វ៉ាស៊ីនតោន៖ ថ្ងៃនេះ ហាងឆេងប្រេងឆៅធ្លាក់តម្លៃវិញហើយ ហើយតម្លៃភាគហ៊ុននៅទ្វីបអាស៊ីក៏មានទឹកមាត់លេបវិញដែរបន្ទាប់ពីលោកត្រាំគ្រាន់តែស្រែកមួយប្រាវថាសង្គ្រាមអ៊ីរ៉ង់នឹងបិទបញ្ចប់នាពេលឆាប់ៗនេះ។ មែនទែនទៅ សង្គ្រាមអ៊ីរ៉ង់ចប់ពេលណាមិនទាន់ដឹងនៅឡើយទេព្រោះភាគីទាំងសងខាងមិនទាន់បង្ហាញសញ្ញាដកថយទាល់តែសោះ។ ជាពិសេស អ៊ីរ៉ង់ប្រហែលជានៅសល់មីស៊ីល និងដ្រូនច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់តតាំងជាមួយអាមេរិក និងអ៊ីស្រាអែល។

ការថ្លែងរបស់លោកត្រាំដូចខាងលើនេះត្រូវគេចាត់ទុកថាជាការព្យាករច្រើនជាង។ ប៉ុន្តែវាបានជះឥទ្ធិពលភ្លាមៗទៅលើតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក។ យោងតាមសន្ទស្សន៍តម្លៃប្រេងតាមហាងឆេងនៅអឺរ៉ុប (Brent) ប្រេងឆៅធ្លាក់ថ្លៃ១០% ពោលគឺ៩០ដុល្លារក្នុងមួយបារ៉ែល (ចំណុះ១៥៩លីត្រ)។ ដូច្នេះឃើញថាចុះច្រើនណាស់បើប្រៀបធៀបនឹងថ្ងៃច័ន្ទដែលប្រេងមួយបារ៉ែលលក់ចេញថ្លៃ១១៩,៥ដុល្លារ។

ដោយឡែក បើគេក្រឡេកទៅមើលសន្ទស្សន៍តម្លៃប្រេងតាមហាងឆេងអាមេរិក (US West Texas) ប្រេងឆៅធ្លាក់ថ្លៃមកនៅ៨៨,៦៥ដុល្លារក្នុងមួយបារ៉ែល មានន័យថាធ្លាក់ថ្លៃ៦,៥%។ ប្រេងឆៅធ្លាក់ថ្លៃបន្ទាប់ពីលោកត្រាំថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ស៊ីប៊ីអែស (CBS) ថាសង្គ្រាមអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ។ ដូច្នេះ ការព្យាករកាលពីមុននេះថាសង្គ្រាមនឹងអូសបន្លាយពេលរហូតដល់បួនប្រាំសប្ដាហ៍នោះគឺជាក់ស្ដែងមិនដូច្នោះទេ។

ក្រោយការថ្លែងដូច្នេះ ឆ្មាំបដិវត្តអ៊ីរ៉ង់និយាយបែបចម្អកទៅវិញថាអ្នកសម្រេចចិត្តបិទបញ្ចប់សង្គ្រាមនៅពេលណាគឺអ៊ីរ៉ង់ មិនមែនអាមេរិកទេ។ ឆ្មាំបដិវត្តថាខ្លួននឹងបិទខ្ទប់មិនឱ្យប្រេងសូម្បីតែមួយលីត្ររបូតចេញពីតំបន់មជ្ឈិមបូព៌ាជាដាច់ខាតបើសិនអាមេរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារមកលើខ្លួន។ មិនយូរប៉ុន្មាន លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថាបើសិនអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្រហ័រម៉ូសមិនឱ្យកប៉ាល់ដឹកប្រេងចេញ-ចូលបាន លោកនឹងបង្កើនការវាយប្រហារលើសមុនម្ភៃដង។ លោកថាលោកធ្វើនេះជាការផ្ដល់កាដូជូនប្រទេសចិន និងប្រទេសដទៃទៀតដែលប្រើប្រាស់ច្រកសមុទ្រហ័រម៉ូស។

តាមពិត ប្រេងចាប់ផ្ដើមធ្លាក់ថ្លៃតាំងពីមុនពេលលោកត្រាំប្រកាសតាមទូរទស្សន៍ទៅទៀត។ ពោលគឺបន្ទាប់ពីលោកត្រាំ និងលោកពូទីនសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់មិញ និងផ្ដោះប្ដូរយោបល់គ្នាថាត្រូវតែរកវិធីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឱ្យបានឆាប់។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីជំនួយការលោកពូទីន។ ក្រោយការសន្ទនាគ្នានោះ លោកត្រាំថ្លែងថាទណ្ឌកម្មសេដ្ឋកិច្ចដែលកំពុងដាក់ទៅលើប្រទេសខ្លះនឹងត្រូវលុបចោលវិញដើម្បីឱ្យពួកគេមានឱកាសនាំចេញប្រេង។ គេរំពឹងថាចំណាត់ការនេះអាចនឹងបន្ធូរដៃខ្លះៗសម្រាប់រុស្ស៊ីនាំចេញប្រេងឆៅ៕ ប្រភព៖ ដឹ អ៊ីនឌីផឹនដឹន (The Independent) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ