ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota និង Joby សហការគ្នា​ផលិតតាក់ស៊ីយន្តហោះលើអាកាស​ទ្រង់​ទ្រាយ​ធំ

38 នាទី មុន

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ​កាលពីថ្ងៃទី​៣០ ខែមិថុនា​ ក្រុមហ៊ុនអាកាសចរណ៍ Joby Aviation និងក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ​។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងផលិតតាក់ស៊ីលើអាកាសម៉ូដែល S4 របស់ក្រុមហ៊ុន Joby ក្នុងទ្រង់​ទ្រាយធំ ខណៈដែលពួកគេកំពុងរង់ចាំការអនុម័តផ្លូវច្បាប់ពីរដ្ឋាភិបាល ដើម្បីដាក់ឱ្យដំណើរការជាលក្ខណៈពាណិជ្ជកម្ម ។

ជាលទ្ធផលនៃព័ត៌មាននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Joby (ដែលមានមូលដ្ឋាននៅទីក្រុង Santa Cruz រដ្ឋ California) បានហក់ឡើង 7% ភ្លាមៗនៅក្នុងការជួញដូរមុនបើកទីផ្សារ ។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ មានឈ្មោះថា Joby Toyota Aero Manufacturing Preparation Company (JTAMPC) ដោយមានលក្ខខណ្ឌសំខាន់ៗដូចជា នឹងមាននាយក២រូប មកពីក្រុមហ៊ុន Joby និង៣ រូបមកពីក្រុមហ៊ុន Toyota ។

ក្រុមហ៊ុន Toyota នឹងកាន់កាប់ភាគហ៊ុន ៥១% (ភាគហ៊ុនភាគច្រើន) ខណៈដែល Joby កាន់កាប់ភាគហ៊ុន ៤៩%។ ក្រុមហ៊ុន Joby នឹងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនរួមគ្នានេះ ក្នុងការផលិតយន្តហោះស៊េរី S4 ព្រមទាំងផ្តល់អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ ដោយមិនគិតថ្លៃសួយសារអាករ (Royalty-free) ឡើយ។

លក្ខណៈពិសេសរបស់តាក់ស៊ីអាកាស Joby S4 ជាយន្តហោះអគ្គិសនីទាំងស្រុង ដែលមានរ៉ូទ័រ (ដុំស្លាបចក្រ) ចំនួន​៦ ។ វាកែច្នៃឡើងដើម្បីអាច​ហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដូចឧទ្ធម្ភាគចក្រ ប៉ុន្តែអាចហោះហើរទៅមុខបានលឿន និងរាបស្មើដូចយន្តហោះធម្មតា។ អាចដឹកអ្នកដំណើរបាន៤នាក់ និងអ្នកបើកបរយន្តហោះ១នាក់ ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Joby បានជោគជ័យក្នុងការធ្វើការហោះហើរសាកល្បងតាក់ស៊ីអាកាសនេះ ពីចំណុចមួយទៅចំណុចមួយ រយៈពេលមួយសប្តាហ៍ពេញជាលើកដំបូងនៅក្នុងទីក្រុងញូវយ៉ក។

បច្ចុប្បន្ន ក្រុមហ៊ុនតាក់ស៊ីអាកាសជាច្រើន រួមទាំង Joby ផងដែរ កំពុងប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីទទួលបានការយល់ព្រមផ្នែកច្បាប់ និងឈានទៅធ្វើអាជីវកម្មជាលក្ខណៈពាណិជ្ជកម្ម ។ ការផ្លាស់ប្តូរនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុងដែលមានល្បឿនលឿន ចៀសផុតពីការកកស្ទះចរាចរណ៍ និងមាននិរន្តរភាព (មិនបំភាយកាបូន) ដល់បរិស្ថាន ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>