ទីក្រុងតេអេរ៉ង់៖ ហាក់ដូចជាមិនចង់បញ្ចប់សង្គ្រាមឬយ៉ាងណា? ថ្ងៃនេះ អ៊ីរ៉ង់បញ្ជូនដ្រូនទៅវាយប្រហារប្រទេសអារ៉ាប៊ីសាអូឌីត និងគូវែត ខណៈដែលលោកត្រាំឱ្យសញ្ញាថាសង្គ្រាមអ៊ីរ៉ង់មិនយូរទេ អាចនឹងបិទបញ្ចប់ទៅវិញនាពេលឆាប់ៗនេះ។ គួរកត់សម្គាល់ថាការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់លើកនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីប្រទេសនេះប្រកាសសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រទេសនានានៅមជ្ឈិមបូព៌ាដែលយោធាអ៊ីរ៉ង់បានវាយប្រហារកាលពីពេលកន្លងមក។

កាលនោះ លោកថាកងទ័ពអ៊ីរ៉ង់បានទទួលបញ្ជារួចហើយ មិនត្រូវវាយប្រហារទៅលើប្រទេសដទៃ (នៅមជ្ឈិមបូព៌ា) មុនទេ លើកលែងតែអ៊ីរ៉ង់ទទួលរងការវាយប្រហារពីប្រទេសទាំងនោះសិន។ នៅក្នុងស្ថានភាពដែលសភាពការណ៍ហាក់ដួចជាមិនច្បាស់លាស់ អ៊ីរ៉ង់និយាយផ្សេង លោកត្រាំនិយាយផ្សឹងបែបនេះ ទីផ្សារពិភពលោកក៏ចាប់ផ្ដើមរេចុះរេឡើង។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងដែលហោះនៅលើដែនអាកាសភាគខាងកើតដែលជាតំបន់សម្បូរប្រេងរបស់ខ្លួន។

ចំណែកគូវែតថ្លែងថាខ្លួនក៏បានបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងផងដែរដែលហោះទៅតំបន់ភាគខាងជើង និងខាងត្បូង។ ការវាយប្រហាររបស់អ៊ីរ៉ង់ថ្មីបំផុតទៅលើបណ្ដាប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រនោះកើតឡើងបន្ទាប់ពីលោកត្រាំទើបតែប្រកាសប្រាប់ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋកាលពីយប់មិញថាសង្គ្រាមអ៊ីរ៉ង់នឹងបិទបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ និយាយមិនទាន់បានប៉ុន្មានម៉ោងផង លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាបើអ៊ីរ៉ង់នៅតែបន្តបិទច្រកហ័រម៉ូសបែបនេះទៀត លោកនឹងបញ្ជាឱ្យវាយប្រហារលើសមុនម្ភៃដង។

ជាការឆ្លើយតប អ្នកនាំពាក្យឆ្មាំបដិវត្តអ៊ីរ៉ង់ លោកអាលី មហាម៉ាត់ ណាអ៊ីឌី (Ali Mohammad Naidi) ថ្លែងថាអ្នកដែលមានសិទ្ធិសម្រេចថាសង្គ្រាមនេះចប់នៅពេលណាគឺអ៊ីរ៉ង់។ ទីផ្សារមូលប័ត្ររបស់អាមេរិកចាប់ផ្ដើមប្រែប្រួលយ៉ាងគំហុកនៅក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រេងឆៅដែលធ្លាប់ហក់ឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែលបានធ្លាក់មកនៅ៩០ដុល្លារវិញ។ ដោយឡែក ក្រឡេកទៅមើលចំនួនអ្នកស្លាប់ដោយសារសង្គ្រាមនេះវិញ។ នៅអ៊ីរ៉ង់ស្លាប់កើនឡើងដល់១២៣០នាក់, លីបង់ស្លាប់កើនដល់៣៩៧នាក់ និងអ៊ីស្រាអែលស្លាប់កើនដល់១១នាក់៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ