រាជធានីភ្នំពេញ ៖ តាមរយៈលោក សេង សក្តា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក និងសមាជិកា នៃក្រុមការងារទេសន្តរប្រវេសន៍ តំណាងមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សមាគមនិយោជក និងអង្គការអន្តរជាតិ សរុបចំនួន ៤៣នាក់ ក្នុងនោះស្ត្រី ១២នាក់ ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមការងារទេសន្តរប្រវេសន៍ កំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះអំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ ។

ក្នុងឱកាសនោះលោក សេង សក្តា បានមានប្រសាសន៍ថា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង ការបង្ការ ការទប់ស្កាត់ ការបង្ក្រាប និងការជួយគាំទ្រជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដើម្បីដាក់ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងអនុម័ត ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តការងាររវាងភាគីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ ៕ អត្ថពទសហការ







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ