មនុស្ស១ក្រុមតាំងខ្លួនជាគ្រូពេទ្យ ជិះឡានចុះពិនិត្យរោគពលរដ្ឋដល់ផ្ទះឥតគិតថ្លៃ និងលក់ថ្នាំព្យាបាល ចុងក្រោយទើបដឹងថា បោកប្រាស់ ត្រូវពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មនុស្សមួយក្រុម ពាក់អាធំៗយ៉ាងសង្ហា ជាមួយរថយន្តមួយគ្រឿង ដែលប្រកាសខ្លួនឯងថា ជាក្រុម«គ្រូពេទ្យ» តែងចុះពិនិត្យរោគជូនប្រជាពលរដ្ឋតាមផ្ទះ«ឥតគិតថ្លៃ»នៅតាមចុងកាត់មាត់ញក និងចុងក្រោយលក់ថ្នាំព្យាបាលឲ្យប្រពលដ្ឋ ហើយត្រូវពលរដ្ឋមួយចំនួនសង្ស័យថា ជាក្រុម «គ្រូពេទ្យបោកប្រាស់» ពេលនេះ ត្រូវប្រជាពលរដ្ឋតាមរកឃើញ និងស្ទាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែកក្កដានេះ នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដើម្បីយកទៅសួរនាំ ។

បើតាមប្រជាពលរដ្ឋបាននិយាយថា មនុស្សមួយក្រុមដែលអះអាងថា ពួកខ្លួនជា «គ្រូពេទ្យ» ចល័ត តែងជិះរថយន្តចុះពិនិត្យសុខភាពប្រជាពលរដ្ឋ «ហ្វ្រី» នៅតាមផ្ទះ តាមភូមិតាមឃុំឆ្ងាយៗ ហើយចុងក្រោយលក់ថ្នាំឲ្យប្រជាពលរដ្ឋយកទៅព្យាបាលនោះ ពេលនេះត្រូវអ្នកភូមិដែលធ្លាប់រងគ្រោះ ធ្លាប់ចាញ់បោក ប្រទះឃើញបង្ហាញមុខជាថ្មី នៅក្នុងភូមិសាស្ត្រ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក៏នាំគ្នាជិះម៉ូតូដេញតាមស្ទាក់ឃាត់ប្រគល់ជូនសមត្ថកិច្ចតែម្ដង ។
ប្រភពបានឲ្យដឹងទៀតថា ពួកគេមានគ្នា០៣នាក់ ប្រុសផង ស្រីផង ពាក់អាវធំៗ ជិះរថយន្តមួយគ្រឿងម៉ាក កាមរី(ឆ្លាម) ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ប៉ៃលិន 2A-0886 ។
ក្រុមនេះត្រូវបានអ្នកភូមិស្ទាក់បាន នៅពេលពួកគេជិះរថយន្តចូលក្នុងភូមិ ហើយព្យាយាមលក់ថ្នាំព្យាបាល បន្ទាប់ពីពិនិត្យជំងឺ«ឥតគិតថ្លៃ»ជូនពលរដ្ឋ ។ មូលហេតុដែលអ្នកភូមិនាំគ្នាស្ទាក់ឃាត់ ដោយសារតែពួកគេធ្វើសកម្មភាពគួរឲ្យសង្ស័យដូចសព្វដង ។ អ្នកភូមិនិយាយថា កន្លងទៅ ក្រុមនេះ បានជិះរថយន្តចូលភូមិ ហើយតាំងខ្លួនឯងជាក្រុមគ្រូពេទ្យ ។ ក្រុមនេះ ប្រើប្រាសម៉ាស៊ីនឆ្លុះ វិនិច្ឆ័យរោគគ្រប់ប្រភេទ ដល់អ្នកជំងឺ«ឥតគិតថ្លៃ» តែចុងក្រោយប្រកាសលក់ថ្នាំព្យាបាលឲ្យអ្នកជំងឺក្នុងតំលៃទៅតាមប្រភេទជំងឺជាក់ស្ដែង ។
ប៉ុន្តែក្រោយពីប្រើប្រាស់ថ្នាំអស់ គ្មានអ្នកជំងឺណាម្នាក់បានធូរស្រាលពីជំងឺទេ ។ ដូច្នេះហើយទើបប្រជាពលរដ្ខដែលធ្លាប់ត្រូវក្រុមគ្រូពេទ្យនេះពិនិត្យដាក់ការសង្ស័យថា មនុស្សមួយក្រុមនេះ គឺជាក្រុម«គ្រូពេទ្យ»ក្លែងបន្លំ លុះប្រទះឃើញក្រុមនេះ ជិះរថយន្តចូលភូមិបង្ហាញមុខជាថ្មី ទើបនាំគ្នាស្ទាក់កាក់សួរនាំ និងប្ដឹងទៅសមត្ថកិច្ចឲ្យនាំខ្លួនក្រុមនេះ ទៅសួរនាំតែម្ដងទៅ ។

មនុស្សមួយក្រុមដែលតាំងខ្លួនជាក្រុមគ្រូពេទ្យចុះពិនិត្យជំងឺ «ឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋតាមភូមិនេះ ត្រូវបានមន្ត្រីមូលដ្ឋាន នាំយកទៅកាន់អធិការក្រុងបាត់ដំបង ដើម្បីសួរនាំ ។ ប៉ុន្តែគិតត្រឹនម៉ោង៣រសៀលថ្ងៃទី០១ កក្កដានេះ កោះសន្តិភាព មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីក្រុមគ្រូពេទ្យដែលរងការចោទប្រកាន់ពីពលរដ្ឋនោះបាននៅឡើយទេ ។ ហើយក៏មិនទាន់ទទូលបានព័ត៌មានបឋមណាមួយពីមន្ត្រីជំនាញនៃអធិការក្រុងបានដែរ។ ព្រោះមន្ត្រីជំនាញបាននិងកំពុងសាកសួរ ក្រុមគ្រូពេទ្យដែលគ្មានប្រវត្តិច្បាស់លាស់នោះនៅឡើយ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្លាប់ដឹងពីប្រវត្តិខ្លះៗនៃក្រុមគ្រូពេទ្យចល័ត ចុះពិនិត្យជំងឺ«ឥតគិតថ្លៃ»ជូនពលរដ្ឋដល់ផ្ទះ ដើម្បីលក់ថ្នាំព្យាបាលខាងលើនេះ ពួកគេស្នាក់នៅម្ដុំបុរីខាងជើងផ្សារទំនើប «ភូពុយ» ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ។ ប្រភពបានរំលឹកថា កន្លងមក ក្រុមនេះធ្លាប់ត្រូវបានសមត្ថកិច្ចស្រុកឯងភ្នំ ឃាត់សួរនាំម្ដងហើយ ពីរឿងពិនិត្យជំងឺ«ឥតគិតថ្លៃ» ហើយលក់ថ្នាំព្យាបាល ។
កាលនោះ គេគ្រាន់តែបង្គាប់ឲ្យក្រុមគ្រូពេទ្យគ្មានទីតាំងនេះ ធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពដែលគេសង្ស័យថា ជាទង្វើ «បោកប្រាស់» នោះប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេឃើញក្រុមនេះនៅតែជិះរថយន្តធ្វើសកម្មភាពបែប «បោកប្រាស់» ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដដែល ។ ពួកគេបានប្រើប្រាស់ឧបករណ៍ ឬម៉ាស៊ីនឆ្លុះអ៊ីកូឧបករណ៏ពិនិត្យជំងឺ ឬវិនិច្ឆ័យរោក «ហ្វ្រី» ជូនពលរដ្ឋដោយមិនគិតថ្លៃទេ តែពួកគេលក់ថ្នាំព្យាបាលឲ្យអ្នកជំងឺថ្លៃកប់ក្ដោង ។ រីឯអ្នកជំងឺនៅតែ«ឈឺ»ដដែល ។
ប្រជាពលរដ្ឋស្នើឲ្យសមត្ថកិច្ចសួរនាំពីសាវតាមនុស្សមួយក្រុមនេះឲ្យបានហ្មត់ចត់ ។ ជាពិសេស មន្ទីរសុខាភិបាលខេត្ត ឬក្រសួង គួរតែត្រូតពិនិត្យ ឬសួរនាំលើមនុស្សមួយក្រុមនេះ តើពួកគេជាក្រុមគ្រូពេទ្យមែនទេន ឬគ្រូពេទ្យក្លែងបន្លំ ? ព្រោះបើតាមប្រភពនានាថា មានពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនបានរងគ្រោះចាញ់បោកក្រុមគ្រូពេទ្យដែលមានប្រវត្តិមិនច្បាស់លាស់នេះច្រើនណាស់ ។
ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋមដែលកោះសន្តិភាពទទួលបានពីប្រជាពលរដ្ខមួយចំនួន ចំពោះព័ត៌មានពិស្ដាយើងអាចនឹងដឹង ក្រោយសមត្ថកិច្ចបញ្ចប់ការសួរនាំ និង ធ្វើការស្រាវជ្រាវ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ