ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាឲ្យសមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ស្ត្រី​ដែល​វាយ​នារី​ម្នាក់ រួច​បង្ហោះ​វី​ដេ​អូ​លើ​បណ្ដាញ​សង្គម

47 នាទី មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជន​ដៃដល់ ដែល​បាន​ប្រើ​អំពើ​ហិង្សា ដោយ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់ ហើយ​បង្ហោះ​វី​ដេ​អូ​នៅ​ក្នុង​បណ្ដាញ​សង្គម​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​នគរបាល​ជំនាញ កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ឃាត់ខ្លួន​មក​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជូន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

អំពើ​ហិង្សា​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​កើតឡើង​តាំងពី​កំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​ទើបតែ​បែកធ្លាយ​វី​ដេ​អូ នៅ​ក្នុង​បណ្ដាញ​សង្គម ។

ជន​ដៃដល់ ដែល​ប្រើ​អំពើ​ហិង្សា​នេះ ត្រូវ​បាន​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ឈ្មោះ ដេ​វ៉ា ឌី​ណា ភេទ​ស្រី (​ជា​ធី​មកា​ហ្វេ​កុង​) មាន​លំនៅ​ក្នុងភូមិ​ទី​៣ សង្កាត់​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌឫស្សីកែវ ដែល​ជា​កន្លែង​កើតហេតុ ។

តាម​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ដោយសារ​តែ​ជន​ដៃដល់ ខឹង​ខ្លួន បាន​ស៊ែរ​វី​ដេ​អូ​រថយន្ត​អវតា ដែល​ត្រូវ​បាន​គេ​គប់​នឹង​វា​បំផ្លាញ និង​បាន​ប្រើ​ពាក្យ​ពុំ​សមរម្យ ។

ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ខ្លួន នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​រថយន្ត​អវតា បើក​កៀរ ហើយ​ក្រោយមក ត្រូវ​បាន​គេ​ដេញ​វាយ និង​គប់​រថយន្ត​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម ខ្លួន​ក៏​បាន​ស៊ែរ​វី​ដេ​អូ និង​បាន​ប្រើ​ពាក្យ​ពុំ​សមរម្យ​។ លុះ​ក្រោយមក ក៏​បានដឹង​ទៅ​បងប្អូន​របស់​ជន​ដៃដល់ បាន​ទាក់ទង​ហៅ​ខ្លួន ទៅ​ផ្ទះ​នៅ​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌឫស្សីកែវ​។ ដោយសារ​តែ​ខ្លួន ត្រូវ​បាន​គេ​គំរាម​ប្ដឹង ក៏​បាន​ឯកភាព​ទៅ​តាម​ការ​ណាត់ ។

ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ទៅ​ដល់ ជន​ដៃដល់ ក៏​បាន​វាយ​ដុំ ដោយ​ចោទ​ថា ខ្លួន​បាន​ជេរ និង​គប់​ឡាន​បង និង​បាន​ប្ដឹង​សមត្ថកិច្ច ហៅ​នាង​ទៅ​សាកសួរ​ទៀត ។

ស្ត្រី​រង​គ្រោះ ក៏​បាន​បញ្ជាក់​ទៀត​ថា មុន​ដំបូង ខ្លួន​ពុំ​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ដោយសារ​តែ​ពេល​ថ្មី​ៗ​នេះ បាន​បែកធ្លាយ​នូវ​វី​ដេ​អូ អំពើ​ហិង្សា ទើប​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ។

តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ករណី​ហិ​.​ង្សា​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ រួច​ហើយ​។ បច្ចុប្បន្ន ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ស្ត្រី ដែល​ប្រើ​អំពើ​ហិ​.​ង្សា​នោះ​ហើយ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​វេលា ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦ ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ហើយ សមត្ថកិច្ច កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ឃាត់ខ្លួន​ស្ត្រី​ជា​ជន ដែល​ដល់​រូប​នោះ មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>