ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ឆ្លង​ដែន​ ៣៧គីឡូ នៅតាមភូមិសាស្ត្រ​​ទន្លេមេគង្គ

38 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយ​ដកហូត​បាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ជិត ៣៨​គីឡូក្រាម នៅ​ចំណុច​កន្ទុយ​កោះ​ហឹប ភូមិ​កោះ​ហឹប ឃុំ​អូរស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​កម្លាំង​កងរាជអាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​លេខ៧៤៧ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្លាំង​មន្ទីរ​បរិស្ថាន​ខេត្ត ក្នុង​កិច្ច​ប្រតិបត្តិការ​ស្ទាក់​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​តាម​ភូមិសាស្ត្រ​ដង​ទន្លេមេគង្គ​។

យោង​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ​ផ្ទាល់​អោយ​ដឹង​ថា ជនសង្ស័យ​បានដឹង​ខ្លួន​មុន និង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។​ក្រោយ​រឹបអូស​វត្ថុ​តាង​ក្នុងវេលា​កើតហេតុ​រួច​មក លុះ​មក​ដល់​វេលា​ម៉ោង ០៩​និង៥០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ ករណី​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​ត្រួតពិនិត្យ និង​ថ្លឹង​វត្ថុ​តាង​ជា​ផ្លូវការ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​វត្តមាន​លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក អ៊​ន រី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍​ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែងជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​វត្ថុ​តាង​គ្រឿងញៀន​ដែល​បាន​រឹបអូស​ខាងលើ​ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE / ទឹកកក​)​ចំនួន ៣៧ កញ្ចប់​ធំ ទម្ងន់​សរុប​៖ ៣៧,៧១១.៧ ក្រាម (​ថ្លឹង​ទាំង​សម្បក​ថង់​) ឬ​ប្រហាក់ប្រហែល​ជិត ៣៨ គីឡូក្រាម​។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​រក្សា​ទុកជា​បណ្តោះអាសន្ន ខណៈ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត កំពុង​ដុតដៃដុតជើង​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ និង​ដេញ​ប្រមាញ់​ស្វែងរក​តម្រុយ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​មក​ផ្តន្ទាទោស​ឱ្យ​ខាន​តែ​បាន​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>