ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ពន្ធនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងដោយខុសច្បាប់ កើតឡើងនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ១៤៩៣ អ.ក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដែលមានទាក់ទងនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងដោយខុសច្បាប់ ដែលបង្កឡើងដោយជនត្រូវចោទចំនួន៣នាក់ បានជិះរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BU.5414 បានធ្វើសកម្មភាពចាប់ខ្លួនទៅលើជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង ចេញពីផ្ទះស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចាប់ក្របួច.កអាវជនរងគ្រោះ ដាក់ចូលទៅក្នុងឡាន និងប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ បន្ទាប់មកបានរួមដំណើរជាមួយជនរងគ្រោះ តាមកំពង់ចម្លងស្វាយជ្រំ លុះជិតដល់ត្រើយម្ខាងជ្រោយចង្វារ ស្រាប់តែជនរងគ្រោះ បានសុំចុះពីលើរថយន្ត ដើម្បីបត់ជើងតូច ខណៈពេលនោះ ជនរងគ្រោះក៏បានលោតចុះពីលើទូកដរ ចូលក្នុងទឹកបាត់ដំណឹងតែម្តង។
ទើបដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញសាកសពជនរងគ្រោះអណ្តែត នៅចំណុចមាត់ច្រាំងទន្លេមេគង្គ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានពិនិត្យទៅឯកសារ នឹងភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ៣នាក់ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធី។ អាស្រាយដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ