ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​គីម​ជុង​អ៊ុន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​ការ​ធ្វើ​សមយុទ្ធ​យោ​ធា​របស់​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

4 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ ថ្ងៃ​នេះ ប្អូន​ស្រី​គីម​ជុង​អ៊ុន​ចេញ​សារ​ព្រមាន​ធ្ងន់​ៗទៅ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ដែល​កំពុង​ធ្វើ​សមយុទ្ធ​​យោធា​កក្រើក​ព្រះ​ធរណី​ដោយ​ប្រើ​ប្រាស់​យុទ្ធោប​ករណ៍​មាន​តាំង​ពី​នាវា​ យន្ត​ហោះ​ និង​កង​ទ័ព​សរុប​ចូល​គ្នា​​ជាង​១,៨​ម៉ឺន​នាក់​។ លោក​ស្រី​គីម​យូ​ជុង​ថ្លែង​ថា​ការ​ធ្វើ​សមយុទ្ធយោធា​នេះ​អាច​នឹង​នាំ​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ សេចក្ដី​ព្រមាន​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា​ «​ខែល​សេរីភាព​- Freedom…

ទី​ក្រុង​ព្យុង​យ៉ាង​៖ ថ្ងៃ​នេះ ប្អូន​ស្រី​គីម​ជុង​អ៊ុន​ចេញ​សារ​ព្រមាន​ធ្ងន់​ៗទៅ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ដែល​កំពុង​ធ្វើ​សមយុទ្ធ​​យោធា​កក្រើក​ព្រះ​ធរណី​ដោយ​ប្រើ​ប្រាស់​យុទ្ធោប​ករណ៍​មាន​តាំង​ពី​នាវា​ យន្ត​ហោះ​ និង​កង​ទ័ព​សរុប​ចូល​គ្នា​​ជាង​១,៨​ម៉ឺន​នាក់​។ លោក​ស្រី​គីម​យូ​ជុង​ថ្លែង​ថា​ការ​ធ្វើ​សមយុទ្ធយោធា​នេះ​អាច​នឹង​នាំ​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​។ សេចក្ដី​ព្រមាន​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា​ «​ខែល​សេរីភាព​- Freedom Shield» ចាប់​ផ្ដើម​កាល​ពី​ម្សិល​មិញ​ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា​ទើប​បញ្ចប់​ទៅ​វិញ​។

លោក​ស្រី​គីម​យូ​ជុង​យល់​​​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ ខណៈ​​ដែល​សន្តិ​សុខ​សាកល​លោក​កំពុង​តែ​ចុះ​ដុន​ដាប​ស្រាប់​ផង ហើយ​ជម្លោះ​ប្រដាប់​អាវុធ​ក៏​កើត​មាន​កាន់​តែ​ច្រើន​។ លោក​ស្រី​អះ​អាង​ថា​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​ និង​ដើម្បី​បង្ហាញ​ថា​ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទប់​ទល់​​​​ជា​មួយ​បច្ចា​មិត្ត​។

ការ​រិះ​គន់​របស់​លោកស្រី​គីម​យូ​ជុង​ដូច​ខាង​លើ​នេះ​មិន​មែន​ឥត​ហេតុ​ផល​នោះ​ឡើយ​។ ប៉ុន្តែ​វា​ស្រប​ទៅ​​នឹង​នយោ​បាយ​ការ​បរទេស​របស់​កូរ៉េ​ខាង​ជើង​ដែល​ចាប់​ផ្ដើម​និយាយ​ពេញ​ៗ​មាត់​អំពី​ «​សង្គ្រាម​ត្រជាក់​» សម័យ​ថ្មី​។ មិន​តែ​ប៉ុណ្ណោះ របប​ក្រុង​ព្យុង​យ៉ាង​ចូល​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន ពោល​គឺមិន​ត្រឹម​តែ​ជួយ​រុស្ស៊ី​ផ្នែក​អាវុធ​យុទ្ធ​ភ័ណ្ឌ និង​កង​ទ័ព​ប៉ុណ្ណោះ​ទេ​ ប្រទេស​ទាំង​២​សច្ចា​ថា​ស៊ូ​ខាំ​ស្មៅ​នៅ​ជា​មួយ​គ្នា​លុះ​គ្រា​អវសាន​​។ គេ​អាច​និយាយ​បាន​ដូច្នេះ​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ចំណែក​ទំនាក់​ទំនង​កូរ៉េ​ខាង​ជើង និង​ចិន​ក៏​ត្រូវ​បាន​ពង្រឹង​បន្ថែម​ផង​ដែរ​។

ប្អូន​ស្រី​លោក​គីម​ជុង​អ៊ុន​កត់​សម្គាល់​ថា​សភាព​ការណ៍​កំពុង​តែ​តាន​តឹង​ស្រាប់​ទៅ​ហើយ​ ​ហើយ​ព្រឹត្តិ​ការណ៍​សាកល​លោក​ចេះ​តែ​កើត​ឡើង​ផ្ទួន​ៗ​គ្នា​។ ឥឡូវ​នេះ ​​កម្លាំង​អមិត្ត​កំពុង​តែ​​ធ្វើ​សម​យុទ្ធ​យោធា​ថែម​ទៀត​។ ដូច្នេះ លោក​ស្រី​យល់​ថា​គេ​មិន​អាច​បែង​ចែក​ដាច់​ពី​គ្នា​​ថា​តើ​សកម្ម​ភាព​មួយ​ជា​​​យុទ្ធ​វិធី​ការ​ពារ​ខ្លួន ឬ​​ជា​ការ​វាយ​ប្រហារ ហើយ​ក៏​មិន​អាច​បែង​ចែក​ដឹង​ថា​តើ​សកម្ម​ភាព​មួយ​ជា​ការ​ធ្វើ​សមយុទ្ធ​យោធាធម្ម​តា​ ឬ​ក៏​ជា​ការ​ត្រៀម​វាយ​ប្រហារ​មក​លើ​ប្រទេស​មួយ​ទៀត​នោះ​ដែរ​។

ក្រុម​អ្នក​វិភាគ​យល់​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​លើក​នេះ​​កើត​ឡើង​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​រសើប​សម្រាប់​កូរ៉េ​ខាង​ជើង​។ ប្រទេស​នេះ​ប្រាកដ​ជា​តាម​ដាន​នូវ​សង្គ្រាម​រវាង​អ៊ីរ៉ង់​ទល់​នឹង​អាមេរិក និង​អ៊ីស្រា​អែល​​ជា​មិន​ខាន​។ ដូច​នេះ​ចង់​ ឬ​មិន​ចង់​ របប​ក្រុង​ព្យុង​យ៉ាង​យល់​ថា​ខ្លួន​មិន​អាច​ពន្លែង​ដៃ​ពី​អាវុធ​នុយ​ក្លេអ៊ែរ​បាន​ឡើយ ត្រូវ​តែ​ខិត​ខំ​ពង្រឹង​បន្ថែម​ទៀត​ បើ​មិន​ដូច្នេះ​ទេ​ ជោគ​វាសនា​មិន​​ខុស​ពី​អ៊ីរ៉ង់​នោះ​ឡើយ។​

ការ​លើក​ឡើង​របស់​លោក​ស្រី​គីម​យូ​ជុង​នៅ​ត្រង់​ចំណុច​ថា «​មាន​តែ​កម្លាំង​យោធា​ទេ​​ជា​ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បំផុត​សម្រាប់​ទប់​ទល់​ជា​មួយ​បច្ចា​មិត្ត» ​វា​ឆ្លុះ​បញ្ចាំង​ថា​កូរ៉េ​ខាង​ជើង​មិន​អាច​បណ្ដោយ​ខ្លួន​ឱ្យ​មាន​វាសនា​ដូច​អ៊ីរ៉ង់​ដែល​កំពុង​​តែ​ត្រូវ​អា​មេ​រិក និង​អ៊ីស្រា​អែល​ព្រួត​គ្នា​វាយ​ប្រហារ​​នោះ​ទេ​។ កូរ៉េ​ខាង​ជើង​ចង់​ផ្ញើ​សារទៅ​ពិភព​លោក​ថា​ខ្លួន​​ត្រូវ​តែ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ជា​ចាំ​បាច់។ បើ​មិន​អីចឹង​ទេ​នឹង​ជួប​នឹង​វាសនា​អាក្រក់​ជា​មិន​ខាន​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​លោក​លីម​ អ៊ូល​ឈូល (Lim Eul-Chul) ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​គ្យុង​ណាម (Kyungnam University)​ និង​ជា​អ្នក​ឯក​ទេស​ខាង​បញ្ហា​កូរ៉េ​ខាង​ជើង​៕​ ប្រភព​៖ រ៉យ​ទ័រ (Reuters), ដឹ អ៊ីន​ឌី​ផឹន​ដឹន (The Independent) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ