ចាប់ខ្លួនម្ចាស់ហាងកែសម្ផស្ស ធា.ក់អ្នករត់កង់បី ដាច់ផ្ងារទៅក្រោយស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី ដែលត្រូវបានម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្សអិន១៦៨ ប៊ីយូធីនិងស្បា ប្រើហិង្សាដោយធាក់ដាច់ផ្ងារទៅក្រោយបោកក្បាលរបួសធ្ងន់បន្ទាប់ពីមានទំនាស់គ្នារឿងចតម៉ូតូកង់បីនៅមុខហាង ពេលនេះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ គួររំលឹកថា អ្នករត់ម៉ូតូកង់បីដែលត្រូវម្ចាស់ហាងថែសម្ផស្ស«អិន១៦៨ ប៊ីយូធី» ធាក់ដាច់ផ្ងារទៅក្រោយ បានស្លាប់ហើយ
អ្នករត់ម៉ូតូកង់បីដែលបានស្លាប់ដោយការប្រើហិង្សានេះឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួលលេខ៧ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះតាន់ ប៊ុនថា ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្សអិន ១៦៨ ប៊ីយូធី និងស្បា មានទីលំនៅផ្ទះជួលលេខ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីនគរបាលជំនាញបានឱ្យដឹងថា អំពើហិង្សាមានស្ថានទម្ងន់ទោសបណ្ដាលឲ្យជនរងគ្រោះមរណភាពនេះបានកើតឡើងនៅវេលាម៉ោង២០ និង៥៦នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នៅចំណុចមុខផ្ទះលេខ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយបានស្លាប់នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះលេខ១៥ ផ្លូវលេខ១៥៩ ភូមិទី៥ សង្កាត់អូឡាំពិក បន្ទាប់ពីចេញពីមន្ទីរពេទ្យព្រះអង្គឌួង។ ក្នុងនោះបន្ទាប់ពីគ្រូពេទ្យកោសល្យវិច័យត្រួតពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ និងជនសង្ស័យជាម្ចាស់ហាងបានឈ្លោះប្រកែកគ្នា ដោយសារតែរឿងអ្នករត់ម៉ូតូកង់បីបានចត នៅមុខហាងជនសង្ស័យធ្វើឲ្យចូលរថយន្តមិនរួច ។ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីជនសង្ស័យដែលជាម្ចាស់ហាងបានលោតធាក់ជនរងគ្រោះ បណ្ដាលឲ្យដាច់ផ្ងារទៅក្រោយរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គឌួង ។
ដោយសារស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចសង្គ្រោះបាន និងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨និង០០នាទី ម្តាយជនរងគ្រោះសុំពេទ្យចេញមកផ្ទះក៏បានស្លាប់បាត់បង់ជីវិតទៅ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ