ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​ថា​នឹង​ធ្វើ​បុរេ​សកម្ម​កាន់​តែ​ខ្លាំង​ដើម្បី​ឱ្យ​​ឥណ្ឌូ-​ប៉ា​ស៊ី​ហ្វិច​មាន​ភាព​សេរី និង​បើក​ទូលាយ

3 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​សច្ចា​ថា​នឹង​ខិត​ខំ​​​ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​មាន​ភាព​សេរី និង​បើក​ទូលាយ​។ លោក​ស្រី​ថ្លែង​​ដូច្នេះ​នៅ​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​សាស្ត្រ​តំបន់។ យុទ្ធ​សាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ី​ហ្វិច​នេះ​​ធ្វើ​ឱ្យ​ប្រទេស​ចិន​មាន​កំហឹងមិន​តិច​នោះ​ទេ​​​។ ​លោក​ស្រី​តាកា​អ៊ីឈិ​​​​បញ្ជាក់​ជា​ថ្មី​ថា​​​​ប្រទេស​ជប៉ុន​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​នូវ​អ្វី​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​​​។ នោះ​គឺ​ការ​ដើរ​តួ​នាទី​បែប​បុរេ​សកម្ម​ (proactive)…

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​សច្ចា​ថា​នឹង​ខិត​ខំ​​​ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​មាន​ភាព​សេរី និង​បើក​ទូលាយ​។ លោក​ស្រី​ថ្លែង​​ដូច្នេះ​នៅ​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម​ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​សាស្ត្រ​តំបន់។ យុទ្ធ​សាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ី​ហ្វិច​នេះ​​ធ្វើ​ឱ្យ​ប្រទេស​ចិន​មាន​កំហឹងមិន​តិច​នោះ​ទេ​​​។ ​លោក​ស្រី​តាកា​អ៊ីឈិ​​​​បញ្ជាក់​ជា​ថ្មី​ថា​​​​ប្រទេស​ជប៉ុន​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​នូវ​អ្វី​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​​​។ នោះ​គឺ​ការ​ដើរ​តួ​នាទី​បែប​បុរេ​សកម្ម​ (proactive) កាន់​តែ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​ក្នុង​ការ​កសាង​សណ្ដាប់​ធ្នាប់​ពិភព​លោក​ដែល​ផ្អែក​ទៅ​លើ​សិទ្ធិ​សេរី​ភាព, ការ​បើក​ទូលាយ​, ពហុ​និយម, បរិយាប័ន្ន​ (inclusive) និង​វិធាន​ជា​គោល​។

លោក​ស្រី​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​បទ​បាឋ​កថា​ដែល​រៀប​ចំ​នៅ​សាកល​វិទ្យា​ល័យ​ទី​ក្រុង​ហា​ណូយ​។ នៅ​ក្នុង​ស្ថាន​ភាព​​​ដែលប្រទេស​មហា​អំណាច​​​ប្រទាញ​ប្រទង់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ និង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​បច្ចេក​វិទ្យា​​វិវត្ត​​កាន់​តែ​ខ្លាំង​ឡើង​ៗ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​សូម​ឆ្លៀតឱកាស​នេះ​អំពាវ​នាវ​ទៅ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ខិត​ខំ​រក្សា​ភាព​​ធន់ (resilience) ​របស់​ខ្លួន​ និង​មាន​ភាព​ឯក​រាជ្យ​-​ម្ចាស់​ការ​ក្នុង​កំណត់​ជោគ​វាសនា​-​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ (និយាយ​ដោយ​​សាមញ្ញ​ថា​ «កុំ​រស់​ពឹង​លើ​ដង្ហើម​គេ​ដក​»)។

ជប៉ុន​ និង​វៀតណាម​មាន​បញ្ហា​ជា​មួយ​ប្រទេស​ចិន​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​បូរណ​ភាព​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រវាង​ចិន និង​វៀតណាម) និង​នៅ​សមុទ្រ​ចិន​ខាង​កើត​ (រវាង​ចិន និង​ជប៉ុន)។ ម៉្យាង​ទៀត​ ប្រទេស​ទាំង​២​ក៏​កំពុង​ខិតខំ​ទប់​ទល់​នឹង​បញ្ហា​​រាំង​ស្ទះ​​ផ្នែក​ពា​ណិជ្ជ​កម្ម​ដោយ​សារ​នយោ​បាយ​ដំឡើង​ពន្ធ​របស់​អាមេរិក​។ ហេតុ​នេះ ប្រទេស​ទាំង​២​ខិត​ខំ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ និង​សន្តិ​សុខ​ជាតិ​ជា​មួយ​គ្នា​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ផ្លូវ​ដើរ​របស់​ជប៉ុន និង​វៀតណាម​ហាក់​ដូច​ជា​មិន​ដូច​គ្នា​សុទ្ធ​សាធ​នោះ​ទេ​។ បើ​ទុក​ជា​ប្រទេស​ដទៃ​បបួល​វៀតណាម​​ដើម្បី​ព្រួត​​គ្នា​វាយ​ចិន​ក៏​ដោយ ​ក៏​វៀតណាម​មិន​ចង់​លេង​តាម​ផ្លូវ​ហ្នឹង​ទេ​ព្រោះ​វា​គ្រោះ​ថ្នាក់​សម្រាប់​ខ្លួន​។

ជា​រួម​ វៀតណាម​ប្រើ​យុទ្ធ​សាស្ត្រ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំ​ណាច​ទាំង​អស់​មិន​ថា​រុស្ស៊ី ចិន អាមេរិក ឬ​អឺរ៉ុប​នោះ​ទេ​។ ខាង​ណា​ក៏​ដោយ​ឱ្យ​តែ​បាន​ផល​ប្រយោជន៍​គឺ​វៀតណាម​​ស្រប​តាម​ទាំង​អស់​​។ ប៉ុន្តែ​មិន​លក់​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ដាច់​ខាត​។ បែប​នេះ​គេ​មិន​ហៅ​ថា​ពស់​ក្បាល​ពីរ ឬ​ឆ្អិន​ក្បាល​កាច់​ក្បាល ឆ្អិន​កន្ទុយ​កាច់​កន្ទុយ​​នោះ​ទេ​។ ប៉ុន្តែ​​វា​ជា​សិល្បៈ​នយោ​បាយ​មួយ​បែប​។ នៅ​ក្នុង​នយោ​បាយ​ការ​បរទេស​គ្មាន​មិត្ត​ គ្មាន​សត្រូវ​ទេ គឺ​មាន​តែ​ការ​ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​ជាតិ​តែ​ប៉ុណ្ណោះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ