ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​ក្រុម​ជួញ​ដូរ​ថ្នាំ​​ញៀ.ន ​ឃាត់​​​មនុស្ស​បាន​០៨​នាក់​​នៅ​ស្រុក​សំពៅ​លូន   

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖   មនុស្ស​ចំនួន​០៨​នាក់​​ ដែល​គេ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់  ជាមួយនឹង​វត្ថុ​តាង​ «​គ្រឿងញៀន​»​ ជា​ច្រើន​កញ្ចប់​ផង  កាលពី​រសៀល​ថ្ងៃ​ទី ៣០ មិថុនា  នៅ​០២​ទីតាំង​​ផ្សេង​គ្នា ក្នុង​ឃុំ​សន្តិភាព  ស្រុក​សំពៅ​លូន​ ។

​តាម​រយៈ​របាយ​ការ​ណ៍អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ឲ្យ​ដឹង​ថា  ក្រុម​មន្ត្រី​ជំនាញ​របស់​លោកបាន​ចុះ​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​នេះ នៅ​ពេល​ចេញ​ល្បាត​នៅ​តាម​ភូមិសាស្ត្រ​ក្នុងស្រុក​សំពៅ​លូន​ ។ ​ជាមួយនឹង​ការ​ឃាត់ខ្លួន  មន្ត្រី​ជំនាញ​​បាន​ត្រូ​ត​ពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន​ថង់​ និង​គ្រាប់ រួម​ជាមួយនឹង​ស​ម្ភារពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ពួក​គេ​រក្សា​ទុក​ជាប់​ខ្លួន និងលាក់​ទុក​នៅ​ក្នុងផ្ទះ​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍​​ដដែល ​ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​រួម​មាន​៖    ១​-​ឈ្មោះ នាក់ នី ភេទ​ស្រី​ អា​យុ​៣៨​ឆ្នាំ  ២-​ឈ្មោះ មិត្ត ឡា​ត់  អាយុ​២៨​ឆ្នាំ  ៣-​ឈ្មោះ កេ​ត វល្លិ​ល័​ក្ខ  ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ  ៤-​ឈ្មោះ ឌឿ​ន សុខ​ឈាង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ  ៥-​ឈ្មោះ សឹម ឌី​ណា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ  ៦-​ឈ្មោះ កែវ ភ័​ក្រ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ   ៧-​ឈ្មោះ ទុំ ទិ​ត្យ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ និង​៨-​ឈ្មោះ យុន ធឿ​ន ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ  ​ពួ​ក​គេ​ជា​អ្នកស្រុក​សំពៅ​លូន​តែ​ម្ដង ​។

​តាម​របាយ​ការ​ណ៍​​ដដែល លោក ទឹម វិ​ឆ័​យ បាន​និយាយ​ថា  ជនសង្ស័យ​០២​នាក់ ឈ្មោះ ទុំ ទិ​ត្យ និង​ឈ្មោះ យុន ធឿ​ន  នេះ​ ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​ចុង​ក្រោយ​ក្នុង​​ថ្ងៃ​ដដែល ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ចំនួន​០៦​នាក់​ខាងលើ ដែល​​ឃាត់ខ្លួន​លើក​ដំបូង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និងលោក​ព្រះរាជអាជ្ញា​ ។​

ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​០៨​នាក់មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ១-​ម្សៅក្រាម​ព​ណ៌.​ស​ថ្លា​ (​ម៉ា​ទឹកកក​) ​ចំនួន​១៣​ថង់ និង​មួយ​ចំនួន​ច្រក​ទុក​ក្នុង​​ទុយោ ២-​ប្រភេទ​ថ្នាំ​គ្រាប់​ព​ណ៌​ផ្កាឈូក​មាន​អក្សរ​ «WY» ចំនួន​៤៨​គ្រាប់ និងព​ណ៌​បៃតង​០១​គ្រាប់   ៣-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង  ៤-​សម្ភារ​សម្រាប់​ប្រើប្រាស និង​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន  ៥-​កាំបិត​ច្រើន​ប្រភេទ​ចំនួន​០៧​ដើម  ៦-​ម៉ូតូ​០១​គ្រឿង​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស និងសម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។

​​បើ​យោ​ម​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ចំនួន​០៦​នាក់​លើក​ដំបូង ជនសង្ស័យ​០២​នាក់​ឈ្មោះ ទុំ ទិ​ត្យ និង​ឈ្មោះ យុន ធឿ​ន អាច​ជា​មេ​នាំ​អា​ទ៌​ឲ្យ​មានការ​ប្រ​ព្រ​ព្រឹ​ត្តបទ​ល្មើស​គ្រឿងញៀន​នេះ​ ។  ព្រោះ​បើ​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច  ជន​ទាំង​០២​នាក់​នេះ ត្រូវ​មន្ត្រី​ជំនាញ​ឆែកឆេរ​ផ្ទះ​រក​ឃើញ​គ្រឿងញៀន​ច្រើន​ជាងគេ​រហូត​ដល់​ចំនួន​១២​កញ្ចប់​មាន «ICE-WY»​ ។

​លោក ទឹម វិ​ឆ័​យ បាន​បញ្ជាក់​ថា  ក្រោយ​បញ្ចប់​ការ​សួរនាំ​តាម​នីតិវិធី  ជនសង្ស័យ​ប្រុស ស្រី ទាំង​០៨​នាក់​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​បញ្ជូន​ពួក​គេ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>