ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃជាផ្លូវការហើយ

34 នាទី មុន

កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ឈាន​ដល់​ការ​បោះ​ជំហាន​ថ្មី​មួយ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​វិស័យ​អាកាសចរណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក បន្ទាប់​ពី​ភាគី​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង «​បើកចំហ​ជើងមេឃ​» (Open Skies Agreement) ដែល​ជា​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ទ្វេភាគី​លើក​ដំបូង​រវាង​ប្រទេស​ទាំង​ពីរ ។

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បានអោយ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នាទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី ដោយ​ភាគី​កម្ពុជា ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ខណៈ​ភាគី​សហរដ្ឋអាមេរិក ត្រូវ​បាន​តំណាង​ដោយ​លោក គ្រី​ស្តូ​ហ្វ័ ឡេ​ន​ដូ ( Cristopher Landau) អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក ។

កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អាកាសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​បង្កើន​សេរីភាព​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស និង​ការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ដោយ​ស្មើភាព ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង «​បើកចំហ​ជើងមេឃ​»​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ក្នុង​វិស័យ​អាកាសចរណ៍​ដោយ​វា​នឹង​ជួយ​ពង្រីក​កា​រត​ភ្ជាប់​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ពីរ​ឆ្ពោះទៅ​រក​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​មាន​ស្តង់ដារ​ទំនើប​ខ្ពស់​បំផុត ។

លើស​ពី​នេះ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​រួមចំណែក​ជំរុញ​ការ​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏​ដូច​ជា បង្កើន​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ពង្រីក​បណ្តាញ​ជើងហោះហើរ និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នា​ពេល​អនាគត ។

ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>