ខេត្តកំពង់ចាម ៖ គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យដីលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដោយសារតែម្ចាស់ដីបានសាងសង់សំណង់រឹងមាំ គឺរបងបេតុងរំលោភចូលដីចំណីទន្លេ ហើយដីនេះ មិនមានប្លង់ថែមទៀត អាជ្ញាធរបានដាក់ឱសានវាទរយៈពេល៧ថ្ងៃ តម្រូវឲ្យម្ចាស់វាយរបងថ្មចេញវិញ ។

បើមិនស្ដាប់ការណែនាំរបស់អភិបាលស្រុកនោះនឹងចាត់វិធានការតាមច្បាប់ ។ ទើបតែមកដល់រសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២៦ ដោយក្រុមគណៈកម្មការចម្រុះបានសម្រេចវាយកម្ទេចសំណង់របងនោះចោល ដើម្បីឲ្យមានលក្ខណៈដូចសភាពដើម ។ បើគិតពីការដាក់ឱសានវាទវិញ គឺលើសពេលរហូតដល់ជាងមួយខែ ដោយសារតែម្ចាស់មិនព្រមរុះទើបគណៈកម្មការចម្រុះសម្រេចវាយកំទេច ដើម្បីរក្សាសោភ័ណភាពមាត់ទន្លេផងដែរ។

គួររំលឹកថា អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ប្រាប់ឲ្យដឹងតាមទូរសព្ទ កាលពីល្ងាចថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៦ថា ដោយសារតែមើលឃើញដីលំនៅឋានមួយកន្លែង បានសង់បំពានច្បាប់នោះ លោក ទុន ណេត អភិបាលស្រុកកំពង់សៀម លោក ជឹង ម៉េងហុង អភិបាលស្រុក លោកនាយករងរដ្ឋបាលស្រុក មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ ចុះពិនិត្យទីតាំងដីធ្វើរបងដោយគ្មានលិខិតអនុញ្ញាត និងសាងសង់ចូលដីចំណីទន្លេរបស់ម្ចាស់ដី ឈ្មោះ លីម ជាម៉េង នៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ដែលសកម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣ កុម្ភៈ ២០២៦ ។

មេឃុំកៀនជ្រៃបានបន្តឲ្យដឹងទៀតថា កន្លងមក ម្ចាស់ទីតាំងដីនេះ បានឱ្យឡានចាក់ដីចូលទីតាំងរបស់ខ្លួនថែមទាំងបានរៀបចំខឿនបេតុងផ្នែកខាងក្រោយដីទៀត ឃើញបែបនេះបានហៅម្ចាស់មកធ្វើកិច្ចសន្យានៅសាលាឃុំកៀនជ្រៃម្ដងរួចមកហើយ ។ តែក្រោយមក ម្ចាស់ដីនោះ នៅតែបំពានមិនស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក៏ត្រូវបានហៅទៅធ្វើកិច្ចសន្យានៅសាលាស្រុកកំពង់សៀមម្ដងទៀត ។

លុះមកដល់ពេលថ្មីៗនេះ ស្រាប់តែម្ចាស់ដីបានធ្វើរបងថ្មបេតុងព័ទ្ធជុំវិញដី ដែលពុំមានច្បាប់និងផ្នែកខាងក្រោយសង់ប៉ះពាល់ដីចំណីទន្លេ ក៏ត្រូវបានលោកអភិបាលស្រុកដឹកនាំមន្ត្រីជំនាញចុះមកធ្វើកិច្ចសន្យាលើកចុងក្រោយ ដោយទុកពេលឱ្យម្ចាស់ដីប្រាំពីរថ្ងៃធ្វើយ៉ាងណាវាយកំទេចរបងថ្មចោលវិញ ។ ជាមួយនោះ បើសិនម្ចាស់ដីមិនធ្វើតាមអាជ្ញាធរនិងចាត់វិធានការតាមច្បាប់ ។
អ្នកស្រីមេឃុំកៀនជ្រៃបញ្ជាក់ថា សម្រាប់ដីលំនៅឋានរបស់ពលរដ្ឋនៅភូមិកៀនជ្រៃក្រៅ ដែលមានផ្ទះនៅប្របតាមដងទន្លេមេគង្គ គឺមានចំនួនប្រមាណ៥០ ទៅ៦០គ្រួសារ ដែលភូមិបាលស្រុកកំពង់សៀម មិនធ្វើប្លង់កម្មសិទ្ធិដីធ្លីជូននោះទេ ។ ដោយសារតែការពិនិត្យមើលឃើញថា ច្បាប់ថ្មី ដីលំនៅឋានចាប់ពី៥០ម៉ែត្រពីមាត់ទន្លេ ទើបអនុញ្ញាតធ្វើប្លង់ជូន។

កត្តានេះ បានបង្កឲ្យមានផលវិបាកបើពលរដ្ឋចង់ខ្ចីលុយធនាគារឯកជនក៏ខ្ចីមិនបាន ព្រោះកាលណាខ្ចីលុយត្រូវមានតម្កល់ប្លង់ផ្ទះ ។ អភ័ព្វអីតែអ្នកភូមិកៀនជ្រៃក្រៅ ចំណែកអ្នកនៅឃុំរអាង ស្រុកកំពង់សៀម ដែលមានផ្ទះនៅតាមជួរដងទន្លេដូចគ្នា គេធ្វើប្លង់កម្មសិទ្ធិជូន(មុនច្បាប់ថ្មីបានចែង) រាល់ថ្ងៃអ្នកភូមិកៀនជ្រៃក្រៅ ត្រូវរស់នៅរក្សាសភាពដើមប៉ុណ្ណាគឺនៅប៉ុណ្ណឹង ។
សូមបញ្ជាក់ថា ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមនិងសហការីបានអញ្ជើញចុះមកពិនិត្យផ្ទាល់នៅទីតាំងរំលោភដីចំណីទន្លេនាថ្ងៃទី៩ មីនា ឆ្នាំ២០២៦។ រហូតមកដល់រសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២៦ សំណង់ខុសច្បាប់នេះ ត្រូវបានគណៈកម្មការចម្រុះបានយកគ្រឿងចក្រមកវាយកម្ទេចរបងអោយមានលក្ខណៈដូចសភាពដើម ដើម្បីជាការព្រមានដល់អ្នកផ្សេងទៀត កុំឲ្យធ្វើបែបនេះ។

ចែករំលែកព័តមាននេះ