លាយជញ្ជាំងម្ខាង ត្រូវបានបិទជិត ។
វីដេអូស្តីពីការបុកគ្នានេះ ត្រូវបានលុបចោលទាំងស្រុងពីប្រព័ន្ធអ៊ីនធើរណេត ។ ក្រុមហ៊ុនអាកាសចរណ៍យ៉ាងហោចណាស់៣បានបង្ហើបថា ពួកគេត្រូវបានបង្គាប់ឱ្យផ្អាកការហោះហើរយន្តហោះធុនស្រាល និងត្រូវបានហាមឃាត់មិនឱ្យផ្តល់ព័ត៌មានលម្អិតជុំវិញរឿងនេះឡើយ ។
ការស្ងាត់ស្ងៀមនៃព័ត៌មានបានធ្វើឱ្យមហាជនមានការសង្ស័យយ៉ាងខ្លាំងថា តើយន្តហោះនោះអាចហោះចូលមកទីក្រុងប៉េកាំង ដែលជាតំបន់មានការគ្រប់គ្រងដែនអាកាសតឹងរឹងបំផុតមួយលើលោកដោយរបៀបណា?
ប្រទេសចិនល្បីខាងការត្រួតពិនិត្យ និងលុបព័ត៌មានដែលរិះគន់បក្ស ឬរដ្ឋាភិបាល ។ ប៉ុន្តែលើកនេះ ការចាប់ពិរុទ្ធបានធ្វើឡើងហួសហេតុពេក ៖ រូបថត ឬរូបភាពកំប្លែងៗ (Memes) របស់អគារCITIC Tower ទាំងឡាយណា ដែលមិនទាក់ទងនឹងគ្រោះថ្នាក់ ក៏ត្រូវបានលុបចេញពីបណ្តាញសង្គមចិនដែរ ។
អគារនេះមានរាងដូច «ធុងស្រាចិនបុរាណ» ដែលប្រជាជន និងយុវវ័យចិនចាត់ទុកជាវត្ថុស័ក្តិសិទ្ធិសម្រាប់បន់ស្រន់សុំសេចក្តីសុខ សំណាងល្អក្នុងការប្រឡង និងការងារ។ ឥឡូវនេះ ពួកគេលែងអាចចែករំលែករូបភាពអគារនេះបានទៀតហើយ ។
លោកស្រី Manya Koetse អ្នកគ្រប់គ្រងព្រឹត្តិប័ត្រ Eye on Digital China បានលើកឡើងថា ប្រព័ន្ធត្រួតពិនិត្យព័ត៌មានចិនបានដំណើរការយ៉ាងលឿន និងហ្មត់ចត់បំផុតនៅពេលនេះ ប្រហែលជាដោយសារតែថ្នាក់ដឹកនាំទីក្រុងប៉េកាំងខ្លួនឯង «ក៏នៅមិនទាន់ដឹងច្បាស់ថា មានអ្វីកើតឡើងពិតប្រាកដ» ដូចគ្នា ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ